កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៨ ស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានអញ្ជើញថ្នាក់ដឹកនាំស្ថាប័នព័ត៌មានធំៗមួយចំនួនចូលរួមភ្លក្សម្ហូបប្រពៃណីបែបកូរ៉េ ដែលសុទ្ធសឹងតែជាអាហារដ៏មានតម្លៃពោលគឺមានតែព្រះមហាក្សត្រតែប៉ុណ្ណោះទើបមានសិទ្ធិសោយបាន។ ម្ហូបទាំងនោះមានចំនួន ៦ មុខដែលចម្អិនដោយចុងភៅដ៏ល្បីមកពីប្រទេសកូរ៉េ។
ម្ហូបទាំងនោះមានដូចជាទី ១ បបរថារ៉ាក់ជុក, អូចល់ផាន់, ញាំបង្គាចំហុយជាមួយទឹកគ្រាប់ស្រល់, ស៊ីនសន់ឡូ សម្លឆ្នាំងភ្លើង, ខាល់ប៊ីជីម ខឆ្អឹងជំនីរ និងទី ៦ ប៊ីប៊ីមប៉ាប់ និងស៊ុបសាច់គោលាយជាមួយឆៃថាវ។
ក្នុងឱកាសនោះដែរលោក អូ ណាក់យ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ ហាល់យ៉ូ (Hallyu = Korean wave= រលកកូរ៉េ) ត្រូវបានធ្វើការផ្សព្វផ្សាយទៅគ្រប់ប្រទេសពាសពេញលើពិភពលោក ហើយយើងអាចនិយាយបានថា អាហារកូរ៉េគឺជាលក្ខណពិសេសបំផុតនៃវប្បធម៌កូរ៉េ។ លោកបន្តថាអាហារកូរ៉េ គឺជាអាហារសុខភាពដែលមានលក្ខណៈធម្មជាតិប្រកបដោយសក្តានុពលភាពខ្ពស់ក្នុងការទទួលបាននូវប្រជាប្រិយភាពអំពីជនបរទេសទាំងឡាយ។
រូបថត ហុង មិនា