ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា ឯកឧត្តម Eldeen Husaini Mohd Hashim បានដឹកនាំគណៈប្រតិភូមួយក្រុមទៅបំពេញទស្សនកិច្ចនៅបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆត្រយោង ៩១១ ក្នុងខេត្តកណ្តាលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម Eldeen បានជួបពិភាក្សាជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ចាប ភក្ដី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចទ័ពពិសេសឆត្រយោង ៩១១ ។ ក្នុងអំឡុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូដែលរួមមាន មន្ត្រីការទូតម៉ាឡេស៊ីត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមកងកម្លាំងពិសេស ហើយដំណើរទស្សនកិច្ចនេះក៏ដើម្បីពង្រឹងទំនាក់ទំនងយោធារវាងសមាជិកអាស៊ានទាំង ២ ផងដែរ៕ រូបថត សហការី