ធនាគារ ជីប ម៉ុង បានប្រកាសសម្ពោធជាផ្លូវការសេវាកម្មរបស់ខ្លួនហៅថា «ភ្នាក់ងារធនាគារ ជីប ម៉ុង» ដែលនឹងជួយសម្រួលដល់ការធ្វើប្រតិបត្តិការរបស់អតិថិជនឲ្យមានភាពរហ័ស សុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា ដល់ប្រជាជនពលរដ្ឋកម្ពុជា។
ជាមួយភ្នាក់ងារធនាគារ ជីប ម៉ុង អតិថិជនអាចទទួលនូវសេវាកម្មដ៏សម្បូរបែបដូចជា បង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង ហើយមុខងារផ្សេងៗទៀតដែលនឹងត្រូវបានដាក់បន្ថែមក្នុងពេលឆាប់ៗខាងមុខនេះដូចជា សេវាវេរលុយ ជាដើម។
ថ្លែងក្នុងពិធីបើកសម្ពោធភ្នាក់ងារធនាគារ ជីប ម៉ុង លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា៖ «ការអភិវឌ្ឍនៃបច្ចេកវិទ្យា ជាពិសេសនៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាកប្បកិរិយារបស់ប្រជាជនក្នុងការបង្វិល និងទូទាត់ប្រាក់។ ក្នុងនោះដែរធនាគារ ជីប ម៉ុង ជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេបាន និងកំពុងខិតខំប្រឹងប្រែង ដើម្បីធ្វើការផ្តល់សេវាកម្មការបង្វិល និងទូទាត់ប្រាក់ដ៏មានប្រសិទ្ធភាព ដែលមានភាពរហ័ស មានសុវត្ថិភាព ចំណេញទាំងពេលវេលា និងថវិកា សមស្របទៅតាមតម្រូវការរបស់អតិថិជន»។
តាមរយៈភ្នាក់ងារធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋកម្ពុជាមិនថានៅទីក្រុង ទីរួមខេត្ត ឬទីរួមស្រុកនានានោះទេ សូម្បីតែនៅតាមបណ្តា ភូមិ ឃុំ ដាច់ស្រយាលក៏អាចធ្វើការបង់វិក្កយបត្រផ្សេងៗ បញ្ចូលលុយទូរស័ព្ទ និងដក/ដាក់ប្រាក់ក្នុងគណនីធនាគារ ជីប ម៉ុង គ្រប់ពេលវេលា ដោយមានភាពរហ័ស និងសុវត្ថិភាពខ្ពស់៕