ទីក្រុងឡាអេ៖ ធីបទឹកសូកូឡាក្ដៅៗមួយពេលសិន។ ភេសជ្ជៈត្រជាក់ផលិតចេញពីផ្នែកខ្លះនៃផ្លែកាកាវ ដែលធ្លាប់តែត្រូវបានគេបោះចោល បានទាក់ទាញអ្នកក្រេបភេសជ្ជៈដែលគិតគូរពីសុខភាព និងបរិស្ថាន។
ភេសជ្ជៈ Elix ត្រូវបានដាក់បង្ហាញកាលពីសប្ដាហ៍មុនដោយក្រុមហ៊ុនស្វីស Barry Callebaut ដែលជាក្រុមហ៊ុនផលិតសូកូឡាធំបំផុតរបស់ពិភពលោក។
ការបង្កើតភេសជ្ជៈថ្មីចម្រាញ់ពីផ្លែកាកាវដែលជាធម្មតាត្រូវគេបោះចោលនោះ គឺជាផ្នែកមួយនៃនិន្នាការរីកចម្រើនក្នុងការប្រើប្រាស់ធនធានផ្លែឈើ ១០០ ភាគរយនៅក្នុងអាហារកែច្នៃ ដើម្បីកាត់បន្ថយកាកសំណល់ និងសម្ពាធលើបរិយាកាស។
ជាធម្មតាផ្លែកាកាវ ៧០ ភាគរយ រួមទាំងសម្បក ផ្លែ និងទឹក ត្រូវបានគេបោះបង់ចោល ក្រៅពីការប្រើគ្រាប់របស់វាចម្រាញ់ធ្វើជាសូកូឡា។
លោក Peter Boone នាយកប្រតិបត្តិរបស់ Barry Callebaut បានប្រាប់ទីភ្នាក់ងារ AFP មុនព្រឹត្តិការណ៍បើកដំណើរការនៅទីក្រុងអាំស្ទែដាំថា៖ «វា [ទឹកផ្លែកាកាវ] មានរសជាតិឈ្ងុយឆ្ងាញ់រសជាតិផ្លែឈើ ហើយវាក៏មានគុណប្រយោជន៍ដល់សុខភាពផងដែរ»។
ភេសជ្ជៈនេះបានបើកដំណើរការជាលើកដំបូងនៅទ្វីបអឺរ៉ុប ដោយទីភ្នាក់ងារសុវត្ថិភាពម្ហូបអាហាររបស់សហភាពអឺរ៉ុបបានគាំទ្រការអះអាងថា សារធាតុ flavanols ដែលវាផ្ទុកមានអត្ថប្រយោជន៍ដល់ចរន្តឈាម។
ការអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ក៏ត្រូវបានរំពឹងថា នឹងធ្វើឡើងនៅនិទាឃរដូវឆ្នាំ ២០២២ ។
Elix គឺជាសមិទ្ធផលថ្មីបំផុតរបស់ក្រុមហ៊ុនផ្គត់ផ្គង់អាហារយក្សដូចជា Nestle, Unilever និង Mondelez ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួន ខណៈតម្រូវការសូកូឡានៅទីផ្សារប្រទេសអភិវឌ្ឍមានការធ្លាក់ចុះ។
នៅឆ្នាំ ២០១៧ ក្រុមហ៊ុន Barry Callebaut បានដាក់បង្ហាញសូកូឡាពណ៌ផ្កាឈូកប្រភេទថ្មីដែលមានឈ្មោះថា Ruby។ នៅឆ្នាំ ២០១៩ ក្រុមហ៊ុនក៏បានចាប់ផ្តើមច្នៃសូកូឡាប្រភេទថ្មីដោយប្រើផ្លែកាកាវទាំងមូល។
កិច្ចខិតខំប្រឹងប្រែងដើម្បីប្រើផ្លែកាកាវទាំងអស់មកច្នៃធ្វើចំណីអាហារ ត្រូវបានធ្វើឡើងឆ្លើយតបនឹងការរិះគន់ថាឧស្សាហកម្មសូកូឡារួមចំណែកបំផ្លាញព្រៃឈើនៅក្នុងប្រទេសផលិតកំពូលៗគឺ កូតឌីវ័រ និងហ្គាណា។
ក្រុមបរិស្ថាន Mighty Earth ក្នុងឆ្នាំ ២០១៧ បានបញ្ចេញឈ្មោះប៊្រេន Barry Callebaut ក្នុងចំណោមអ្នកផលិតដែលបានជំរុញដោយប្រយោលនូវការបាត់បង់ឧទ្យានជាតិរហូតដល់ ៩០ ភាគរយនៅក្នុងប្រទេសទាំងនោះ។
លោក Boone បាននិយាយថា ភេសជ្ជៈថ្មីនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាខាងលើ។
លោកបានបន្តថា៖ «យើងបានចាប់ផ្តើមកែច្នៃកាកសំណល់ និងបង្កើតតម្លៃកាន់តែច្រើននៅទីបញ្ចប់សម្រាប់កសិករ ហើយយើងក៏នឹងធ្វើឱ្យកាន់តែប្រសើរដល់បរិស្ថានផងដែរ»៕ AFP