រាជធានីភ្នំពេញ៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន Dai-ichi Life Holdings, Inc. (“Dai-ichi Life Group”) បានប្រកាសបើកសម្ពោធក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី 24 ខែមេសា ឆ្នាំ 2019 ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតរបស់ជប៉ុនដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ការិយាល័យកណ្តាលស្ថិតនៅក្នុងអគារ Vattanac Capital ត្រូវបានបើកសម្ពោធដោយលោក Seiji Inagaki អគ្គនាយកក្រុមហ៊ុន Dai-ichi Life Group និងលោក Allen Thai អគ្គនាយកនៃក្រុមហ៊ុន Dai-ichi Life (Cambodia) PLC. (“Dai-ichi Life Cambodia”)។ ពិធីទទួលទានអាហារពេលល្ងាចត្រូវបានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ដើម្បីអបអរសាទរក្នុងឱកាសដាក់ឱ្យដំណើរការជាផ្លូវការរបស់ក្រុមហ៊ុន Dai-ichi Life Cambodia ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៅពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុអ្នកតំណាងពីធនាគារជាច្រើន និងអ្នកសារព័ត៌មានព្រមទាំងប្រព័ន្ធផ្សព្វផ្សាយជាច្រើន។
ក្រុមហ៊ុន Dai-ichi Life Group ពេញចិត្តក្នុងការចូលរួមចំណែកជួយដល់សហគមន៍ដែលជាកន្លែងដែលខ្លួនកំពុងមានប្រតិបត្តិការ ព្រោះវាជាការជួយកសាងសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តភាព។ ដូច្នេះក្រុមហ៊ុន Dai-ichi Life Group និងក្រុមហ៊ុន Dai-ichi Life Cambodia បានរួមគ្នាបរិច្ចាគទឹកប្រាក់ចំនួន 200,000,000 រៀលទៅឱ្យអង្គការសុខភាព JapanHeart Cambodiaដើម្បីជួយដល់កុមារកម្ពុជាដែលជាជនរងគ្រោះនៃជំងឺមហារីក។
លោកជំទាវ ងួន សុខា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍នារាត្រីស្រមោលសថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថាវត្តមានរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាយើងតាមរយៈបទពិសោធន៍ ចំណេះដឹង ជំនាញ ដែលក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានក្នុងវិស័យធានារ៉ាប់រងអាយុជីវិតអស់រយៈពេលជាង ១០០ ឆ្នាំក្នុងប្រទេសជប៉ុន។”
លោកអគ្គនាយកអាឡិន ថៃ បានមានប្រសាសន៍ថា "ក្នុងនាមជាវិនិយោគិនជប៉ុនដែលមានការប្តេជ្ញាចិត្តខ្ពស់ក្រុមហ៊ុន Dai-ichi Life Cambodia នឹងផ្តល់ជូននូវផលិតផល និងសេវាកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាសម្រាប់រយៈពេលវែង។ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើ និងបំពេញតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូបដូចពាក្យស្លោករបស់ក្រុមហ៊ុន Dai-ichi Life Cambodia និយាយថា "នៅក្បែរអ្នកជានិច្ច"។
ក្នុងសន្និសីទសារព័ត៌មានក៏បានប្រព្រឹត្តទៅនៅថ្ងៃដដែលនេះនៅសណ្ឋាគារ Rosewood ភ្នំពេញដើម្បីប្រកាសពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Dai-ichi Life Cambodia ជាមួយនឹងធនាគារវឌ្ឍនៈ។ តាមរយៈការចងសម្ព័ន្ធភាពធុរកិច្ចរវាងក្រុមហ៊ុនធំទាំងពីរនេះនឹងធ្វើឱ្យក្រុមហ៊ុន Dai-ichi Life Cambodia អាចប្រើប្រាស់បណ្តាញរបស់ធនាគារ វឌ្ឍនៈ និងទំនាក់ទំនងមកអតិថិជនរបស់ខ្លួនបានកាន់តែឆាប់រហ័សឡើង។
លោក ចាន់ កុកចយ នាយកប្រតិបត្តិ/នាយកគ្រប់គ្រងទូទៅនៃធនាគារវឌ្ឍនៈបានមានប្រសាសន៍ថា៖ “យើងមានទំនុកចិត្ត និងសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការនេះ។ យើងជឿជាក់ថាផលិតផលរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជា នឹងបំពេញនូវតម្រូវការរបស់អតិថិជនរបស់យើងខ្ញុំ។ ពួកយើងជឿជាក់ទៅលើវិជ្ជាជីវៈ សុច្ចរិតភាព និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ កម្ពុជាក្នុងការសហការជាមួយយើងខ្ញុំ។”
ក្រុមហ៊ុនធានារ៉ាប់អាយុជីវិត Dai-ichi Life Cambodia មានសេចក្តីរំភើបរីករាយជាខ្លាំងក្នុងការចាប់ផ្តើមដំណើរការប្រតិបត្តិការរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការធានារ៉ាប់រងអាយុជីវិតជូនដល់ប្រជាជនកម្ពុជាគ្រប់រូប៕ Photos supplied.