ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប នឹងចាក់វ៉ាក់សាំងដល់បុគ្គលិករបស់ខ្លួនប្រមាណ ៣ ០០០ នាក់ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវបានអនុវត្តដោយក្រសួងសុខាភិបាល។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដនេះត្រូវបានចាប់ផ្តើមធ្វើឡើងនៅសណ្ឋាគារឈានមុខមួយ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមគម្រោង CSR របស់ក្រុមហ៊ុន។ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយក និងនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ «ផ្នែកមួយនៃវិធានការដើម្បីសុខុមាលភាព និងសុវត្ថិភាពសហគមន៍ គឺការពន្លឿនការចាក់វ៉ាក់សាំងដោយសុវត្ថិភាពដល់ប្រជាជន។ តាមរយៈការសម្របសម្រួលការចាក់វ៉ាក់សាំងដល់ក្រុមនិយោជិតរបស់យើងនេះ គឺយើងកំពុងចូលរួមចំណែកសម្រេចគោលដៅឱ្យកាន់តែធំ»។ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានអញ្ជើញទៅពិនិត្យមណ្ឌលចាក់វ៉ាក់សាំងនោះកាលពីថ្ងៃទី ៣១ ខែមីនា។ កាលពីសប្តាហ៍មុន អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន បានបរិច្ចាគថវិកាចំនួន ២ លានដុល្លារដល់រដ្ឋាភិបាលតាមរយៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់ការទិញមន្ទីរពេទ្យស្ត្រី នគរទេព ដែលបច្ចុប្បន្នកំពុងដំណើរការជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នឹងត្រូវបានប្តូរឈ្មោះទៅជាមន្ទីរពេទ្យ «ហ្លួងម៉ែ»៕ photos supplied