The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគ​ថវិកា​ចំនួន ៥០ ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់




អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគ​ថវិកា​ចំនួន ៥០ ម៉ឺន​ដុល្លារ​អាមេរិក​ ដើម្បី​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់

នៅ​ពាក់កណ្តាល​ខែតុលា​នេះ កម្ពុជា​មាន​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ហើយ​តំបន់​ភាគច្រើន​ទទួល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ប្រជាជន​រាប់សែន​នាក់​។

អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ព្រីនស៍ ហូលឌីង គ្រុប បាន​ចូលរួម​យ៉ាងសកម្ម​លើ​ទំនួល​ខុសត្រូវ​សង្គម ដោយ​បរិច្ចាគ​ថវិកា​ចំនួន ៥០ ម៉ឺន​ដុល្លារ​អាមេរិក​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ដ៏ធ្ងន់ធ្ងរ​នេះ​។

សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការបរិច្ចាគ​ថវិកា​របស់​អ្នកឧកញ៉ា ចេន ហ្ស៊ី​។ ទន្ទឹម​នឹងនេះ​សម្តេច​ក៏បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា​ឲ្យ​ចូលរួម​ធ្វើការ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​។

ក្រុមហ៊ុន​ ព្រីនស៍ ហូលឌីង គ្រុប មាន​អាជីវកម្ម​គ្របដណ្តប់​លើ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និង​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ព្រមទាំង​ជា​សហគ្រាស​ចម្រុះ​ខ្នាត​ធំ​លំដាប់​កំពូល​នៅ​កម្ពុជា​ផងដែរ​។ បន្ថែម​ពីនេះ អង្គការ​មូលនិធិ​សប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន​ ព្រីនស៍ រៀល អ៊ីស្ទេត (​ខេមបូឌា) គ្រុប បាន​រៀបចំ​សកម្មភាព​សប្បុរសធម៌​នៅ​កម្ពុជា​សរុប​ជាង ២៤០ លើក ដែល​បាន​បរិច្ចាគ​ថវិកា​ និង​សម្ភារៈ​ជាង ៧,៦៥ លាន​ដុល្លារ​អាមេរិក និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ជាង ៣០ ម៉ឺន​នាក់​៕