សិក្ខាកាមវ័យក្មេងចំនួន ២៤ រូបបានទទួលវិញ្ញាបនបត្ររបស់ពួកគេនៅឯរមណីយដ្ឋានថ្ងៃបាំងឆត្រក្នុងខេត្តកែបកាលពីថ្ងៃទី ២៤ ខែតុលាកន្លងទៅ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោង។ ពិធីបិទវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ អ៊ុល ភិរុណ អភិបាលរងនៃគណៈអភិបាលខេត្តកែប និងមានការចូលរួមពីសំណាក់លោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប លោក ទុយ ប៊ុនហឿង តំណាងនាយកដ្ឋានអប់រំកាយ និងកីឡា លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា (CSF) និងម្ចាស់រមណីយដ្ឋានថ្ងៃបាំងឆត្រលោក Jef Moons។ ក្នុងចំណោមសិក្ខាកាមទាំងអស់មាន ២០ នាក់មកពី CSF ២ នាក់មកពីរមណីយដ្ឋានថ្ងៃបាំងឆត្រ និង ២ នាក់ទៀតមកពីក្លិប Dara Sakor Sailing Club នៅខេត្តកោះកុងដោយពួកគេទទួលបាននូវចំណេះដឹង និងច្បាប់បញ្ញតិ្តផ្សេងៗ ហើយក៏បានអនុវត្តផ្ទាល់នៅលើផ្ទៃទឹកផងដែរ៕ រូបថត សហការី