ភ្នំពេញ: ធ្លាប់ឮតែនំប៉ាវចំហុយ តែពេលនេះមាននំប៉ាវដុត ដែលរំលេចនូវពណ៌ចម្រុះ ដូចជា ពណ៌លឿង បៃតង ខ្មៅ ស្វាយ និងសូកូឡា គ្រាន់តែមើលក៏ល្មមធ្វើឱ្យអ្នកមើលកូរពោះដែរ។ នេះមិនរាប់ទាំងរសជាតិ រូបសណ្ឋាន ក្លិនឈ្ងុយ និងភាពស្រួយផង។ នំប៉ាវដុត មានលក់នៅហាង KIN Bun House បន្ថែមពីលើនោះក៏មាននំប៉ាវចំហុយ ឌីមសាំ អាហារសម្រន់ បាយ និងភេសជ្ជៈច្រើនទៀត។
ហាងទើបធ្វើការបើកសម្ពោធកាលពីថ្ងៃទី ១៨ ខែតុលាកន្លងទៅ ដោយស្ថាបនិកជាជនជាតិថៃ-ខ្មែរ លោក ថានិសន សេថាស៊ុផាង។
លោកបាននិយាយថា៖ «តាមពិត យើងបើកតាំងពី ២ ខែមុន តែយើងផ្ដើមពីការដឹកជញ្ជូន ហើយកាលនោះអាហារប្រចាំហាង គឺនំប៉ាវដុតនេះឯង។ ទើបតែ ២ ខែក្រោយនេះ យើងចាប់ផ្ដើមសាកល្បងធ្វើឌីមសាំ ភេសជ្ជៈ និងផ្សេងៗ រួចបញ្ចូលមកក្នុងម៉ឺនុយរបស់យើង»។
ការសម្រេចបើកហាងក្នុងអំឡុងកូវីដនាំឱ្យមានចម្ងល់ជាច្រើន តែលោក ថានិសន អះអាងថា វាល្មមហើយសម្រាប់រយៈពេលជិត ២ ឆ្នាំ ក្នុងការបិទប្រទេស។ មិនមែនថា លោកមិនខ្លាចទេ តែវាគួរដល់ពេលក្នុងការបញ្ចប់ជំងឺរាតត្បាតនេះ ដោយសារតែស្ថានការណ៍អាចគ្រប់គ្រងបាន។
ចំពោះការបើកយីហោ KIN Bun House ដោយខ្លួនឯងស្ថាបនិករូបនេះឱ្យដឹងថា គំនិតផ្ដួចផ្ដើមមានតាំងពី ២ ឆ្នាំមុន។ មូលហេតុដែលអូសបន្លាយដល់ពេលនេះ គឺព្រោះតែដំបូងលោកចង់ទិញឈ្មោះពីស្រុកក្រៅ។
ប៉ុន្តែបន្ទាប់ពីត្រូវបដិសេធជាច្រើនដង លោកក៏សម្រេចចិត្តថា នឹងបង្កើតយីហោដោយខ្លួនឯង ហើយនឹងធ្វើវាឱ្យបានល្អរហូតដល់គោលដៅចុងក្រោយ គឺពង្រីកយីហោពីក្នុងស្រុកទៅក្រៅស្រុកវិញ។
ម្ចាស់ហាងវ័យ ៣០ ឆ្នាំរូបនេះ បានឱ្យដឹងថា៖ «និយាយស្មោះត្រង់ទៅដំបូងក៏តាំងចិត្តថា នឹងជួលចុងភៅពីហុងកុងដែរ។ ប៉ុន្តែបន្ទាប់ពីបានភ្លក្សស្នាដៃចុងភៅខ្មែរដែលមានបទពិសោធច្រើនឆ្នាំ ខ្ញុំត្រូវទទួលស្គាល់ថា ខ្មែរពិតជាមានជំនាញក្នុងការធ្វើម្ហូបហើយធ្វើបានឆ្ងាញ់ទៀតផង។ ដូច្នេះពេលនេះមិនថា ជាចុងភៅ និងបុគ្គលិក គឺសុទ្ធតែខ្មែរ»។
ធំធាត់ក្នុងគ្រួសារអាស៊ីបែបចិន ថៃ និងខ្មែរ លោកដឹងច្រើនពីរូបមន្តក្នុងការធ្វើយ៉ាងណាឱ្យសមស្របជាមួយនឹងរសជាតិខ្មែរ ដោយលោកបង្រៀន និងធ្វើការជាមួយចុងភៅក្នុងស្រុក ដើម្បីបង្កើតជារូបមន្តថ្មីៗផងដែរ។
ម្ចាស់ហាងដែលគ្រួសារមានអាជីវកម្មលក់សម្ភារប្រើប្រាស់ក្នុងផ្ទះជាង ៣០ ឆ្នាំលោក ថានិសន ឱ្យដឹងថា បើអ្នកធ្លាប់ទៅហុងកុង ឌីមសាំទីនោះខុសពីរសជាតិទីនេះណាស់។ បងប្អូនខ្មែរខ្លះថា រសជាតិដិតខ្លាំងពេក ខាងហាងក៏កែសម្រួលតាមនោះ។ ដូច្នេះឥឡូវទីនេះមានរសជាតិ រូបមន្តលាយគ្នាទាំង ខ្មែរ ថៃ និងចិន។

លោក ថានិសន បន្ដថា៖ «ទោះជាមិនអាចនិយាយបានថា វាជាហាងហុងកុង ប៉ុន្តែខាងយើងមានមុខម្ហូបមួយចំនួនដែលមានរសជាតិដើមពីហុងកុង ហើយក៏មានមុខម្ហូបដែលហាងចេញរូបមន្តដោយផ្ទាល់»។
ជាក់ស្ដែង ក្រោយពីការបើកសម្ពោធមិនបានប៉ុន្មាន ហាងមានភ្ញៀវជាច្រើនចូលមកទទួលទាន រួមទាំងភ្ញៀវ ចិន-កន្តាំង និងហុងកុងបានកោតសរសើរពីឌីមសាំប្រភេទ ហាកាវ ដែលមានរសជាតិដូចនៅហុងកុង និងថ្មីស្រស់ដោយម្ចាស់ហាងបញ្ជាក់ថា ព្រោះហាងធ្វើគ្រប់យ៉ាងដោយផ្ទាល់។
ក្រៅពីនេះ ស៊ីវម៉ៃបង្គា រូបមន្តសម្បូរបែបបានផ្ដល់រសជាតិចេញពីបង្គាស្រស់សាច់ទន់ រួមទាំងម្សៅសម្បកគាវក្ដោបពីក្រៅមានជាតិ មិនមានខ្លាញ់ធ្វើឱ្យរងាន់ ជាមួយទឹកជ្រលក់ ធ្វើឱ្យមុខម្ហូប ១ ចាននេះកាន់តែជាប់ចិត្ត ទទួលទានមិនជិនណាយ។ រសជាតិ សណ្ឋាន និងសោភណភាពបង្ហាញឱ្យឃើញពីភាពប៉ិនប្រសប់ និងថ្វីដៃនៃការចម្អិនរបស់ចុងភៅតែម្ដង។
ដូចគ្នាដែរ នំប៉ាវដុតស្រួយៗ ក៏ទទួលបានការគាំទ្រច្រើនពីអតិថិជន ដោយសារភាពប្លែកនៃរសជាតិស្នូលនីមួយៗ រួមមាន ស្នូលតែបៃតង ប៉ាតេ និងសូកូឡា ដែលទាំងសាច់ម្សៅ សាច់លាយជាស្នូល សុទ្ធតែមានរសជាតិល្មម ហើយបើទទួលទាននៅក្ដៅៗ គឺអាចពណ៌នាយ៉ាងខ្លីសាមញ្ញថា ១០ ពិន្ទុពេញ។
បាយដំណើបចំហុយស្លឹកឈូក សាច់ជ្រូក និងជើងមាន់ចំហុយសៀងខ្មៅក៏ពេញនិយម។ តាំងពីនំប៉ាវដុតមកដល់បាយ ១ ឆ្អែត តម្លៃចន្លោះពី ៥ ពាន់ ទៅជាង ១ ម៉ឺនរៀលប៉ុណ្ណោះ។
យ៉ាងណាមិញ លោកសារភាពថា ចន្លោះខ្វះខាតនៅតែមាន ជាក់ស្ដែងនំប៉ាវដុតដែលតាមការដឹកជញ្ជូន វាទៅប្រែជាទន់ និងមិនស្រួយដូចក្នុងហាង។ លោកកំពុងតែព្យាយាមរកវិធីដើម្បីឱ្យអតិថិជន ទទួលបានរសជាតិដើមដូចក្នុងហាង។
ចំពោះបរិយាកាសក្នុងហាងផ្ទាល់លោកថា៖ «យើងព្យាយាមធ្វើយ៉ាងណាឱ្យនៅតែមានអនាម័យ រក្សាចំនួនភ្ញៀវក្នុងអប្បបរមា និងមានលក្ខណៈកក់ក្ដៅ ពីព្រោះមិនចង់ឱ្យវាត្រឹមជាហាងសម្រាប់មកញ៉ាំបាយ ១-២ ម៉ោងចប់ទេ តែអាចមកអង្គុយលេង ធ្វើការ ឬស្រស់ស្រូបអាហារថ្ងៃត្រង់»។

បន្ថែមពីនោះ លោក ថានិសន បានឱ្យដឹងពីគោលការណ៍សំខាន់ ៣ របស់ហាង គឺភាពងាយស្រួលទាំង (ការកុម្ម៉ង់ និងទីតាំង) តម្លៃសមរម្យ និងមានគុណភាព។
លោកអះអាងថា ថ្វីដ្បិតតែវាជាហាងឌីមសាំ តែហាងបានបូកបញ្ចូលនូវវប្បធម៌ ប្រពៃណី និងរសជាតិរបស់ខ្មែរចូលទៅក្នុងម្ហូប ដូចជា នំប៉ាវប៉ាតេជាការបំផុសគំនិតពីនំប៉័ងសាច់ខ្មែរ។
ជាចុងក្រោយលោក ថានិសន បានលើកឡើងទៀតថា៖ «ខ្ញុំគិតថា ខ្ញុំប្រាប់លោកអ្នកពីអ្វីដែលយើងមាន ឬអាហារដែលយើងព្យាយាមសម្រិតសម្រាំងយ៉ាងខ្លាំង ដើម្បីបង្កើតម៉ឺនុយ និងរូបមន្តថ្មីៗទាំងនេះ មិនសំខាន់ដូចពេលដែលលោកអ្នកបានមកភ្លក្សតែម្ដងទេ»។
ហាង KIN Bun House បើកជារៀងរាល់ថ្ងៃពីម៉ោង ៧ ព្រឹកដល់ម៉ោង ៨ យប់ និងមានទីតាំងនៅលើផ្លូវ ៩៥ កែងផ្លូវម៉ៅសេទុង។
សម្រាប់ការដឹកជញ្ជូន គឺអាចកុម្ម៉ង់បានតាម NHAM 24, Grab ឬទាក់ទងមកលេខហាងផ្ទាល់ ០៩៣ ២៨៥ ៥៩៩។
សម្រាប់ព័ត៌មានបន្ថែមហាងអាចទាក់ទងបានតាមរយៈទំព័រហ្វេសប៊ុក @KINBunHouse៕