ពិព័រណ៍សិល្បៈជាមួយបណ្ដុំគំនូរផ្គុំធរណីមាត្របែបអរូបី ស្នាដៃសិល្បការិនីខ្មែរបារាំង Adana Mam Legros និងកម្រងរូបថតសិល្បៈដ៏បង្កប់អត្ថន័យរបស់អ្នកថតរូប Tytaart ត្រូវបានដាក់សម្ពោធជាផ្លូវការនៅវិចិត្រសាលសណ្ឋាគារ Rosewood ភ្នំពេញកាលពីថ្ងៃពុធ ទី ៩ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិតិ្តយស អ្នកសិល្បៈ និងបណ្ដាអ្នកស្នេហាសិល្បៈនៅកម្ពុជា។ ពិព័រណ៍សិល្បៈ Complementarity មានបំណងរំលេចនូវអត្ថន័យដ៏ជ្រាលជ្រៅ និងភាពសំខាន់នៃភាពចុះសម្រុង សុខដុមរមនា សេចក្ដីមេត្តា អាណិតអាសូរ គុណធម៌ និងការទទួលខុសត្រូវដ៏សំខាន់ក្នុងសង្គម។ វិចិត្រសាលដែលរំលេចដោយស្នាដៃគំនូរ និងរូបថតលើជញ្ជាំងក៏មានការចូលរួមបង្ហាញឈុតសម្លៀកបំពាក់ច្នៃម៉ូដដោយអ្នកច្នៃម៉ូដល្បីល្បាញ Eric Raisina និង Romyda Keth ដែលស្ដែងពីភាពសហការគ្នារវាងសិល្បករ-សិល្បការិនីមកពីគ្រប់ទម្រង់វិស័យ៕ រូបថត ហ៊ាន រង្សី