ក្រុមហ៊ុន ហ្គោលវែល ខាភីថល ដែលជាក្រុមហ៊ុនឈ្មួញជើងសាឧបករណ៍និស្សន្ទឈានមុខគេនៅកម្ពុជាកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២១ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន First Asia Merchants Bullion Limited (ត្រូវបានគេស្គាល់ថា First Gold) ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ កិច្ចសហប្រតិបត្ដិការអន្ដរជាតិមួយនេះគឺផ្ដោតសំខាន់ទៅលើការលើកកម្ពស់កម្រិតស្តង់ដាសេវាកម្ម និងការអប់រំផ្នែកហិរញ្ញវត្ថុឱ្យកាន់តែល្អប្រសើរ ដើម្បីឱ្យវិនិយោគិន អ្នកជួញដូរ និងសាធារណជនទទួលបាននូវជំនាញ និងចំណេះដឹងសំខាន់ៗ អំពីទីផ្សារហិរញ្ញវត្ថុក៏ដូចជាទទួលបាននូវឱកាសវិនិយោគកាន់តែច្រើនសម្រាប់ការធ្វើពិពិធកម្មការវិនិយោគ និងការបង្កើនទ្រព្យរបស់ពួកគាត់។ ពិធីចុះ MOU នេះ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ និងបានទទួលការផ្ដល់កិត្ដិយសចូលរួមដោយ ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយតករមូលបត្រកម្ពុជា លោកបណ្ឌិត Haywood Cheung ប្រធានសមាគម Chinese Gold and Silver Exchange (CGSE) ថ្នាក់គ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនសមភាគីកណ្ដាល ខេមបូឌាន ដេរីវេទីវ អិចឆេង ព្រមទាំងអ្នកតំណាងនៃក្រុមហ៊ុន ហ្គោលវែល ខាភីថល និងក្រុមហ៊ុន First Gold៕ photos SUPPLIED