សាលាអន្តរជាតិ វេសវីយូ កម្ពុជាដែលជាការពង្រីកដល់កម្រិតមធ្យមសិក្សាបន្តពីសាលាអន្តរជាតិ លើននីង ចាំងហ្គល បានប្រារព្ធពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ និងជាថ្ងៃតែមួយជាមួយពិធីប្រគល់សញ្ញាបត្រ និងការសម្តែងរបស់សិស្សានុសិស្សដើម្បីប្រមូលថវិកាបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផាដែលប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
សាលាអន្តរជាតិ វេសវីយូ កម្ពុជា ឈរលើស្តង់ដាការអប់រំប្រកបដោយគុណភាពពិត និងសម្រួចសិស្សានុសិស្សឲ្យមានសមត្ថភាពប្រកួតប្រជែងទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។ កម្មវិធីសិក្សារបស់សាលាអន្តរជាតិវេសវីយូ កម្ពុជាមានលក្ខណៈល្អពិសេសដោយការបូកបញ្ចូលរួមគ្នារវាងកម្មវិធីសិក្សាអន្តរជាតិពីសហរដ្ឋអាមេរិក និងការដាក់បញ្ចូលការសិក្សាភាសាខ្មែរ ប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងម៉ោងសិក្សារៀងរាល់សប្តាហ៍ដើម្បីឲ្យសិស្សទទួលបាននូវស្តង់ដាការអប់រំតាមបែបអន្តរជាតិ និងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ។
មកទល់ពេលនេះសហគមន៍ លើននីង ចាំងហ្គល បានចូលរួមបរិច្ចាគថវិកាសរុបជាង ៣០ ០០០ ដុល្លារជូនដល់មន្ទីរពេទ្យគន្ធបុប្ផាដើម្បីជួយសង្គ្រោះជីវិតកុមារដែលត្រូវការជំនួយជាច្រើននាក់៕ រូបថត ហេង ជីវ័ន