The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កាហ្វេ​អេពិកអាត ទី​ក្រេប​ភេសជ្ជៈ​ញ៉ាំ​អាហារ​ឆ្ងាញ់ បន្ថែម​ក្ដី​ស្រឡាញ់​ដោយ​ស្នាម​ញញឹម​ពី​ជន​ពិការ




កាហ្វេ​អេពិកអាត ទី​ក្រេប​ភេសជ្ជៈ​ញ៉ាំ​អាហារ​ឆ្ងាញ់ បន្ថែម​ក្ដី​ស្រឡាញ់​ដោយ​ស្នាម​ញញឹម​ពី​ជន​ពិការ

Content image - Phnom Penh Post
កាហ្វេអេពិកអាត បម្រើអាហារពេលព្រឹក និងថ្ងៃត្រង់ មាននំ ទឹកក្រឡុក និងអាហារសម្រន់​​។ រូបថត សហ​ការី

កាហ្វេ​អេពិកអាត ទី​ក្រេប​ភេសជ្ជៈ​ញ៉ាំ​អាហារ​ឆ្ងាញ់ បន្ថែម​ក្ដី​ស្រឡាញ់​ដោយ​ស្នាម​ញញឹម​ពី​ជន​ពិការ

កំពត៖ ស្ថិត​នៅ​កាច់​ជ្រុង​វិថី​នៅ​សេសសល់​​ស្ថាបត្យកម្ម​​​​សម័យ​បារាំង​​ អេពិកអាត (Epic Arts Cafe) ជា​ហាង​កាហ្វេ​ដែល​បាន​បើក​ទ្វារ​​នៅ​ខេត្ត​កំពត​ តាំង​ពី​ឆ្នាំ​ ២០០៦ ផ្ដោត​សំខាន់​លើ​ការ​លើក​កម្ពស់​ជនពិការ ​ផ្ដល់​ការ​ហ្វឹកហាត់​​​ និង​ឱកាស​ការងារ​ក៏​ដូចជា​រសជាតិ​អាហារ ព្រម​ទាំង​ភេសជ្ជៈ​​​ឈ្ងុយ​ឆ្ងាញ់​។

ហាង​កាហ្វេ​ស្ថិត​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី ៣ ​​របស់​ អេពិកអាត​ ជា​អង្គការ​អន្តរជាតិ​នៃ​សិល្បៈ​រួម​បញ្ចូល​​​គ្នា ​មាន​ទីស្នាក់ការ​នៅ​កម្ពុជា​ និង​បាន​ចុះឈ្មោះ​ជា​អង្គការ​មនុស្សធម៌​នៅ​អង់គេ្លស​កាល​ពី​ឆ្នាំ ២០០៣។

នាយិកា​អង្គការ​ប្រចាំ​​កម្ពុជា អ្នកស្រី អុន សុខនី បាន​​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ ពី​គោលដៅ​របស់​អង្គការ​​ថា​៖ ​«យើង​ប្រើ​សិល្បៈ​ជា​ទម្រង់​បង្ហាញ​ពី​​ការ​តស៊ូ​មតិ ​និង​កម្លាំង​ចិត្ត​សម្រាប់​នាំ​មនុស្ស​មក​រួមគ្នា​ ទាំង​អ្នក​មាន​កាយសម្បទា​​មាំមួន ​និង​អ្នក​ពិការ​»។

អ្នកស្រី​​​បន្ត​ថា​៖ «យើង​មាន​ទិសដៅ​ចែក​រំលែក​​​សារ​ឱ្យ​ដឹង​ថា​ មនុស្ស​គ្រប់​រូប​​ត្រូវ​បាន​រាប់​បញ្ចូល​ដោយ​បាន​​អនុវត្ត​តាម​កម្មវិធី ​៣ ​​របស់​អង្គការ​នោះ​គឺ កម្មវិធី​អប់រំ​បញ្ចូល​គ្នា សិល្បៈ​ក្នុង​សហគមន៍ និង​អាជីវកម្ម​សង្គម​»។

មក​ទល់​ពេល​នេះ អ្នកស្រី​ថា​​ ហាង​កាហ្វេ​អាច​បណ្ដុះបណ្ដាល​បុគ្គលិក​បាន​ជាង ​៤០ ​នាក់ ​ក្នុង​សេវា​អាហារដ្ឋាន​ ដែល​ភាគ​ច្រើន​ គឺ​ជា​ជនពិការ ​​​ទាំង​អ្នក​ពិការ​គថ្លង់​ អ្នក​ពឹង​ផ្អែក​រទេះ​រុញ​ និង​ប្រើប្រាស់​ឈើ​ច្រត់​។

Content image - Phnom Penh Post
ស្ថិត​នៅ​ទឹកដី​ខេត្ត​កំពត ហាងកាហ្វេស្ថិតក្នុងកម្មវិធីមួយក្នុងចំណោមកម្មវិធី៣ របស់អង្គការ អេពិកអាត​​។ រូបថត សហ​ការី

ក្នុង​ចំណោម​នោះ​លោក ឡៃ ណូត ដែល​មាន​​​ពិការ​ភាព​គថ្លង់ មាន​នាទី​ជា​​អ្នក​គ្រប់គ្រង​កាហ្វេ អេពិកអាត។

លោក​​បាន​រៀបរាប់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ តាមរយៈ​អ្នក​បកប្រែ​សញ្ញា​លោក អុន ចំរើន​ យ៉ាងដូច្នេះ​​ថា​៖ «ខ្ញុំ​បម្រើការ​ជា​អ្នក​មើល​ការ​ខុស​​ត្រូវ​នៅ​ហាង​​បាន ​៤ ​ឆ្នាំ​ ហើយ​ក៏​ជា​អ្នក​រាំ​ និង​សម្ដែង​​ក្នុង​អង្គការ​ដែរ​។ នៅ​អង្គការ​ ខ្ញុំ​បាន​រៀន​ភាសា​ខ្មែរ អង់គ្លេស រួម​ទាំង​ការ​រាំ​ផ្សេងៗ​។​ ពេល​នេះ​ខ្ញុំ​អាច​សរសេរ​​ខ្មែរ ​និង​អង់គ្លេស​បាន​ខ្លះៗ​។

លោក​បន្ថែម​ទៀត​ថា​៖ «ចំពោះ​ហាង​​វិញ​ខ្ញុំ​អាច​រៀន​ជំនាញ​ម្ហូប​ភេសជ្ជៈ​​ផ្សេងៗ​ ដូចជា​ផ្លែ​ឈើ​ក្រឡុក ឆុង​កាហ្វេ​ និង​អ្វី​​​ច្រើន​ទៀត​»។

ហាង​​កាហ្វេ​ប្រើ​ភាសា​​ ខ្មែរ អង់គ្លេស និង​ភាសា​សញ្ញា​ក្នុង​ការ​ទំនាក់ទំនង​ដែល​មិន​មាន​អ្វី​រាំង​ស្ទះ​​​ការងារ​ទេ​។

សម្រាប់​អតិថិជន​វិញ​ នៅ​ក្នុង​បញ្ជី​រាយ​នាម​មុខ​ម្ហូប​មាន​​​​ភាសាអង់គ្លេស ភាសាខ្មែរ ​និង​​រូបភាព​។ ភ្ញៀវ​ក៏​អាច​ប្រើ​ប៊ិចគូស​​លើ​មុខ​ម្ហូប​ត្រូវ​​កុម្ម៉ង់​។ ក្នុង​នោះ​ក៏​មាន​ភាសា​សញ្ញា​ងាយៗ​ ​ដើម្បី​ឱ្យ​ភ្ញៀវ​រៀន​ដូចជា​ ការ​​សួរ​រក​បន្ទប់​ទឹក​ សុំ​​ទឹក​បន្ថែម​ ឬ​ស្នើ​សុំ​​អ្វី​តិចតួច​។

ចាប់​បើក​ពី​ម៉ោង​ ៧ ​ព្រឹក ទៅ​ ៤ ​ល្ងាច កាហ្វេ​អេពិកអាត​ បម្រើ​អាហារ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់ រួមមាន​​នំ ទឹក​ក្រឡុក និង​អាហារ​សម្រន់​​ផ្សេងៗ​ ដោយ​​​ ៦០ ភាគរយ​​ គឺ​អាហារ​​បរទេស និង​ ៤០ ភាគរយ ​ជា​​ម្ហូប​ខ្មែរ​។ ​ហាង​ក៏​មាន​​ដាក់​​លក់​ផ្លែ​ឈើ​តាម​រដូវ​នៅ​ទឹកដី​​​កំពត​ផង​​ដែរ​។

បំពាក់​ទៅ​ដោយ​សេវា​អ៊ីនធឺណិត​ល្បឿន​​លឿន​ល្អ​ ភ្ញៀវ​អាច​មក​អង្គុយ​ញ៉ាំ​នំ​ ក្រេប​ភេសជ្ជៈ ធ្វើ​ការ​ ឬ​សិក្សា។ ហាង​ក៏​មាន​ការ​ទទួល​កក់​រៀបចំ​សម្រាប់​ប្រជុំ​ និង​ជំនួប​ជា​ក្រុម​​។

ក្រៅ​ពី​លើក​កម្ពស់​​ជន​មាន​ពិការភាព អេពិកអាត ក៏​​ប្រកាន់​ខ្ជាប់​គោលការណ៍​បរិស្ថាន​ផង​ដែរ។

នាយិកា​អង្គការ​​វ័យ ៣៩ ​ឆ្នាំ​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា​៖ «​​នៅ​កន្លែង​យើង​ មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើ​​ប្លាស្ទិក​ទេ​ តែ​ព្យាយាម​កាត់​បន្ថយ​។ ដូច្នេះ​រាល់​ការ​វេច​ខ្ចប់​ យើង​ទាំង​​ប្រអប់​ ទាំង​ទុយោ​ គឺ​ប្រើ​អ្វី​ដែល​អាច​រលាយ​បាន​»។

ដើម្បី​សម្រប​នៅ​ក្នុង​ស្ថានភាព​កូវីដ​នេះ ​ហាង​បាន​កែ​សម្រួល​​បញ្ចូល​អាហារ​​ខ្មែរ​ច្រើន ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​​ក្នុងស្រុក​ និង​មាន​ការ​ដឹក​ជញ្ជូន​តាម Nham 24។ ​សម្រាប់​អង្គការ​ដៃគូ​នៅ​ខេត្ត​កំពត​ ឬ​ក្រុម​យុវជន​​​ធ្វើ​ការ​ជួយ​សង្គម​ ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ផង​ដែរ។​

រយៈពេល​ ១៥ ​ឆ្នាំ​ ដែល​កាហ្វេ​អេពិកអាត អាច​ឈរ​ជើង​បាន​ គឺ​ការ​​តស៊ូ​រួម​ចំណែក​​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ជនពិការ ភ្ជាប់​ជាមួយ​សារ​ទៅ​កាន់​មហាជន​ថា៖ «ពិការភាព​ ពុំ​មែន​ជា​ឧបសគ្គ​ឈាន​ទៅ​រក​ការងារ​​​ត្រឹមត្រូវ និង​មោទនភាព​» នោះ​ទេ។

អ្នកស្រី​ សុខនី បន្ត​ថា៖ «យើង​នៅ​តែ​អាច​ផ្ដល់​ការងារ​ឱ្យ​ជនពិការ​ និង​តស៊ូ​មតិ​សម្រាប់​សិទ្ធិ​ពួក​គាត់​ បើ​ទោះ​ជា​ស្ថានភាព​​កូវីដ​យើង​លំបាក​ខ្លាំង​ក៏​ដោយ​។ មួយ​ទៀត​ គឺ​យើង​មាន​មោទនភាព​ដែល​ឃើញ​គាត់​កើន​ជំនាញ មាន​ទំនុក​ចិត្ត​ ​ឯករាជ្យ និង​ប្រាក់​ចំណូល​អាច​ចិញ្ចឹម​គ្រួសារ​»។

Content image - Phnom Penh Post
រាល់បុគ្គលិកសុទ្ធតែទទួលបានការបង្រៀនភាសាសញ្ញាសាមញ្ញសម្រាប់ទាក់ទងគ្នា។ រូបថត សហ​ការី

រីឯ​អ្នក​មើល​ការ​ខុស​ត្រូវ​ហាង​​​វ័យ​ ៣១ ​ឆ្នាំ​ លោក ណូត ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ដែល​បាន​ធ្វើ​ការ​​នៅ​កាហ្វេ អេពិកអាត​ ព្រោះ​បុគ្គលិក​​​ងាយ​ស្រួល​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​តែងតែ​​យក​អាសា​​គ្នា​ទៅ​វិញ​ទៅមក​។

លោក​ក៏​​ផ្ដាំ​ផ្ញើ​ដែរ​​ថា​៖ «សូម​ឱ្យ​មនុស្ស​ទាំង​អស់​ស្រឡាញ់​ និង​ជួយ​គាំទ្រ​គ្នា​ មិន​ថា​អ្នក​នោះ​មាន​រូបរាង​ ឬ​ពណ៌​សម្បុរ​​បែបណា​ទេ​ ហើយ​នៅ​ពេល​ហាង​រើស​បុគ្គលិក​បន្ថែម​​ គឺ​ជន​ពិការ​ ដែល​ចង់​ស្វែងរក​ការងារ​អាច​មក​ដាក់​ពាក្យ​​បាន​»​។

អ្នកស្រី សុខនី​ បាន​បន្ថែម​ថា ​រាល់​ចំណូល​កាហ្វេ ​អេពិកអាត​ ​​មួយ​ផ្នែក​ត្រូវ​យក​ទៅ​ទ្រទ្រង់​​​កម្មវិធី​អង្គការ​។

នាយិកា​អង្គការ​​រូប​នេះ​អំពាវនាវ​ថា៖ «ដូច្នេះ​ខ្ញុំ​ចង់​ឱ្យ​ភ្ញៀវ​​ជួយ​គាំទ្រ​ហាង​កាហ្វេ​យើង ​ព្រោះ​វា​មិនមែន​ត្រឹម​ជា​អាហារដ្ឋាន​​ទេ វា​ជា​កន្លែង​ជួយ​ដល់​បញ្ហា​សង្គម ជួយ​លើក​កម្ពស់​សិទ្ធិ​ និង​ផ្ដល់​ការងារ​ដល់​ជនពិការ​។ យើង​មិនមែន​ផ្ដោតលើ​ហេតុផល​ខាង​លើ​ហើយ​ទាមទារ​ឱ្យ​ភ្ញៀវ​មក​ទេ ព្រោះ​ម្ហូប​យើង​ក៏​ឆ្ងាញ់​ មាន​គុណភាព​ល្អ សេវាកម្ម​ល្អ ទីតាំង​ល្អ​ជា​ប្រយោជន៍​សម្រាប់​ទាំង​ភ្ញៀវ​ និង​សង្គម​»។

ព័ត៌មាន​បន្ថែមនៅ​ទំព័រ​ហ្វេសប៊ុក @everypersoncounts និង @EpicArtsCafe៕

អត្ថបទគួរចាប់អារម្មណ៍