Hapag-Lloyd ដែលជាក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់បានរៀបចំពិធីទទួលទានអាហារពេលល្ងាចដ៏ពិសេសមួយសម្រាប់អតិថិជន និងប្រព័ន្ធផ្សព្វផ្សាយនៅឯសណ្ឋាគារឈានមុខមួយកាលពីថ្ងៃសុក្រកន្លងទៅ ដើម្បីអបអរពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ ការបើកការិយាល័យនេះគឺដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជាដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ការិយាល័យនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោកដែលស្ថិតនៅក្រោមការដឹកនាំរបស់លោក Mithona Mam ជាប្រធានគ្រប់គ្រងទូទៅ និងស្ថិតនៅក្រោមការមើលការខុសត្រូវពីក្រុមហ៊ុន Area Indochina Management និងការត្រួតពិនិត្យពីចម្ងាយពីក្រុមការងារនៅទីក្រុងបាងកក។ បច្ចុប្បន្នក្រុមហ៊ុន Hapag-Lloyd មានជើងដឹកជញ្ជូនប្រមាណ ៣០ ០០០ កុងតឺន័រ (TEU) ក្នុង ១ ឆ្នាំទាំងចេញ និងចូលប្រទេសកម្ពុជា។ ទំនិញដឹកជញ្ជូនសំខាន់ៗមានដូចជា វាយនភណ្ឌ គ្រឿងបន្លាស់រថយន្ដ អាហារ និងភេសជ្ជៈជាដើមដែលត្រូវបានដឹកជញ្ជូនតាមកំពង់ផែក្រុងព្រះសីហនុជាកំពង់ផែដែលមានការតភ្ជាប់ទៅកាន់គោលដៅជាច្រើន៕ រូបថត ហេង ជីវ័ន