The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បាយ​មាន់​សែនសុខ ​​​មាន​ជាតិ​ខ្លាំង​នឹង​សាច់​មាន់​ស្រែ​ធម្មជាតិ​ពិតៗ​ អន្ទង​ចិត្ត​ភ្ញៀវ​​កុម្ម៉ង់​ខ្ចប់​ច្រើនៗ​




បាយ​មាន់​សែនសុខ ​​​មាន​ជាតិ​ខ្លាំង​នឹង​សាច់​មាន់​ស្រែ​ធម្មជាតិ​ពិតៗ​ អន្ទង​ចិត្ត​ភ្ញៀវ​​កុម្ម៉ង់​ខ្ចប់​ច្រើនៗ​

Content image - Phnom Penh Post
ហាង​បាយ​មាន់សែនសុខ ល្បីរសជាតិ​មាន់​ស្រែ​ធម្មជាតិ ចម្អិន​ដោយ​ចៀនស្រួយ និង​ចៀន​ទន់​បែប​ស្ងោរ។ ហុង មិនា

បាយ​មាន់​សែនសុខ ​​​មាន​ជាតិ​ខ្លាំង​នឹង​សាច់​មាន់​ស្រែ​ធម្មជាតិ​ពិតៗ​ អន្ទង​ចិត្ត​ភ្ញៀវ​​កុម្ម៉ង់​ខ្ចប់​ច្រើនៗ​

ភ្នំពេញ៖ មាន់​ស្រែ​ពិតៗ​​​​ជា​សាច់​ដែល​មិន​ងាយ​រក​ទិញ​​​នៅ​ទីក្រុង​នោះ​ទេ​ ហើយ​នេះ​ក៏​​ជា​ភាព​ពិសេស​​នៅ​ក្នុង​ចាន​​​​អាហារ​នៃ​ហាង «បាយ​មាន់​សែនសុខ» គួប​ផ្សំ​នឹង​រូបមន្ត​​​​ចម្អិន​​ដ៏​ឈ្ងុយ​ឆ្ងាញ់ ធ្វើ​ឱ្យ​អតិថិជន​ជា​ច្រើន​ជាប់​ចិត្ត​នឹង​សាច់​​ចិញ្ចឹម​តាម​ធម្មជាតិ​​ដ៏​មាន​ឱជារស។

ជាមួយ​ជម្រើស​បាយ​ស ឬ​​បាយ​លឿង ​សាច់​មាន់​ចៀន​ស្រួយ ឬ​ចៀន​ទន់​ស្រដៀង​ស្ងោរ​ចំហុយ ​ចាន​អាហារ​មាន​​អម​​នូវ​​ចំណិត​ត្រសក់ ​ប៉េងប៉ោះ​ ទឹកត្រី​កោះកុង ​និង​ជ្រក់​បន្លែ​យ៉ាង​ទំនង​គួរ​ឱ្យ​ចង់​ទទួល​ទាន។

បាយ​មាន់​សែនសុខ ​ដែល​បម្រើ​នូវ​​ប្រភេទ​សាច់​​មាន់​ស្រែ​ធម្មជាតិ​ពិតៗ​ និង​​​ស្នាដៃ​ចម្អិន​​ឆ្ងាញ់​ប្លែក​បាន​​បង្កើន​ឱកាស​​​ចាប់​​យក​​អតិថិជន​ បើ​ទោះ​ជា​ការ​បើក​ហាង​អំឡុង​ពេល​​វិបត្តិ​កូវីដ​​ គឺ​ជា​រឿង​ប្រថុយ​មួយ​ក៏​ពិត​មែន។

អ្នក​គ្រប់គ្រង​ហាង​បាយ​មាន់​សែនសុខ​​លោក ម៉ា ជឺយាន ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ថា​៖ «ហាង​យើង​ចាប់​បើក​តាំង​ពី​​ខែ​មីនា​ តែ​យើង​បើក​វេច​ខ្ចប់។ ទើប​តែ​ខែ​ឧសភា ​ពេល​ស្ថានភាព​ប្រសើរ​ឡើង​បន្តិច​ទើប​យើង​ចាប់​បើក​ឱ្យ​អតិថិជន​​អាច​ចូល​មក​អង្គុយ​ក្នុង​ហាង​បាន​»។

ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​ពី​ជំនឿ​ចិត្ត​បើក​ភោជនីយដ្ឋាន​​នៅ​រដូវកាល​កូវីដ​នេះ​ លោក​​​លើក​ឡើង​ថា​ ​​វា​ជា​ក្ដី​ស្រមៃ​មួយ​​របស់​លោក​តាំង​ពី​ដើម​ ​ដោយ​រូប​លោក​ក៏​ជា​អ្នក​ចូលចិត្ត​ទទួល​ទាន​បាយ​មាន់​​ ហើយ​​​គិតថា​វា​ជា​ឱកាស​ចាប់​យក​អតិថិជន​តាមរយៈ​ស្នាដៃ​ពិសេស​របស់​ចុងភៅ​ក្នុង​ពេល ​ដែល​ហាង​ជាច្រើន​ត្រូវ​បាន​បិទ​ទ្វារ​។

Content image - Phnom Penh Post

លោក ​ជឺយាន​ ប្រាប់​ថា​៖ «ភាព​ពិសេស​​របស់​ហាង​យើង​ គឺ​ជា​បាយ​មាន់ស្រែ​ធម្មជាតិ​សុទ្ធ​។ យើង​យក​មាន់​​មក​ពី​ខេត្ត​តាកែវ​ ពី​អ្នក​ដែល​យើង​ស្គាល់​ និង​ទុក​ចិត្ត​។ បាយ​យើង​មាន​ ២ ​​រសជាតិ​ គឺ​បាយ​មាន់​ចៀន​ស្រួយ ​និង​បាយ​មាន់​ចៀន​ទន់​បែប​ស្ងោរ​»។

ក្នុង​តម្លៃ​ចន្លោះ​ពី ​១២ ០០០ ទៅ ១៨ ០០០ រៀល បាយមាន់​មាន​ជម្រើស​ ​៧ ​មុខ​​ដូចជា ​ស្លាប ភ្លៅ ទ្រូង និង​​គ្រឿង​ក្នុង​។

ការ​កុម្ម៉ង​បន្ថែម​​សាច់ ជើង​មាន់ ស្លាប និង​​​​គ្រឿង​ក្នុង មាន​តម្លៃ​ចន្លោះ​ពី​ ១ ០០០ រៀល ​ទៅ​ ៨ ០០០ ​រៀល​។

រីឯ​បាយ​សាច់​ជ្រូក​តម្លៃ​ចាប់​ពី​ ៧ ០០០ រៀល​។ ហាង​ក៏​មាន​បម្រើ​ម្ហូប​ខ្មែរ​​​ជាង​ ១០ ​មុខ​ដូចជា​ ម្ជូរ​គ្រឿង ​ឡុកឡាក់​សាច់គោ ​និង​ម្ជូរ​យួន ​តម្លៃ ​១២ ០០០ រៀល​។

យ៉ាងណា​មិញ ​ហាង​​ទទួល​បាន​ការ​​កុម្ម៉ង់​ច្រើន​ជាង​គេ​ គឺ​បាយ​ភ្លៅមាន់​ទាំង​ចៀន​ស្រួយ​ និង​ចៀន​​​ទន់​បែប​ស្ងោរ​។ ក្នុង​តម្លៃ​ជាង​ ១ ម៉ឺន​រៀល​នេះ​ គឺ​ភ្ញៀវ​បាន​បាយ​ញ៉ាំ​​ ១ ឆ្អែត​ ឯ​សាច់​មាន់ស្រែ​ទៀត​សោត ក៏​មាន​ជាតិ​​ឆ្ងាញ់ និង​ត្រូវ​​បាន​ចម្អិន​​កម្ដៅ​មួយ​ល្មម​ផ្ដល់​ភាព​​ស្រួយ​ និង​ស្វិត​តិចៗ​​ជា​​ភាព​ពិសេស​របស់​មាន់​ស្រែ​ពិតៗ​។

អ្វី​ដែល​កាន់​តែ​បន្ថែម​​រសជាតិ​ឱ្យ​បាយ​មាន់​កាន់​តែ​មាន​ភាព​សម្បូរ​បែប​នោះ​ គឺ​ទឹក​ជ្រលក់​ទាំង ២ ​​ប្រភេទ​។

ក្រៅ​ពី​មាន​បម្រើ​បាយ​ម្ហូប ហាង​ក៏​មាន​បែប​ភេសជ្ជៈ​​ដូចជា​ទឹក​សណ្ដែក តៅហ៊ូ និង​មាន​គម្រោង​ដាក់​ភេសជ្ជៈ​ជាច្រើន​មុខ​ទៀត​។

ថ្វី​ដ្បិត​ថា​ ស្ថានភាព​ពី​ក្រៅ​មើល​ទៅ​ស្ងាត់​ជ្រងំ ប៉ុន្តែ​លោក ម៉ា ជឺយាន ​ថា​ហាង​មាន​ការ​មមាញឹក​ទៅ​លើ​ការ​វេច​ខ្ចប់​ច្រើន​ជាង​។ ភ្ញៀវ​ដែល​ចូល​មក​អង្គុយ​មាន​មួយៗ​តែ​ភាគ​ច្រើន​តែងតែ​កុម្ម៉ង់​ឌុប ​បន្ថែម​ដោយ​​​ការ​វេច​ខ្ចប់​ទៅ​ផ្ទះ​ទៀត​ផង​។​

Content image - Phnom Penh Post
មាន់​​ស្រែ​ធម្មជាតិ បន្ថែម​រសជាតិ​ដោយទឹកត្រីកោះកុង និង​ជ្រលក់បន្លែ​ឆ្ងាញ់ល្មម។ ហុង មិនា

ហាង​ក៏​មាន​ការ​រៀបចំ​កន្លែង​អង្គុយ​សមរម្យ​ មាន​ការ​រក្សា​គម្លាត​សុវត្ថិភាព​បាន​ត្រឹមត្រូវ​ មាន​ការ​ស្កេន​កម្ដៅ​ និង​មាន​អាល់កុល​លាង​ដៃ​​មុនពេល​ចូល​ហាង​ផង​ដែរ​។

អ្នក​គ្រប់គ្រង​វ័យ​ ៣០ ​ឆ្នាំ​រូប​នេះ​ ប្រាប់​ពី​ផែនការ​សម្រាប់​ហាង​ថ្ងៃ​ខាង​មុខ​ពេល​ស្ថានភាព​ប្រសើរ​ជាង​នេះ​ថា៖ «ប្រាកដ​ណាស់​អាជីវកម្ម​ណា​ក៏​ចង់​ពង្រីក​ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ ​និង​ធំ​ដែរ​។ យើង​មាន​គម្រោង​ច្រើន​ដែរ​គិត​ទុក​ដូចជា​​ បើក​សម្រាប់​អាហារ​ពេល​ល្ងាច​ជា​លក្ខណៈ​ស៊ុប តែ​ស្ថានភាព​បច្ចុប្បន្ន​យើង​មិន​ចង់​បង្ខំ​វា​ទេ​។ យើង​ក៏​កំពុង​ពង្រឹង​អ្វី​ដែល​យើង​មាន​សិន​ដូចជា​សេវាកម្ម​យើង​ជាដើម។ យើង​គិត​ថា ​នៅ​មាន​កម្រិត​នៅ​ឡើយ​»។

ហាង​ក៏​មាន​ប្រូម៉ូសិន​ពិសេស​សម្រាប់​សេវាកម្ម​ដឹក​ជញ្ជូន​ឥត​គិត​ថ្លៃ​សម្រាប់​អតិថិជន​ដែល​កុម្ម៉ង់​ចាប់​ពី​ ៣ ​ប្រអប់​មិន​ថា​ ទីជិត​ទីឆ្ងាយ​ចាប់ពី​ថ្ងៃ​នេះ​ ​រហូត​ដល់​ចុង​ខែ​កក្កដា​។

អតិថិជន​អាច​ទាក់ទង​កុម្ម៉ង់​បាន​តាម App ដូចជាៈ Foodpanda, Nham24, Bloc, WOWNOW និង Wing delivery។

ហាងបាយ​មាន់​សែន​សុខ​ ចាប់​បើក​ពី​ម៉ោង ៦ ព្រឹក​ដល់​ម៉ោង ៣ រសៀល និង​មាន​ទីតាំង​ស្ថិតនៅ​តាម​បណ្តោយ ផ្លូវ ឧកញ៉ា ១៩២៨ (ពី​កាំកូរ​មក​ត្រង់ ជិត​ស្តុប​បឹងបៃតង ក្រោម​ស្លាក JoTun)។

ព័ត៌មាន​បន្ថែម​ហាង​អាច​ទាក់ទង​បាន​តាម​ទូរស័ព្ទ​លេខ ០៩៨ ៤៩ ២៨២៨ និង​តាម​បណ្ដាញ​សង្គម​​​ហ្វេសប៊ុក @ChickenRiceSenSok៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍