ថ្នាក់​ដឹក​នាំ​គណៈប្រតិភូគយនៃប្រទេសសមាជិកអាស៊ាន បានសម្តែងការព្រួយបារម្ភរួមគ្នា​ចំពោះការដាក់បន្ទុកពន្ធគយ​ជាឯកតោភាគីដោយសហរដ្ឋអាមេរិក ដែលអាច​​បង្កឱ្យមានភាពមិនច្បាស់លាស់ និងនាំមកនូវបញ្ហាប្រឈមជាច្រើន​​ទៅ​ដល់អ្នក​វិនិយោគ ការ​ប៉ះពាល់ដល់វិធាននៃពាណិជ្ជកម្មសកល ជា​ពិសេស​គឺ​ការ​បង្កើត​ជា​​ឧបសគ្គដល់វឌ្ឍនភាពសេដ្ឋកិច្ចនៅ​ក្នុងតំបន់អាស៊ាន។

នេះ​បើ​តាម​លទ្ធផល​នៃ​កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan, ប្រទេសព្រុយណេ​ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

ក្នុង​កិច្ច​ប្រជុំ​នេះ គណៈ​ប្រតិភូ​កម្ពុជា​ត្រូវ​បាន​ដឹក​នាំដោយ​លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​។ ក្រៅ​ពី​គណៈ​ប្រតិភូ​នៃ​បណ្តា​ប្រទេស​សមាជិក​​​អាស៊ាន អគ្គនាយករដ្ឋបាលគយនៃប្រទេសទីម័រឡេស្តេ ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។

អគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា(GDCE) បាន​ឱ្យ​ដឹង​ថា ​ក្នុង​កិច្ច​ប្រជុំ​នេះមានការ​ពិភាក្សាលើ​បញ្ហា​សំខាន់​ចំនួន ២ ដែល​រួម​មាន ទី​១ ​វឌ្ឍនភាពនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២១-២០២៥ និងទី​២ ​វឌ្ឍនភាពនៃប្រព័ន្ធបញ្ជរតែមួយអាស៊ាន។ តាម​រយៈ​កិច្ច​ពិភាក្សា​ អង្គប្រជុំបានកត់សម្គាល់លើវឌ្ឍនភាពនៃការរៀបចំមគ្គុទេសក៍សម្រាប់ការផ្លាស់ប្តូរព័ត៌មានស្តីពីទិន្នន័យពាណិជ្ជកម្មរវាងរដ្ឋបាលគយ និងប្រតិបត្តិករពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សំដៅលើកកម្ពស់ការគ្រប់គ្រងហានិភ័យ និងអនុលោមភាពនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។

ក្រៅ​ពី​ការ​ពិភាក្សា​ខាង​លើ អង្គប្រជុំក៏​បាន​អនុម័តលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍គយឆ្នាំ២០២៦-២០២៣០, មគ្គុទេ្ទសក៍តម្លៃគិតពន្ធគយជំនាន់ថ្មីឆ្នាំ២០២៥, មគ្គុទេ្ទសក៍ស្តីពីការចែករំលែកព័ត៌មានតម្លៃគិតពន្ធគយ, និងផែនទីចង្អុលផ្លូវហានិភ័យសុចរិតភាពអាស៊ាន។

ស្ថិត​ក្នុង​បរិបទ​ពិភពលោក​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស​នេះ អង្គប្រជុំក៏​បានសម្តែងការព្រួយបារម្ភចំពោះការដាក់បន្ទុកពន្ធជាឯកតោភាគីដោយសហរដ្ឋអាមេរិក ដែលបង្កឱ្យមានភាពមិនច្បាស់លាស់ និងនាំមកនូវបញ្ហាប្រឈមសំខាន់ៗដល់ធុរកិច្ច, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏ដូចជាប៉ះពាល់ដល់វិធាននៃពាណិជ្ជកម្មសកល រំខានដល់រំហូរពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់និងពិភពលោក និងជាឧបសគ្គដល់វឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន។

GDCE បាន​ឱ្យ​ដឹង​ទៀត​ថា អង្គប្រជុំបានបញ្ជាក់ជាថ្មីនូវការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីប្រកបដោយភាពអាចព្យាករណ៍បាន មានតម្លាភាព សេរីភាព ស្មើភាព បរិយាប័ន្ន និរន្តរភាព និងប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិផ្អែកលើកិច្ចព្រមព្រៀង និងបទដ្ឋានគតិយុត្តិរបស់អង្គការពាណិជ្ជកម្មពិភពលោក។ លើសពីនេះ អង្គប្រជុំបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរក្សាសុចរិតភាព និងអនុលោមភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល និងទប់ស្កាត់សកម្មភាពពាណិជ្ជកម្មខុសច្បាប់ ដែលអាចពាក់ព័ន្ធនឹងការបញ្ជូនទំនិញតាមរយៈប្រទេសទីបី ឬបទល្មើសបន្លំដើមកំណើតទំនិញជាដើម។

ក្រៅ​ពី​ការ​ពិភាក្សា​ពី​វឌ្ឍនភាព​ផ្នែក​ពនគយ​នៅ​បណ្តាប្រទេស​ក្នុង​តំបន់ អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ដោយឡែកពីគ្នាជាមួយគណៈប្រតិភូនៃអង្គការគយពិភពលោក (WCO), រដ្ឋបាលគយអូស្រ្តាលី, រដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយកូរ៉េ ដើម្បីបន្តពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារគយផងដែរ។ ចំពោះ​បញ្ហា​ដែល​បាន​លើក​យក​ពិភាក្សា​មាន​​ដូចជា ការចែករំលែកឧត្តមានុវត្ត និងជំនួយបច្ចេកទេសសម្រាប់រដ្ឋបាលគយអាស៊ាន, ប្រតិបត្តិការគយរួមគ្នា ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀនខុសច្បាប់ និងបទល្មើសឆ្លងដែន, ការផ្លាស់ប្តូរព័ត៌មានសម្ងាត់ និងគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់គាំទ្រគ្នាទៅវិញទៅមករវាងរដ្ឋបាលគយអាស៊ាន និងរដ្ឋបាលគយជាដៃគូ ដើម្បីឆ្លើយតបនឹងបរិបទស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សនាពេលចុងក្រោយនេះ។

បន្ថែម​ពី​លើ​នេះ អគ្គនាយកគយអាស៊ាន ក៏បានប្រជុំពិគ្រោះយោបល់ជាមួយសមាគមធុរកិច្ចនៃវិស័យឯកជនសំខាន់ៗ រួមមាន៖ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ABC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងរដ្ឋបាលគយអាស៊ាននិងវិស័យឯកជន និងពិភាក្សាស្វែងរកដំណោះស្រាយបញ្ហាមួយចំនួនដែលវិស័យឯកជនបានលើកឡើង ក្នុងន័យលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។

យោងតាមគោលការណ៍ប្ដូរវេន និងលំដាប់អក្ខរក្រម, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នឹងត្រូវទទួលធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី ៣៥ នៅកម្ពុជា នាអំឡុងពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខ៕