រដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជាបានបង្ហាញការសាទរ និងមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ល្អដែលកើតចេញពីកិច្ចខិតខំរបស់ក្រុមការងារកម្ពុជាក្នុងការចរចាជាមួយរដ្ឋាភិបាលអាមេរិកជាបន្តបន្ទាប់ រហូតទទួលបានលទ្ធផលល្អលើសពីការរំពឹងទុក។
អាមេរិកបានបញ្ចុះពន្ធបដិការសម្រាប់ទំនិញកម្ពុជា មកនៅត្រឹម ១៩%
ប៉ុន្មានម៉ោងមុនការចូលជាធរមាននៃការកំណត់អត្រាពន្ធបដិការថ្មីសម្រាប់ការនាំចូលទំនិញពីបណ្តាប្រទេសនានាទៅទីផ្សារអាមេរិក ដោយគិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥(ម៉ោងនៅអាមេរិក) រដ្ឋបាលសហរដ្ឋអាមេរិកដែលដឹកនាំដោយ លោកប្រធានាធិបតី Donald Trump បានសម្រេចយកពន្ធពីទំនិញកម្ពុជាក្នុងអត្រាត្រឹមតែ ១៩% ប៉ុណ្ណោះ ដោយបានធ្លាក់ចុះពីការប្រកាសដំបូងកាលពីថ្ងៃទី២ ខែមេសា ដែលមានអត្រា ៤៩% និងបានបញ្ចុះមកនៅត្រឹម ៣៦% កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។
នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥(ម៉ោងនៅកម្ពុជា) នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមផ្លូវការផ្ទាល់ខ្លួនថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ថយចុះ ៣០% បើធៀបជាមួយអត្រាពន្ធពីដំបូង ៤៩%)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។
លោកបានថ្លែងថា៖«ខ្ញុំសូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ក្នុងការផ្ដួចផ្ដើម និងជំរុញឱ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍ និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកបន្តទៅទៀត»។
លោកបានបន្ថែមថា នៅក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទជាមួយលោក Donald Trump កាលពីថ្ងៃទី២៦ និងថ្ងៃទី ២៨ ខែកក្កដាកន្លងមក គឺលោកបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃក្នុងប្រទេសជាង ៥០០ ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះលោកក៏បានស្នើសុំឱ្យលោកប្រធានាធិបតីអាមេរិកផ្ដល់ការយោគយល់ផងដែរ សម្រាប់ការបន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជាឱ្យនៅត្រឹមអត្រាទាបណាមួយដែលអាចជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន។
លោកបានបន្តទៀតថា ក្នុងកិច្ចសន្ទនានោះលោក Donald Trump បានបង្ហាញការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាឱ្យមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ ចំពោះការស្នើសុំរបស់លោកពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពន្ធ លោក Donald Trump បានប្រាប់កាលពីថ្ងៃទី២៨ ខែកក្កដាថា នឹងពិនិត្យសម្រេច ដោយលោកនិយាយថានឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make you happy)។ ថ្ងៃនេះគឺអាមេរិកបានសម្រេចបញ្ចុះអត្រាពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកនៅត្រឹម ១៩%។
លោកថ្លែងទៀតថា៖«ខ្ញុំក៏សូមយកឱកាសនេះធ្វើការកោតសរសើរចំពោះក្រុមការងារចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុនចាន់ថុល និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាមេរិក ដោយទទួលបាននូវលទ្ធផលល្អប្រសើរនៅពេលនេះ»។

កម្ពុជានឹងមានសក្តានុពលកាន់តែខ្លាំងក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលបណ្តាក់ទុនផ្ទាល់
ក្នុងសន្និសីទសារព័ត៌មាន«ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក» ដែលរៀបចំនៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាព្រឹកថ្ងៃទី១ ខែសីហា នេះលោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក បានលើកឡើងថា ជាមួយនឹងអត្រាពន្ធ ១៩% គឺនឹងផ្តល់នូវកាលានុវត្តភាពឱ្យកម្ពុជាអាចជំរុញការនាំចេញទំនិញទៅអាមេរិកកាន់តែច្រើន ហើយក៏ជាការលើកទឹកចិត្តឱ្យអាជ្ញាធរ និងផ្នែកឯកជនកម្ពុជា អាចធ្វើការផ្សព្វផ្សាយដើម្បីទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកវិនិយោគកម្ពុជាកាន់តែច្រើន ខណៈរដ្ឋាភិបាលក៏កំពុងខិតខំកសាង និងកែលម្អផ្លូវថ្នល់ កំពង់ផែ អាកាសយានដ្ឋាន និងជាពិសសគម្រោងកសាងព្រែកជីកហ្វូណនតេជោ ដើម្បីធ្វើឱ្យការដឹកជញ្ជូនទំនិញកាន់តែលឿន និងមានតម្លៃទាបជាងមុន។
លោកប្រាប់ទៀតថា បច្ចុប្បន្នកម្ពុជាក៏កំពុងខិតខំអភិវឌ្ឍន៍រោងចក្រផលិតថាមពលកកើតឡើងវិញ ដែលចំណុច នេះសុទ្ធតែជាកម្លាំងស្រូបទាញឱ្យអ្នកវិនិយោគមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជាកាន់តែច្រើន ហើយក៏លើកទឹកចិត្តឱ្យមានការបញ្ជាទិញទំនិញពីទីផ្សារអន្តរជាតិកាន់តែច្រើន។
លោកបញ្ជាក់ថា៖«អត្រាពន្ធនេះនឹងថែរក្សារោងចក្រនៅកម្ពុជា ហើយនឹងពង្រីករោងចក្រដែលមានស្រាប់នៅទីនេះឱ្យរីកបន្ថែមទៀត ព្រមទាំងអាចទាក់ទាញអ្នកវិនិយោគឱ្យមកដាក់ទុនថែមទៀតដើម្បីជាផលប្រយោជន៍របស់ជាតិយើង គឺការបង្កើតការងារជូនប្រជាពលរដ្ឋយើងធ្វើ»។
ទោះយ៉ាងណាបើតាមលោក ស៊ុន ចាន់ថុល កម្ពុជាក៏បានបន្ថយអត្រាពន្ធលើទំនិញអាមេរិកនាំចូលមកកម្ពុជាក្នុងអត្រាសូន្យភាគរយ (០%) ទាំងអស់តែម្ដង។
អត្រាពន្ធ ១៩% នឹងជួយឱ្យការនាំចេញទំនិញពីកម្ពុជាទៅអាមេរិកកាន់តែច្រើន
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍នាព្រឹកថ្ងៃទី១ ខែសីហាថា ការសម្រេចទម្លាក់អត្រាពន្ធបដិការរបស់រដ្ឋាភិបាលអាមេរិកពី ៤៩% មកនៅ ៣៦% និងចុងក្រោយមកនៅត្រឹមអត្រា ១៩% នឹងនាំមកនូវផលវិជ្ជមានជាច្រើនសម្រាប់សេដ្ឋកិច្ច និងសង្គមកម្ពុជាទាំងមូល តាមរយៈការបង្កើនភាពទាក់ទាញដល់អ្នកវិនិយោគឱ្យចូលមកបណ្តាក់ទុកផ្ទាល់នៅកម្ពុជា(បើករោងចក្រ/សហគ្រាស) ទាក់ទាញអ្នកបញ្ជាទិញទំនិញកម្ពុជា ព្រមទាំងជួយបង្កើតឱកាសការងារនៅកម្ពុជាឱ្យមានកាន់តែច្រើនបន្ថែមទៀត ពិសេសសម្រាប់ប្រជាជនកម្ពុជាដែលត្រឡប់ពីធ្វើការងារនៅប្រទេសថៃ។ នេះជាមោទនភាពមួយដ៏ធំសម្រាប់រដ្ឋាភិបាល និងផ្នែកឯកជននៅកម្ពុជា។
លោកបញ្ជាក់ថា៖«ការសម្រេចបន្ទាបអត្រាពន្ធសម្រាប់ទំនិញកម្ពុជា នឹងជួយធ្វើឱ្យការនាំចេញផលិតផលកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិកកើនឡើងជាកំហុក ហើយក៏នឹងជំរុញឱ្យរោងចក្រពង្រីកបណ្ដាញផលិតផលរបស់ខ្លួនកាន់តែធំ និងមានតម្រូវការកម្មករកម្មការិនីបម្រើការការបន្ថែមរាប់សិបម៉ឺននាក់។ លទ្ធផលនេះក៏នឹងជួយធ្វើឱ្យប្រទេសកម្ពុជាកាន់តែខ្លាំងជាងគេ ក្នុងការប្រកួតប្រជែងក្នុងតំបន់ និងក្នុងប្រទេសចំណោមអ្នកនាំចេញទៅសហរដ្ឋអាមេរិក»។
លោកបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យផ្នែកពន្ធគយជាមួយរដ្ឋាភិបាលអាមេរិក កម្ពុជាក៏កំពុងលទ្ធផលផ្លែផ្កាដើម្បីឈានទៅបញ្ចប់ជម្លោះប្រដាប់អាវុធជាមួយនឹងប្រទេសជិតខាងនាពេលនេះផងដែរ។
លោកបានអះអាងទៀតថា៖«ខ្ញុំជឿជាក់ថា នេះគឺសមិទ្ធផលដែលធំធេងក្រោមការដឹកនាំដ៏ឈ្លាសវៃប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃរដ្ឋាភិបាលអាណត្តិថ្មី ជាពិសេសគឺមានការចង្អុលបង្ហាញពីថ្នាក់ដឹកនាំកំពូលមានយុទ្ធសាស្ត្រល្អមានវិធីសាស្ត្រក្នុងការចរចា។ នេះគឺមហាជោគជ័យដែលធំធេងមួយជូនដល់វិនិយោគិន ក៏ដូចជាម្ចាស់រោងចក្រ និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស»។
អត្រាពន្ធទំនិញកម្ពុជាល្អប្រសើរជាដៃគូប្រកួតប្រជែងភាគច្រើន
អ្នកសេដ្ឋកិច្ច លោក ឡោ វិចិត្រ បាននិយាយថា អត្រាពន្ធដែលអាមេរិកកំណត់យកពីកម្ពុជា ១៩% នឹងផ្តល់ផលវិជ្ជមានជាច្រើនសម្រាប់កម្ពុជាក្នុងការជំរុញល្បឿនកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសទៅមុខកាន់តែលឿន។ ជាមួយនឹងអត្រាពន្ធថ្មីនេះ លោកមើលឃើញថានឹងមានអ្នកវិនិយោគបរទេសកាន់តែច្រើនចូលមកបើកអាជីវកម្មផ្ទាល់នៅកម្ពុជា។ លោកបន្តថា អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺកម្ពុជាទទួលបានអត្រាពន្ធទាបជាងប្រទេសមួយចំនួន(បង់ក្លាដែស វៀតណាម ឡាវ និងមីយ៉ាន់ម៉ា និងស្រីលង្ការ) ដែលប្រទេសទាំងអស់នេះមានទំនិញសក្តានុពលសម្រាប់នាំចេញទៅអាមេរិក(សម្លៀកបំពាក់ កាបូបធ្វើដំណើរ និងស្បែកជើង) ប្រហាក់ប្រហែលនឹងកម្ពុជាដែរ។
ទោះយ៉ាងណា លោកប្រាប់ថា កម្ពុជាត្រូវតែខិតខំអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូន ថាមពល និងការកែលម្អប្រព័ន្ធច្បាប់មួយចំនួនទៀតដើម្បីធ្វើយ៉ាងណាបញ្ចុះថ្លៃដើមផលិតឱ្យកាន់តែទាប និងពង្រឹងសមត្ថភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំង។
លោកថ្លែងថា៖«យើងត្រូវតែបន្តធ្វើឱ្យនីតិវិធីកាន់តែប្រសើរ ព្រមទាំងកែលម្អការតភ្ជាប់ផ្នែកឡូជីស្ទីក ដើម្បីកាត់បន្ថយការចំណាយដឹកជញ្ជូនសម្រាប់ក្រុមហ៊ុនផលិត ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព និងភាពសន្សំសំចៃក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ រួមទាំងការធ្វើឱ្យបទប្បញ្ញត្តិស្របទៅនឹងស្តង់ដារអន្តរជាតិ និងការអនុវត្តន៍អាជីវកម្ម។ អ្វីទាំងនេះនឹងជួយឱ្យកម្ពុជាបង្កើនសមត្ថភាពប្រកួតប្រជែងដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស(FDI) នាពេលអនាគត»។
ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក កើនឡើងជាបន្តបន្ទាប់
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE) បង្ហាញថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២៥ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ៤,៤៨ ពាន់លានដុល្លារ កើន ២៧% ក្នុងនោះកម្ពុជានាំចេញ ៤,៣៥ ពាន់លានដុល្លារ កើន ២៧% និងនាំចូលមកវិញ ១២០លានដុល្លារ កើន ២៥,៦%។
កាលពីឆ្នាំ២០២៤ ការផ្លាស់ប្តូរទំនិញរវាងកម្ពុជា-អាមេរិក មានទឹកប្រាក់សរុប ១០,១៨ ពាន់លានដុល្លារ កើនឡើង ១១,២% ក្នុងនោះកម្ពុជានាំចេញទៅអាមេរិក ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤% និងអាមេរិកនាំចូលកម្ពុជាវិញ ២៦៤,១៤ លានដុល្លារ កើនឡើង ២,៧%៕


