
អ្នកស្រី ហ្កាលីនណា ហ្សូហ្កូវ (រូបពាក់អាវស) បង្ហាញនំ និងបង្អែមអ្នកស្រីបង្កើតឡើងសម្រាប់លក់តាមអនឡាញ។ រូបថត ហ្វេសប៊ុក
ភ្នំពេញ៖ ភាពល្វីងជូរចត់នៃជីវិតក្នុងស្ថានភាពវិបត្តិកូវីដ អាចត្រូវបានបន្សាបដោយភាពផ្អែមល្ហែមរបស់ Hey. Claire ដែលធ្វើឱ្យមនុស្សទទួលបាននូវអារម្មណ៍ធូរស្រាល ជាមួយនំបង្អែមទាំងរសជាតិឆ្ងាញ់ និងសោភណភាពស្អាតប្លែកទាក់ភ្នែកពីស្វាមីភរិយាជនជាតិរុស្ស៊ី ជាម្ចាស់ហាងអនឡាញ។
Hey. Claire ត្រូវបានយកជាឈ្មោះតាមប្រភេទនំអេក្លែរ (éclair) ដែលមានប្រភពនៅទឹកដីបារាំងអំឡុងសតវត្សរ៍ទី១៩។ នំវែងៗដ៏ល្បីល្បាញតុបតែងដោយគ្រីមរលើបរលោងនេះ ត្រូវបានលោក ស្តាស និង អ្នកស្រី ហ្កាលីនណា ហ្សូហ្កូវ ប្រាប់ថា វាគឺជានំប្រចាំហាងអ្នកទាំង ២ តែម្ដង។
ទាំងជាម្ចាស់ហាង និងចុងភៅប្ដីប្រពន្ធរុស្ស៊ីដែលចាត់ទុកកម្ពុជា គឺជាផ្ទះទី២ របស់ខ្លួនបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «នៅកម្ពុជា យើងឃើញមាននំច្រើនប្រភេទ តែមិនទាន់មានអ្នកធ្វើនំ អេក្លែរ ទេ យើងក៏យកវាជានំប្រចាំហាង។ យើងព្យាយាមរកឈ្មោះស្រដៀងនឹងវាទើបពេលនោះ Hey. Claire ជាឈ្មោះដែលយើងនឹកឃើញដោយមានសំនៀងស្រដៀង និងគួរឱ្យចាប់អារម្មណ៍»។
Hey. Claire នៅភ្នំពេញ ចាប់បើកតាំងពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំមុន បន្ទាប់ពីក្រុមហ៊ុនទេសចរណ៍របស់អ្នកទាំង ២ ត្រូវបានបិទដោយសារវិបត្តិកូវីដ។
លោក ស្តាស បានរំឭកថា៖ «មុនពេលកូវីដ យើងរស់នៅសៀមរាប និងប្រកបជំនួញដ៏ជោគជ័យទាំងសណ្ឋាគារ និងភោជនីយដ្ឋាន។ យ៉ាងណាមិញដូចជំនួញដទៃទៀតដែរ ក្នុងអំឡុងពេលកូវីដនេះ យើងត្រូវបង្ខំចិត្តបិទ។ ជំនួសឱ្យការបរាជ័យ យើងយកពេលមកអភិវឌ្ឍខ្លួន និងដើរតាមចំណូលចិត្តក្នុងការបង្កើតបង្អែមដ៏ឆ្ងាញ់»។
ឆ្លៀតឱកាសហាងបិទទ្វារ អ្នកទាំង ២ លៃលកប្រើប្រាស់ឧបករណ៍ផ្ទះបាយទៅរៀនអ្វីថ្មី។ ពេលបានរៀនពីនំផ្អែមផ្សេងៗកាន់តែច្រើន ពួកគាត់កាន់តែជក់ចិត្តនឹងគំនិតដែលចង់នាំបង្អែមមានសោភណភាពប្លែកភ្នែក និងរសជាតិសម្បូរបែបមកកាន់តុអាហារនៅកម្ពុជា។
អ្នកទាំង ២ ក្រេបយកចំណេះជំនាញនេះពីចុងភៅអន្តរជាតិល្បីៗ ដូចជាចុងភៅនំបង្អែមល្បីនៅអាមេរិក លោក Antonio Bachour ចុងភៅ Karim Bourge ចុងភៅបារាំង Cedric Grolet និងអ្នកជំនាញខាងធ្វើនំសូកូឡា គឺលោក Alexander Bordeaux។

នំអេក្លែរ ដើមកំណើតពីប្រទេសបារាំង ស្នាដៃប្ដីប្រពន្ធរុស្ស៊ីរស់នៅរាជធានីភ្នំពេញ។ រូបថត សហការី
ប្ដីប្រពន្ធដែលរស់នៅកម្ពុជាជាង ១១ ឆ្នាំ ប្រាប់ថា ពួកគេហ្វឹកហាត់តាមវគ្គសិក្សាអនឡាញរាល់ថ្ងៃរយៈពេល ៦ ខែ។
ក្រៅពីជំនាញធ្វើនំ Hey. Claire ជ្រើសរើសបានគ្រឿងផ្សំល្អបំផុតដែលអនុលោមតាមតម្រូវការ GOST & HACCP ដូចជា សូកូឡា ប៊័រ គ្រីម ឈីស និងម្សៅផ្សេងៗមកពីប្រទេសបែលហ្ស៊ិក និងបារាំង។
ចំពោះភាពវិសេសរបស់ Hey. Claire ត្រូវបានអ្នកស្រី ហ្កាលីនណា ប្រាប់ថា៖ «យើងមិនប្រើប៊ីចេង ឬក៏ប្រើល័ក្តទេ។ គ្រឿងផ្សំគ្រប់យ៉ាង គឺធម្មជាតិ។ ដើម្បីរក្សារសជាតិដើម គឺយើងមិនមានធ្វើទុកទេ គឺយើងធ្វើថ្មីៗតែម្ដង។ យើងមានទាំងជម្រើសសម្រាប់អ្នកមិនចូលចិត្ដផ្អែម ឬស្ករ។ នំ និងបង្អែមនីមួយៗត្រូវបានដាក់វេចខ្ចប់ក្នុងប្រអប់ពណ៌ស និងខ្សែបូដ៏ស្រស់ស្អាត»។
តម្លៃនំ គឺចាប់ពី ៣ ដុល្លារ។ រីឯនំខេក ការកុម្ម៉ង់តម្លៃ ១ គីឡូ ៣០ ដុល្លារ។
Hey. Claire ផ្តល់ជូននូវបង្អែមប្លែកៗ មានតុល្យភាពរវាងរសជាតិ និងគ្រឿងផ្សំល្អបំផុត។ ការច្នៃប្រឌិតរបស់ពួកគេត្រូវបានកោតសរសើរមិនត្រឹមតែពីអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពីមេចុងភៅជំនាញ និងនាយកគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋានប្រណីតៗនៅកម្ពុជាទៀតផង។
លោក Thomas Bianco នាយកគ្រប់គ្រងផ្នែកអាហារ និងភេសជ្ជៈនៅសណ្ឋាគារ Raffles និយាយថា៖ «ការស្វែងរកនំដែលមានគុណភាពល្អ គឺមិនងាយស្រួលទេ តែ Hey. Claire ធ្វើបានរូបមន្តល្អបំផុត។ មិនត្រឹមតែសោភណភាពទេ ប៉ុន្តែរសជាតិក៏ល្អអស្ចារ្យដែរ»។
អ្នកដែលបានភ្លក្សនំ Hey. Claire ម្នាក់ទៀត គឺលោក Pierre Favitski ចុងភៅ និងម្ចាស់ហាង Le Deli Bistro Gourmet ក៏បានលាន់មាត់ថា៖ «រសជាតិនំ អេក្លែរ ពួកគាត់ធ្វើបានល្អឥតខ្ចោះ បូកបញ្ចូលទាំងគំនិតច្នៃប្រឌិត រសជាតិធម្មជាតិ មិនផ្អែមពេកដែលធ្វើឱ្យអតិថិជនចង់ញ៉ាំអស់ពី ១ ប្រអប់ ទៅ ១ ប្រអប់»។
លោក Bertrand Dardé នាយកប្រតិបត្តិចុងភៅនៅ Bouchon Wine Bar ក៏ស្ញើចសរសើរថា៖ «ខ្ញុំមានការភ្ញាក់ផ្អើលនំអាចច្នៃស្រស់ស្អាតបានដល់ថ្នាក់នេះ។ រសជាតិពិតជាអស្ចារ្យ និងរីករាយទ្វេដង»។
Hey. Claire មានការដឹកជញ្ជូនទាំងក្នុងក្រុង និងតាមខេត្តដោយដាក់ប្រអប់ទឹកកក ព្រោះតែម្ចាស់ហាងតែងព្យាយាមវេចខ្ចប់ធ្វើឱ្យនំបង្អែមបានទៅដល់ដៃភ្ញៀវក្នុងទម្រង់ និងរសជាតិដើម។
ពួកគេនិយាយថា៖ «Hey. Claire សម្រាប់អ្នកមិនចង់ជ្រើសរើសរវាងរសជាតិ និងសោភណភាពពីព្រោះ Hey. Claire មានគ្រប់យ៉ាង»។
ចូលទៅកាន់ទំព័រហ្វេសប៊ុក @hey.claire.kh, និង Telegram ឬ Whatsapp +៨៥៥៧០ ៨០១ ៨៨៨៕