កាលពីពេលថ្មីៗនេះធនាគារ ព្រីនស៍ ទទួលបានពានរង្វាន់ឈ្មោះនិយោជកល្អបំផុតលំដាប់ថ្នាក់សកលលោក (Global Best Employer Brand Award) ប្រចាំឆ្នាំ ២០២០ នៅទីក្រុងបុមបៃ ប្រទេសឥណ្ឌាក្រោយពីទទួលបានពានរង្វាន់ឈ្មោះនិយោជកល្អបំផុតប្រចាំនៅកម្ពុជាកាលពីខែមករាកន្លងទៅ នៅទីក្រុងបាងកក ប្រទេសថៃ។
កាលពីឆ្នាំ ២០១៩ កន្លងទៅធនាគារ ព្រីនស៍ ក៏ទទួលបានពានរង្វាន់លើកទី ១ របស់ខ្លួននៅប្រទេសសិង្ហបុរីក្នុងនាមជាស្ថាប័នដែលឈ្នះពានរង្វាន់ឈ្មោះនិយោជកល្អបំផុតទាំង ១០០ នៅអាស៊ី។ គ្រប់ពានរង្វាន់ដែលមានកិត្យានុភាពទាំងនេះត្រូវបានផ្តល់ជូនដោយដោយ The Employer Branding Institute, World HRD Congress និង Stars of the Industry Group។
លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិ ធនាគារ ព្រីនស៍ បានលើកឡើងថា៖ «ពានរង្វាន់ដែលទទួលបានក្នុងថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តរបស់ធនាគារ ព្រីនស៍ ក្នុងការអភិវឌ្ឍ និងរក្សានូវទេពកោសល្យបុគ្គលិក។ ការអភិវឌ្ឍធនធានមនុស្សពិតជាមានសារៈសំខាន់ណាស់សម្រាប់ជោគជ័យរបស់ក្រុមហ៊ុនយើង ហើយយើងបានខិតខំបំពេញកិច្ចការងារយ៉ាងសស្រោកសស្រាំដើម្បីកសាងមូលដ្ឋានដ៏រឹងមាំសម្រាប់ការគ្រប់គ្រងធនធានមនុស្ស និងការអភិវឌ្ឍអាជីពដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីសម្រេចបានកំណើន និងលទ្ធផលដែលយើងគ្រោងទុក»។
«ក្នុងរយៈពេលមិនដល់ ២ ឆ្នាំផង បន្ទាប់ពីបានកម្លាយខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ ធនាគារ ព្រីនស៍ បានផ្តោតការខិតខំសំដៅឆ្ពោះទៅកាន់ការក្លាយខ្លួនជា «និយោជកដែលជាជម្រើសទី ១»។
លោកប្រធាននាយកប្រតិបត្តិបានមានប្រសាសន៍បន្ថែមទៀតថា៖ «យើងចង់បង្កើតបរិយាកាសការងារមួយដែលមាននីតិវិធីសម្របសម្រួលកិច្ចការធនធានមនុស្សច្បាស់លាស់ ឱកាសគ្រប់គ្រាន់ឲ្យបុគ្គលិកបានទទួលបានការបណ្តុះបណ្តាល និងអភិវឌ្ឍខ្លួន វប្បធម៌បំពេញការងារដែលផ្អែកលើគុណតម្លៃ និងការទទួលខុសត្រូវព្រមទាំងការលើកទឹកចិត្តសម្រាប់ទំនាក់ទំនងដោយចំហ និងប្រកបដោយភាពស្មោះត្រង់»។
រយៈពេលជិត ២ ឆ្នាំមកនេះធនាគារ ព្រីនស៍ បានបង្កើនឡើងសឹងតែ ១ ទ្វេជា ២ ដែលចំនួនបុគ្គលិកមានរហូតដល់ជាង ១ ០០០ នាក់៕