ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ដល់ជូនលិខិតថ្លែងអំណរគុណដល់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះការផ្ដល់ជាជំនួយដល់ប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងជាបន្តបន្ទាប់។
ជាមួយនឹងពាក្យថា «ទឹកជំនន់គឺគ្មានមេត្តា តែមនុស្សមានក្ដីស្រលាញ់» ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានបំពេញទំនួលខុសត្រូវសង្គមរបស់ខ្លួនយ៉ាងសកម្ម ដោយបានផ្ដល់ជំនួយជាអង្ករចំនួន ១០០ តោន មី ចំនួន ៣០០ កេសធំ និងទឹកបរិសុទ្ធចំនួន ១០០០ កេស គិតជាទឹកប្រាក់សរុប ៧៥០០០ ដុល្លារអាមេរិកដល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដើម្បីជួយដល់ប្រជាជនដែលកំពុងរងគ្រោះដោយបាតុភូតធម្មជាតិទឹកជំនន់។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានចុះហត្ថលេខាលើលិខិតថ្លែងអំណរគុណដោយផ្ទាល់ជូនឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី ដើម្បីថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់ឯកឧត្តមអ្នកឧកញ៉ា ចេន ហ្ស៊ី។
យោងតាមព័ត៌មានដែលចេញផ្សាយដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជានៅថ្ងៃទី ១៥ ខែតុលានេះ ខេត្តក្រុងចំនួន ១៩ នៅទូទាំងប្រទេសត្រូវបានរងគ្រោះដោយទឹកជំនន់ដែលបណ្តាលឱ្យមានមនុស្សស្លាប់ ១៣ នាក់ក្នុងនោះមានកុមារ ៥ នាក់។ ប្រជាជនចំនួន ១២.៣៧៦ នាក់ត្រូវបានជម្លៀសចេញហើយ ១៩៣.២៦៨ នាក់បានរងផលប៉ះពាល់។
គួរបញ្ជាក់ថា ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។ បន្ថែមពីនេះអង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើកដែលបានបរិច្ចាគថវិកា និងសម្ភារៈជាង ៧,៧២ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣២ ម៉ឺននាក់៕