ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​បណ្តា​​ប្រទេសជា​​សមាជិកនៃ​​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​(RCEP) នារយៈពេល ៤ខែ​ដើមឆ្នាំ ២០២៥ មាន​ទឹក​ប្រាក់​ជាង ៣,៦​ពាន់​លាន​ដុល្លារ​អាមេរិក ​កើន​ឡើងជិត ៨ ​ភាគ​​រយ​បើ​ធៀប​នឹងរយៈពេលដូចគ្នា​ឆ្នាំ​២០២៤។​

RCEP គឺ​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​​ (FTA) ដែល​​ផ្តួច​ផ្តើមឡើង​ដោយប្រទេស​​​សមាជិ​ក​​អាស៊ានទាំង ១០។ បច្ចុប្បន្ន RCEP មាន​សមាជិក​ចំនួន ១៥ ប្រទេស ក្នុង​នោះ​ ១០​ប្រទេស គឺ​ជា​​សមាជិក​អាស៊ាន ​និង​ចំនួន​ ៥ ផ្សេង​ទៀត​រួម​មាន​ ប្រទេស​ចិន ជប៉ុន ​កូរ៉េ​ខាង​ត្បូង​ អូស្ត្រាលី និង​​នូវែល​សេឡង់។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​បង្ហាញ​ថា ចន្លោះ​ពី​​ខែ​មករា-​មេសា​ ឆ្នាំ​២០២៥ កម្ពុជា​បាន​នាំ​​ទំនិញ​ទៅ​ទីផ្សារ​​បណ្តា​ប្រទេស​​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង RCEP ក្នុង​ទឹក​ប្រាក់​ជិត​ ៣,​៦២​​ពាន់​លាន​ដុល្លារ​ កើន​ឡើង ៧,៦​ភាគ​រយ​បើធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៤។ ប្រទេស​សមាជិក RCEP ដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេ រួម​មាន វៀតណាម ចិន ជប៉ុន ថៃ និង​កូរ៉េខាងត្បូង។

ទន្ទឹមនឹង​ការ​​នាំ​ចេញខាងលើ​ កម្ពុជា​ក៏​បាន​នាំ​ចូល​ទំនិញ​ពី​បណ្តា​ប្រទេស​នៃ​​កិច្ច​ប្រម​ព្រៀង RCEP ក្នុង​ទឹក​ប្រាក់​ប្រមាណ ៩,​៣១ ពាន់លានដុល្លារ កើនឡើង ១៨,៨៥​ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ ដែលមាន ៦,៨៣ ពាន់លានដុល្លារ។ នេះ​បើ​​តាម​ក្រសួងពាណិជ្ជកម្ម​។​​

ផ្អែក​តាម​​ទិន្នន័យ​​ខាង​លើ ​គឺរយៈពេល ៤ខែដើម​ឆ្នាំ ​២០២៥ ​ការ​នាំចេញ នាំចូល​ទំនិញ​​រវាង​កម្ពុជា​ជា​មួយ​​ប្រទេស​សមា​ជិក​ RCEP មាន​ទឹក​ប្រាក់​សរុប ១២,៩៣ ពាន់​លាន​ដុល្លារ​ កើន ១៥,​៤៧ ភាគរយ ឬស្មើ​​ ៦៦​ភាគរយ​នៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា​​រយៈ​ពេល ៤​ខែ ដែលមាន ១៩,៥ ពាន់លានដុល្លារ​។​

អនុ​ប្រធាន​សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ចិន លោក ឡោ វិចិត្រ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី​៩ ខែ​មិថុនាថា [Lor Vichet, vice-president of the Cambodia Chinese Commerce Association (CCCA) ទោះចំនួន​ទឹក​ប្រាក់​​នាំ​ចេញ​ទំនិញ​​កម្ពុជា​ទៅ​បណ្តា​ប្រទេស​ RECP ​កើន​ឡើងជា​បន្ត​បន្ទាប់ក្នុង​រយៈ​ពេល​ ២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​បើ​ធៀប​​នឹងចំនួន​ទឹក​ប្រាក់​នាំ​ទំនិញ​ទៅ​​ទីផ្សារ​ប្រទេស​នៅ​អាមេរិក​ខាង​ជើង(សហរដ្ឋ​អាមេរិក-កាណាដា) និង​សហគមន៍​អឺរ៉ុប គឺ​នៅ​មាន​បរិមាណ​តិចតួច​​​នៅ​ឡើយ​។ មូល​ហេតុ​ដែល​ការ​នាំ​ចេញ​ទៅ RCEP មាន​ចំនួន​តិច គឺ​ដោយ​សារ​​មុខទំនិញ​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ាន​ទាំង ១០ ប្រហាក់​ប្រហែល​គ្នា​។

លោក​បន្ត​ថា កម្ពុជា​អាច​​ពង្រីក​ការ​នាំ​ចេញ​ទៅ​នានា​លើ​ពិភពលោក ជា​ពិសេស​​ RCEP បានកាន់​តែ​ច្រើន ប្រសិន​បើ​​អាច​ទាក់​ទាញ​វិនិយោគិន​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​លើ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ ដំឡើង​រថយន្ត ផលិត​បន្ទះឈីប ឬ​គ្រឿង​យន្ត​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ទំនើបៗ ខណៈ​នៅ​ពេល​នេះ​​ផលិត​ផល​ឧស្សាហកម្ម​នាំ​ចេញ​របស់​កម្ពុជា មាន​ភាគ​​ច្រើនស្ថិត​ក្នុង​វិស័យ​​វាយនភណ្ឌ​ តែ​ប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា៖​«ទោះបី​បច្ចុប្បន្ន RCEP គឺ​ជា​ទីផ្សារ​​​ធំ​ជាង​គេ​លើ​ពិភពលោក ឬ​​តំណាង​ឱ្យ​ទីផ្សារ​ពិភពលោក​ប្រហែល ១/៣ ​ក៏​កម្ពុជា​នៅ​តែ​មិន​អាចការ​បង្កើន​​ការ​នាំ​ចេញ​ទៅ​ទីនោះ​ឱ្យ​​ហក់​ឡើង​ខ្ពស់​ភ្លាម​ៗ​បាន​ឡើយ​»។ លោក​បន្ត​ថា៖​«​រយៈ​ពេល​ពី​នេះ​ ទៅ​ ៥ឆ្នាំ​ខាង​មុខ​ខ្ញុំ​នៅ​តែមើល​ឃើញ​ថា កម្ពុជា​មិន​ទាន់​អាច​បង្កើន​ទឹក​ប្រាក់​នាំ​ចេញ​​ទៅ RCEP ឱ្យ​ខ្ពស់​ជាង​អាមេរិក កាណាដា និង​តំបន់​ អឺរ៉ុប​ឡើយ​»។​

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម​លោក ប៉ែន សុវិជាតិ បាននិយាយ​ថា បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង RCEP ​ចូល​ជា​ធរមានកាល​ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២(ដំណាលគ្នាជា​មួយ​​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន) វា​បាន​នាំ​មក​នូវ​ផល​វិជ្ជមាន​ជា​ច្រើន​សម្រាប់​ទីផ្សារ​នាំ​ចេញ​​​កម្ពុជា។ កិច្ច​ព្រម​ព្រៀង RCEP បាន​អត្ថ​ប្រយោជន៍​ដល​​ប្រទេស​ហត្ថលេខី​ទាំង​អស់​នូវ​ការ​​អនុ​គ្រោះ​ពន្ធ​លើ​ទំនិញ​ផ្សេងៗ ការ​ផ្ទេរ​បច្ចេក​វិទ្យា ការ​អភិវឌ្ឍ​សមត្ថភាពធនធាន​មនុស្ស​ និង​ឱកាស​ការងារ​ដែល​ជំរុញ​ដោយ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​(FDI)។

លោក​ថ្លែងថា​៖​«​ការ​ចូល​ជា​ធរមាន​របស់​កិច្ច​ព្រម​ព្រៀង​RCEP នៅ​ឆ្នាំ​២០២២ បាន​ក្លាយ​ជា​កត្តា​ជំរុញ​ថ្មី​មួយ​សម្រាប់​កំណើន​ការ​នាំ​ចេញ​រយៈ​ពេល​វែង​របស់​កម្ពុជា ខណៈ​ស្ថិត​ក្រោម​កិច្ច​ព្រម​ព្រៀង​នេះ វា​បាន​ជួយ​​​កាត់​បន្ថយ​ពន្ធ​មួយ​ចំនួន​ដែល​អាច​ឱ្យ​កម្ពុជា​ទាញ​យក​ឱកាស​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​​ទំនិញ​»​។​

លោក​បន្ថែម​ថា៖​«​ដោយ​សារ​ភាព​ល្អ​ប្រសើរ​នៃ​ស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភព​លោក​ក្នុង​រយៈ​ពេលប៉ុន្មាន​ខែដើមឆ្នាំ​​នេះ​ បាន​ជួយ​ឱ្យ​ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​​បណ្តា​ប្រទេស RCEP កើន​ឡើងជា​បន្ត​បន្ទាប់​។ ប្រទេស​ចិន ​គឺជា​ទីផ្សារចម្បង​មួយ​របស់​​​​កម្ពុជា​ដែល​បាន​ទទួល​ទិញ​ផលិត​ផល​កសិកម្មជាច្រើន​ដូច​ជា អង្ករ ចេក​លឿង ស្វាយ មៀន និង​ម្រេច​ជាដើម​»។​

ក្រសួង​ពាណិជ្ជកម្ម ឱ្យ​ដឹង​ថា បណ្ដា​ប្រទេស​ជា​សមាជិក​របស់​RCEP តំណាងឱ្យ​ប្រជាជន​ប្រហែល ២,២​ពាន់​លាន​នាក់ ឬ ៣០​ភាគ​រយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោក ដែល​រួម​ចំណែក​ដល់ ២៦,២​ពាន់​ពាន់​លាន​ដុល្លារ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP) ដែល​ស្មើ​នឹង ៣០​ភាគ​រយ​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ទូទាំង​ពិភព​លោក​។ ប្រទេស​ជា​សមាជិក​ទាំង​នេះ​មាន​ចំនួន​ប្រហែល ២៨​ភាគរយ​នៃ​ពាណិជ្ជ​កម្ម​ពិភព​លោក​៕​