
នៅថ្ងៃទី30 ខែឧសភា ឆ្នាំ 2025 ធនាគារ ABA បានទទួលស្វាគមន៍ក្រុមការងារបេសកកម្មពាណិជ្ជកម្មកាណាដា (Team Canada Trade Mission) សម្រាប់ជំនួបស្ថាប័នជាផ្លូវការ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា។ ជំនួបនេះ មានគោលបំណងចែករំលែកទៅកាន់គណៈប្រតិភូ អំពីដំណើរវឌ្ឍនភាព និងភាពជោគជ័យរបស់ ABA ក្នុងការរួមចំណែកពង្រឹងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។
ដឹកនាំដោយលោកស្រី Sara Wilshaw ប្រធានស្នងការពាណិជ្ជកម្មកាណាដា និងជាឧបការីជាន់ខ្ពស់របស់អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអន្តរជាតិ គណៈប្រតិភូបានជួបសំណេះសំណាលជាមួយ លោក Askhat Azhikhanov អគ្គនាយក និងជានាយកប្រតិបត្តិនៃធនាគារ ABA ព្រមទាំងអ្នកតំណាងជាន់ខ្ពស់ពី ABA និងធនាគារជាតិកាណាដា នៅការិយាល័យកណ្តាលរបស់ធនាគារ ABA។
ក្នុងពេលជំនួប គណៈគ្រប់គ្រងធនាគារ ABA បានបង្ហាញជូនគណៈប្រតិភូបេសកកម្ម នូវទិដ្ឋភាពទូទៅនៃការពង្រីកខ្លួនជាយុទ្ធសាស្រ្ត និងវិធីសាស្រ្តប្រកបដោយនវានុវត្ត តាមដានដំណើររបស់ខ្លួន រហូតដល់តំណែងបច្ចុប្បន្នក្នុងនាមជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា។
ABA ក៏បានជម្រាបជូនគណៈប្រតិភូនូវការរួមចំណែករបស់ខ្លួន ក្នុងការពង្រឹងហេដ្ឋារចនាសម្ពន្ធហិរញ្ញវត្ថុកម្ពុជាផងដែរ រួមមានជាអាទិ៍ កិច្ចប្រឹងប្រែងរបស់ ABA ក្នុងការពង្រីកទិដ្ឋភាពហិរញ្ញវត្ថុតាមរយៈផលិតផល និងសេវាធនាគារដ៏សម្បូរបែប លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុតាមរយៈផលិតផលឯក — កម្មវិធី ABA Mobile និងជួយបង្កើនទំនុកចិត្តក្នុងវិស័យធនាគារ ដោយដាក់ឲ្យប្រើប្រាស់នូវឧបករណ៍ និងដំណោះស្រាយ IT និង សន្តិសុខលើអ៊ីនធឺណិត។

លោក Askhat Azhikhanov មានប្រសាសន៍ថា “នេះជាកិត្តិយសរបស់យើងខ្ញុំ ដែលបានទទួលស្វាគមន៍គណៈប្រតិភូនៃក្រុមការងារបេសកកម្មពាណិជ្ជកម្មកាណាដា មកកាន់ធនាគារ ABA។ ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ជាថ្មីនូវឆន្ទៈរួមក្នុងការស្វែងយល់ពីមូលដ្ឋានប្រតិបត្តិការ ដែលគាំទ្រដល់ទិដ្ឋភាពធុរកិច្ចក្នុងប្រទេសកម្ពុជា”។

លោកបានបន្ថែមថា “ក្នុងនាមជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា យើងខ្ញុំបានប្រតិបត្តិតាមគោលការណ៍ស្ថាប័នដ៏រឹងមាំ ដោយបត់បែនទៅតាមតម្រូវការ និងថាមវន្តនៃបរិបទកម្ពុជា។ យើងខ្ញុំ ស្វាគមន៍បណ្ដាធុរកិច្ចកាណាដា ដែលមានបំណងចង់វិនិយោគក្នុងប្រទេសកម្ពុជា និងត្រៀមជាស្រេច ក្នុងការផ្តល់ជូនស្ថាប័នទាំងនោះ នូវសេវាកម្មពេញលេញ និងដំណោះស្រាយធនាគារដ៏ទំនើបរបស់យើងខ្ញុំ”។

ជាមួយការផ្តោតសំខាន់ទៅលើការពង្រីកទំនាក់ទំនងពាណិជ្ជកម្ម គោលបំណងមួយនៃបេសកកម្មពាណិជ្ជកម្មនេះ គឺស្វែងរកដៃគូក្នុងស្រុកដែលអាចជឿទុកចិត្តបាន ដូចជាធនាគារ ABA ជាដើម ដែលអាចជួយសម្របសម្រួលការវិនិយោគរបស់ធុរកិច្ចកាណាដានៅកម្ពុជាក្នុងថ្ងៃអនាគត។ ភាពជាដៃគូទាំងនេះ នឹងដើរតួជាមូលដ្ឋានគ្រឹះសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែង ចំពោះប្រទេសជាតិទាំងពីរ។

លោកស្រី Sara Wilshaw ក៏មានមតិទៅលើជំនួបនេះថា “ការយល់ដឹងអំពីទស្សនវិស័យប្រតិបត្តិការនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា ពិតជាសំខាន់ណាស់ក្នុងការជូនដំណឹងដល់ធុរកិច្ចកាណាដា ដើម្បីឈានជើងចូលទីផ្សារយ៉ាងមានទំនុកចិត្ត។ កំណើន និងភាពជោគជ័យរបស់ធនាគារ ABA គឺជាឧទាហរណ៍មួយបង្ហាញយ៉ាងច្បាស់ពីការរួមចំណែករបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយនិរន្ដរភាព និងរឹងមាំ”។

ធនាគារ ABA មានមោទនភាពដែលបានសម្របសម្រួលក្នុងដំណើរទស្សនកិច្ចនេះ និងបន្តអនុវត្តការងាររបស់ខ្លួនស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញសមាហរណកម្មសេដ្ឋកិច្ច និងកំណើនដែលជំរុញដោយនវានុវត្តភាព។

អំពីធនាគារ ABA៖
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប, ប្រាក់បញ្ញើ, ប្រាក់កម្ចី និងប្រាក់ចំណេញ យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។
ធនាគារ ABA មាន 101 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,800 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប ដែលបម្រើអតិថិជនជាង 5 លាននាក់ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើប ងាយស្រួល និងសុវត្ថិភាព។ អតិថិជនរបស់ធនាគារ រួមមានសាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតមីក្រូ និងរូបវន្ដបុគ្គល។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ដែលជាធនាគារធំបំផុតមួយក្នុងប្រទេសកាណាដា មានទ្រព្យសកម្មជាង 334 ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក ។