គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័នក្រេឌីតកាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២០ បានប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ បន្ទាប់ពីស្ថាប័នក្នុងស្រុកមួយនេះបានលក់ភាគហ៊ុន ១០០% ទៅឱ្យក្រុមហ៊ុន CHENG FUNG INVESTMENT(CFI) និងក្រុមហ៊ុន NETGOLD INVESTMENT (NETGOLD) ដែលការទិញលក់នេះធ្វើឡើងតាំងពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២០ និងបានបិទបញ្ចប់ការទិញលក់នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២០។ ស្របពេលជាមួយគ្នានេះដែរ គ្រឹះស្ថានបាយ័នក្រេឌីតក៏បានធ្វើពិធីសូត្រមន្តក្រុងពាលីឡើងអគារការិយាល័យថ្មី ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៣៤២ មហាវិថី ព្រះមុនីវង្ស កែងផ្លូវលេខ ២៨៨ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ អគារថ្មីនេះមានកម្ពស់ ១៩ ជាន់សាងសង់ឡើងតាមបទដ្ឋានស្តង់ដាត្រឹមត្រូវ ហើយកន្លែងបម្រើអតិថិជនធំទូលាយប្រកបដោយផាសុកភាព និងសុវត្ថិភាពប្រកបដោយភាពទាក់ទាញខ្ពស់។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័ន ក្រេឌីត ម.ក ត្រូវបានបង្កើតតាំងពីឆ្នាំ ២០១១ ហើយគិតមកដល់បច្ចុប្បន្នមានការិយាល័យសាខាប្រតិបត្តិការចំនួន ៦ កន្លែងនៅតាមបណ្តាខេត្តសំខាន់ៗ ដែលមានអតិថិជនប្រាក់កម្ចីជាង ២ ៩៣២ នាក់ និងមានបុគ្គលិកកំពុងបម្រើការងារជិត ១០០ នាក់មានដើមទុនចុះបញ្ជីថ្មី ៣ លានដុល្លារអាមេរិក៕ រូបថត សហការី