ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅកម្ពុជា និងក្រុមហ៊ុន លី ហួរ ផេប្រ៉ូ(លី ហួរ វេរលុយ) ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ប្រាក់ដ៏ធំមួយនៅកម្ពុជាកាលពីថ្ងៃទី ៣ ខែសីហាឆ្នាំ ២០២០ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នៃការសហការគ្នាជាផ្លូវការដែលអនុញ្ញាតឱ្យអតិថិជនទាំងអស់របស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ទូទាត់ប្រាក់កម្ចីប្រកបដោយភាពងាយស្រួលតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ ទូទាំងប្រទេសដោយមិនគិតកម្រៃសេវា។
ភាពជាដៃគូនេះបានពង្រឹង និងពង្រីកបណ្តាញទូទាត់ប្រាក់កម្ចីឱ្យកាន់តែមានភាពងាយស្រួល និងមានសុវត្ថិភាពសម្រាប់អតិថិជនរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ក្រៅពីការទូទាត់ប្រាក់កម្ចីតាមរយៈបណ្តាយសាខាទាំង ១៣៦ ទូទាំងប្រទេសសេវាធនាគារចល័ត និងភាគីដៃគូដទៃទៀត។ ហើយដើម្បីអបអរសាទរការចាប់ផ្តើមកិច្ចសហប្រតិបត្តិការភាពជាដៃគូនេះអតិថិជនរបស់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដែលធ្វើការទូទាត់ប្រាក់កម្ចីតាមរយៈភ្នាក់ងារ លី ហួរ វេរលុយ នឹងមានឱកាសឈ្នះរង្វាន់ទូរសព្ទស្មាតហ្វូនជាច្រើនគ្រឿងរយៈពេលបីខែ ចាប់ពីខែសីហារហូតដល់ខែតុលាឆ្នាំ ២០២០។
សូមបញ្ជាក់ថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន ជាគ្រឹះស្ថានទទួលបានអាជ្ញាប័ណ្ណទទួលប្រាក់បញ្ញើ ដែលកំពុងប្រតិបត្តិការនៅ ២៥ ខេត្ត ក្រុង តាមរយៈ ១៣៦ សាខាទូទាំងប្រទេស។ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាសមាជិកគ្រួសាររបស់ ធនាគារ អ៊ូរី ដែលជាធនាគារឈានមុខគេមួយនៅប្រទេសកូរ៉េខាងត្បូង។ ដាប់ប៊ែលយូប៊ី ហ្វាយនែន បាននឹងកំពុងបម្រើសេវាហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង ២០ ឆ្នាំ មកហើយជាមួយនឹងការផ្តល់ជូនផលិតផល និងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប រួមមាន ប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ សេវាធនាគារចល័តសេវាទូទាត់វិក្កយបត្រ និងសេវាអេធីអឹម។ គិតត្រឹមខែមិថុនា ឆ្នាំ ២០២០ ដាប់ប៊ែលយូប៊ី ហ្វាយនែន មានទ្រព្យសកម្មសរុបមានចំនួន ៦១២.៩៨ លានដុល្លារអាមេរិក និងផលប័ត្រឥណទានសរុបចំនួន ៥០៦.៣១ លានដុល្លារអាមេរិក៕