​ភ្នំពេញ៖ ក្នុង​សន្និសីទ​សារព័ត៌មាន​នាពេល​ថ្មីៗ​នេះ ជាមួយ​ក្លឹប​អ្នកកាសែត​កម្ពុជា (CCJ) ឯកអគ្គរដ្ឋទូត​ឥណ្ឌូនេស៊ី​ប្រចាំ​កម្ពុជា លោក Santo Darmosumarto បាន​សង្កត់ធ្ងន់​លើ​សក្តានុពល​នៃ​ការកើនឡើង​ពាណិជ្ជកម្ម​អង្ករ​រវាង​ប្រទេស​ទាំងពីរ ខណៈពេលដែល​បានលើកឡើង​ពី​បញ្ហា​ប្រឈម​ជុំវិញ​តម្លៃ​ប្រកួតប្រជែង និង​ថ្លៃ​ដឹកជញ្ជូន​។​

ឥណ្ឌូណេស៊ី ​ជា​ប្រទេស​ផលិត​អង្ករ​ធំ​មួយ រក្សា​ស្តុក​អង្ករ​យ៉ាងច្រើន​សម្រាប់​ការប្រើប្រាស់​ក្នុងស្រុក​។​ ​ទោះជា​យ៉ាងណាក៏ដោយ ជាមួយនឹង​ចំនួន​ប្រជាជន​ជិត ៣០០​ លាន​នាក់ ប្រទេស​នេះ​នៅតែ​បន្ត​ត្រូវការ​តម្រូវការ​អង្ករ​មួយចំនួន ជាពិសេស​ពី​ដៃគូ​ពាណិជ្ជកម្ម​ក្នុង​តំបន់​របស់ខ្លួន​។

យោងតាម​សភាពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី​នៅ​កម្ពុជា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រជាជាតិ​ទាំងពីរ​មាន​ភាពប្រសើរ​ឡើងជា​លំដាប់ ដោយ​សភា​ឥណ្ឌូនេស៊ី​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​ការពង្រីក​កិច្ចសហប្រតិបត្តិការ​វិនិយោគ​។​

យ៉ាងណាមិញ លោក Santo បានថ្លែងជាភាសា​ឥណ្ឌូនេស៊ី និង​បក​ប្រែជាភាសា​ខ្មែរ​ថា​៖ «ពេល​ខ្លះ ការ​នាំ​អង្ករ​ចូល​ពី​ប្រទេស​កម្ពុជា នៅទាន់​មាន​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ដទៃ​ក្នុង​តំបន់​ ហើយ​ឥណ្ឌូនេស៊ី​ថ្លឹងថ្លែង​អំពីគុណភាព និងតម្លៃ ប្រសិនបើ​យើងមាន​តម្រូវការ​»។

មួយ​ទៀត គឺការ​តភ្ជាប់​ការ​ដឹកជញ្ជូន​ក៏ជា​ចំណុច​សំខាន់ ខណៈ​បរិមាណ​នៃ​ផលិតផល​ដែល​អាច​នាំ​ចូល​ប្រទេស​ឥណ្ឌូនេស៊ី​មាន​ច្រើន​ប្រភេទពីប្រទេស​កម្ពុជា​។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា លោក Santo Darmosumarto និងលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) អំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ ខែមិថុនា។ រូបថត ហុង រស្មី

លោក Santo បាន​សង្កត់​ធ្ងន់ធ្ងរ​ថា តម្លៃ​ដើម​អាច​ជា​ដើម​ហេតុ​ដែល​ធ្វើ​ឱ្យ​ផលិតផល​ប្រទេស​កម្ពុជា​មានតម្លៃ​ខ្ពស់​។ បើសិនជា​អាច​កាត់បន្ថយ​តម្លៃ​ដើម ផលិតផល​របស់​កម្ពុជានៅតែមាន​គុណភាព​ល្អ និង​តម្លៃ​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង។

លោកបានថ្លែងថា​៖ ​«ទាក់ទង​មធ្យោបាយ​ដឹកជញ្ជូន​នេះ​ពិតជាមាន​សារសំខាន់​ណាស់ ដោយសារ​គុណភាព​ជាមួយ​ប្រទេសដទៃ​អាច​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា តែ​តម្លៃ​អាច​ខុសគ្នា»​។

ប្រទេស​កម្ពុជា​ដែលមាន​គោលបំណង​សម្រេចបាន​នូវ​គោលដៅ​នាំចេញ​អង្ករ​ចំនួន ១ លាន​តោន​ក្នុង​មួយឆ្នាំ​នៅ​ឆ្នាំ ២០២៥​ មាន​សុទិដ្ឋិនិយម​ចំពោះ​ការពង្រីក​ទីផ្សារ​អង្ករ​របស់ខ្លួន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី និង​តំបន់​ផ្សេងទៀត​។​

យុទ្ធសាស្ត្រ​របស់កម្ពុជា​ មិន​ត្រឹមតែ​លើកកម្ពស់​គុណភាព​អង្ករ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​អង្ករ ដើម្បី​ទាក់ទាញ​អ្នកទិញ​អន្តរជាតិ​ឱ្យ​កាន់តែ​ទូលំទូលាយ​។​

កន្លងមក កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ផ្គត់ផ្គង់​អង្ករ​ចំនួន ២៥​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ ២០២៤​​។​

កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។​

ការ​បម្រុង​អង្ករ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ដែល​បច្ចុប្បន្ន​មាន​ចំនួន​ជាង ៣,៧​ លាន​តោន គឺជា​បរិមាណ​ដ៏​ធំ​បំផុត​នៅក្នុង​អាស៊ាន ដែល​លើសពី​ប្រទេស​ផលិត​ធំៗ​ផ្សេងទៀត ដូចជា​ប្រទេស​ថៃ និង​វៀតណាម​។​

ជាមួយនឹង​រដូវ​កាល​ស្រូវ​ឆ្នាំ ២០២៤/២០២៥​ ដែល​ត្រូវបាន​កំណត់ថា​នឹងមាន​ការកើនឡើង​នៃ​ផលិតកម្ម​ដែល​ឈានដល់​ការប៉ាន់ប្រមាណ​ចំនួន ៣៤,៦ លាន​តោន ឥណ្ឌូនេស៊ី​​​បំពេញតម្រូវការ​ក្នុងស្រុក និង​លើកកម្ពស់​តួនាទី​របស់ខ្លួន​ជា​តួអង្គ​សំខាន់​ក្នុង​ពាណិជ្ជកម្ម​អង្ករ​ក្នុង​តំបន់​៕