រុស្ស៊ី​បាន​បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយ​ចំនួន​ក្នុងន័យ​​ផ្សព្វផ្សាយពី​សក្តានុពល​នៃ​ការ​​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា ក៏​ដូច​ជា​ជំរុញ​​ភ្ញៀវ​ទេសចរ​រុស្ស៊ី​ឱ្យ​ធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។

គំនិត​នេះ​ត្រូវ​បានលោក Sergey Dvoryanov ប្រធានក្លឹបការទូតអន្តរជាតិ AMICABILITY (International Diplomatic Club) លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​​លោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូត​កម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និង​មាន​ការ​ចូល​រួម​ពី​​លោក ហុង សាមឌី អនុព័ន្ធពាណិជ្ជកម្មកម្ពុជាអមឯកអគ្គរាជទូត​កម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥​។

ក្នុងជំនួបនេះ លោក Sergey Dvoryanov និងគណៈប្រតិភូរុស្ស៊ី បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការជាមួយស្ថានទូតកម្ពុជា ដើម្បីរៀបចំព្រឹត្តិការណ៍មួយក្នុងគោលបំណងទាក់ទាញវិនិយោគិនរុស្ស៊ី​ឱ្យ​ចូល​មក​ស្វែង​រក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ ការលើកកម្ពស់មរតកវប្បធម៌​អរិយធម៌កម្ពុជា ការតាំងពិព័រណ៍ផលិតផលខ្មែរ ការផ្សព្វផ្សាយពីវិស័យសុខាភិបាលរុស្ស៊ី និងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍កម្ពុជា ក៏ដូចជាការទាក់ទាញភ្ញៀវទេសចរណ៍រុស្ស៊ីមកលេងកម្ពុជា​កាន់​តែ​ច្រើន​។

ជាការឆ្លើយតប លោក ពេជ្រឃុន បញ្ញា បានសម្តែងសេចក្តីស្វាគមន៍​ចំពោះ​ក្រុមហ៊ុនរុស្ស៊ីដែល​មានបំណងចង់ស្វែងរកកិច្ចសហប្រតិបត្តិការក្នុងការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយពីវប្បធម៌​អរិយធម៌ខ្មែរបន្ថែមទៀតលើឆាកអន្តរជាតិ។ បន្ថែម​លើ​នេះ លោកក៏​បាន​លើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​កម្ពុជាក្នុងការ​លើកកម្ពស់បរិយាកាសធុរកិច្ច និងវិស័យសក្តានុពលផ្សេងៗទៀត។

កាល​ពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ២០២៥ កម្ពុជា​-រុស្ស៊ី បាន​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា-រុស្ស៊ី លើ​ក​ទី​១ តាម​​ប្រព័ន្ធ​វីដេអូ ដែល​​មាន​លោកឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន និង​រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសហព័ន្ធរុស្ស៊ី លោកស្រី Oksana Lut បានធ្វើជាសហប្រធាន។ កិច្ច​ប្រជុំ​នេះ​មាន​គោល​បំណង​​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកទេស (IGC) រវាង​ប្រទេស​ទាំង ២ ឱ្យ​កាន់​តែ​ប្រសើរ​។

ក្នុង​កិច្ច​ប្រជុំ​នោះ លោក​ ប្រាក់ សុខុន បាន​លើកឡើង​​ពី​សារៈ​សំខាន់​នៃ​ការ​​ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី​កម្ពុជា-​រុស្ស៊ី ឱ្យ​បាន​កាន់​តែ​ប្រសើរបន្ថែម​ទៀត ព្រម​ទាំង​បាន​​ជំរុញឱ្យមានការពន្លឿន និងអនុវត្តឱ្យបានពេញលេញនូវកិច្ចព្រមព្រៀង/អនុស្សរណៈដែលភាគី​ទាំង ២ បានចុះហត្ថ​លេខានា​ពេល​កន្លង​មក ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យ​បាន​ជាអតិបរមា។

លោក​បាន​បញ្ជាក់​ថា មាន​វិស័យ​អាទិភាព​ចំនួន ៣ ដែលភាគី​ទាំង ២ បាន​សន្យា​នឹង​ខិតខំ​ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​គ្នា​ ដូចជា វិស័យ​ពាណិជ្ជកម្ម, ថាមពល និង​ឧស្សាហកម្ម, និង​កិច្ច​សហប្រតិបត្តិការលើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា។

ទាក់​ទង​នឹង​វិស័យ​ពាណិជ្ជកម្ម លោក ប្រាក់ សុខុន បាន​ថ្លែង​ថា៖​«​លើវិស័យពាណិជ្ជកម្ម និងវិនិយោគ ខ្ញុំ​សូម​អញ្ជើញថ្នាក់ដឹកនាំ​ធុរកិច្ច សហគ្រិន និងអ្នកវិនិយោគរុស្ស៊ី មកចូល​មក​ស្វែងយល់ពីទីផ្សារ​កម្ពុជា ជាពិសេសក្នុងវិស័យដូចជា កសិកម្ម និង ផលិតផលម្ហូបអាហារ»។ លោក​​បន្ត​ថា៖​«​បន្ថែម​លើ​នេះ​ក៏​ស្នើឱ្យភាគីទាំង ២ ពិចារណា​ពី​ការ​រៀបចំវេទិកាធុរកិច្ច ឬពិព័រណ៍រួមគ្នា ដើម្បីជាវេទិកាសម្រាប់ការភ្ជាប់ទំនាក់ទំនង ការផ្គូផ្គង និងការធ្វើអាជីវកម្មរួម»។

បន្ទាប់​ពី​ការពិភាក្សាលើ​បញ្ហា​ជាច្រើន អង្គប្រជុំបានឯកភាពលើសកម្មភាពដែលត្រូវអនុវត្តដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមទាំង វិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ថាមពលនិងធនធានធម្មជាតិ ឧស្សាហកម្ម ដឹកជញ្ជូន បច្ចេកវិទ្យា គមនាគមន៍និងព័ត៌មាន ហិរញ្ញវត្ថុនិងធនាគារ អប់រំ វប្បធម៌និងកីឡា សុខាភិបាល និងបរិស្ថាន។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៤ របស់​ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា បច្ចុប្បន្ន​កម្ពុជា-​រុស្ស៊ី បាន​និង​កំពុង​បន្ត​នីតិវិធី​មួយ​ចំនួន ដើម្បី​ឈាន​ទៅ​រក​ការ​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​រវាង​សេវាគយសហព័ន្ធ​រុស្ស៊ី-កម្ពុជា លើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​រដ្ឋបាល ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​បាន​សហនើ​ឡើង​ដោយ​ភាគី​រុស្ស៊ី ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-​អាស៊ី​។​

ក្រសួង​ទេសចរណ៍ បាន​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៤ មាន​ជនជាតិ​រុស្ស៊ី​ចំនួន ៧១ ៩០១នាក់ បាន​ធ្វើ​ដំណើរ​មក​កម្ពុជា ធ្លាក់​ចុះ ១៥,៧​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣៕​