The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្ទះ Chef Nak ជា​កន្លែង​ទទួលទាន​អាហារ​ល្អ​បំផុត ១ ​ក្នុង​ពិភព​លោក

ផ្ទះ Chef Nak ជា​កន្លែង​ទទួលទាន​អាហារ​ល្អ​បំផុត ១ ​ក្នុង​ពិភព​លោក

Content image - Phnom Penh Post
បទពិសោធ​ទទួលទានអាហារនៅផ្ទះបុរាណ​​ដង​ទន្លេមេគង្គ​។ រូបថត Veassna/Courtesy of Chef Nak

ផ្ទះ Chef Nak ជា​កន្លែង​ទទួលទាន​អាហារ​ល្អ​បំផុត ១ ​ក្នុង​ពិភព​លោក

ភ្នំពេញ: ក្នុង​ចំណោម​ភោជនីយដ្ឋាន​ពោរពេញ​ដោយ​សិល្បៈ​ចម្អិន​ម្ហូបអាហារ ការ​គិតគូរ​ពី​និរន្តរភាព​បរិស្ថាន​ភព​ផែន​ដី និង​បង្កប់​រឿង​រ៉ាវ​ប្រពៃណី​វប្បធម៌​ដ៏​អស្ចារ្យ​នៅ​អេស្ប៉ាញ ប៉េរូ​សហរដ្ឋអាមេរិក​ ថៃ ដាណឺម៉ាក​ នូវែលសេឡង់ ចិន ជប៉ុន អ៊ីតាលី និង​ម៉ិកស៊ិក អាហារ​នៅ​​ផ្ទះ​ប្រពៃណី​បុរាណ​មួយ​​​តាម​ដង​ទន្លេ​មេគង្គ ត្រូវ​បាន​​ចាត់​ទុក​ជា​បទពិសោធ​ទទួលទាន​អាហារ​​ដ៏​ល្អ​បំផុត​​ទាំង​ ១៤ ​កន្លែង​មក​ពី​ជុំវិញ​ពិភព​លោក។

នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​ពី​ទស្សនាវដ្ដី​ទេសចរណ៍​ដ៏​ល្បីល្បាញ Travel and Leisure មាន​មូលដ្ឋាន​ឯក្រុង​ញូវយ៉ក។

រាប់​តាំង​ពី​ការ​ទទួល​ទាន​អាហារ​អង្រួន​ពហុញាណ រហូត​ដល់​ការ​បរិភោគ​ជា​លក្ខណៈ​ដំណើរ​កម្សាន្ត ភោជនីយដ្ឋាន​​នេះ​ត្រូវ​បាន​​ផ្ដល់​គុណ​តម្លៃ​ជា​ទីកន្លែង​ភ្ញៀវ​ទេសចរ​គួរ​​ដាក់​គម្រោង​ហោះហើរ​​​ទៅ​ភ្លក្ស​អាហារ​ផ្ទាល់​។

Chef Nak Home Dining ជា​សំណង់​ផ្ទះ​បុរាណ​ ដែល​មេ​ចុងភៅ​ខ្មែរ​​ល្បីល្បាញ អ្នកស្រី រស់ រតនៈ ហៅ Chef Nak ផ្ដល់​នូវ​បទពិសោធ​អាហារ​​ដ៏​ប្រណីត​ឈ្ងុយឆ្ងាញ់ ក្នុង​បរិយាកាស​ដ៏​សែនមនោរម្យ​​នៃ​ទេសភាព​ដង​ទន្លេ​ក្នុង​ចម្ងាយ​ធ្វើ​ដំណើរ​តែ​ ៤៥ ​នាទី​ពី​រាជធានី​ភ្នំពេញ។

ឆ្លើយ​តប​នឹង​ការ​​ចុះផ្សាយ​ពី​វេបសាយ​ទស្សនាវដ្ដី​ទេសចរណ៍​នេះ​ Chef Nak បាន​សរសេរ​ថា៖ «ខ្ញុំ​ពិត​ជា​រីករាយ​ដែល​​ប្រទេស​កម្ពុជា​ ក៏​មាន​ឈ្មោះ​ជា​កន្លែង​ទទួលទាន​អាហារ​ល្អ​បំផុត​ទាំង ១៤ ក្នុង​ពិភពលោក»។

ម្ចាស់​សៀវភៅ​ម្ហូប «ញ៉ាំ» រូប​នេះ​​​បាន​បន្ត​ទៀត​ថា៖ «​ប្រទេស​កម្ពុជា ​មាន​រឿង​ជា​​ច្រើន​ទៀត​ដែល​ពិភព​លោក​គួរ​តែ​ដឹង ជាពិសេស​ប្រពៃណី វប្បធម៌ ដូចជា​ម្ហូប​អាហារ​​ជាដើម»។

អស់រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ អ្នកស្រី Chef Nak បាន​សាង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ក្នុង​វិស័យ​ម្ហូប​ខ្មែរ និង​បាន​បម្រើ​អាហារ​ប្រណីត​នៅ​ភោជនីយដ្ឋាន​នៃ​សណ្ឋាគា​រ៉ូសវូដ​ភ្នំពេញ។

សព្វ​ថ្ងៃ អ្នកស្រី​​កំពុង​ដំណើរការ​សាងសង់​ផ្ទះ​ថ្មី ដែល​គ្រោង​នឹង​បើក​ដំណើរការ​ចុង​ឆ្នាំ​នេះ ជា​ទីតាំង​បម្រើ​ការ​ម្ហូបអាហារ និង​ផ្ទះ​ស្នាក់។

ចុងភៅល្បី​ដែល​តែង​ទន្ទេញ​ជាប់​មាត់​នូវ​បេសកកម្ម​ «ធ្វើ​ឱ្យ​ម្ហូប​ខ្មែរ​មាន​ភាព​ល្បីល្បាញ និង​ទទួល​ស្គាល់​នៅ​ទូទាំង​ពិភព​លោក» រូប​នេះ​ គ្រោង​នឹង​ផ្ដល់​បន្ទប់​ធំ​ចំនួន​ ២ សម្រាប់​ការ​ស្នាក់នៅ​ បន្ថែម​ពី​លើ​ទីតាំង​បង្រៀន​ធ្វើ​ម្ហូប និង​សួន​ដំណាំ​។ ខណៈ​ភ្ញៀវ​អាច​ធ្វើ​ដំណើរ​ទៅ​តាម​រថយន្ត​តាក់ស៊ី​ទៅ​ផ្ទះ​របស់​ Chef Nak អ្នកស្រី​ក៏​គ្រោង​នឹង​ផ្ដល់​សេវា​ជិះទូក​ពី​រាជធានី​មក​​កាន់​ផ្ទះ​នៅ​ដង​ទន្លេ​មេគង្គ ដើម្បី​ផ្ដល់​នូវ​ចំណី​ចក្ខុ​ទស្សនីយភាព​ដ៏​ស្រស់ត្រកាល​មុន​នឹង​ចាប់​ផ្ដើម​បម្រើ​អាហារ​ទទួលទាន​អាហារ​ផង​ដែរ​៕

អត្ថបទគួរចាប់អារម្មណ៍