ការតាំងពិព័រណ៍វិស័យស្ថាបត្យកម្មអគារ និងសំណង់អន្តរជាតិធំជាងគេបំផុតរបស់កម្ពុជា និងវេទិកា ស្ថាបត្យករកម្ពុជាឆ្នាំ ២០១៨ ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ ដែលមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ១៤ ខែកញ្ញា ឆ្នាំ ២០១៨ កន្លងទៅ។
លោក បាក់ លាងហេង នាយកក្រុមហ៊ុនបេតុងប្លុកប៉េវ «Beton Block Pave» ដែលបានចូលរួមក្នុងការបង្ហាញផលិតផលនៅក្នុងពិព័រណ៍អន្តរជាតិ Cambuild 2018 បានឲ្យដឹងថា ដើម្បីឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃនេះ រាល់សម្ភារសំណង់នានាដែលផលិតត្រូវធានាថាមានគុណភាពល្អ ប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របតាមស្តង់ដារទីផ្សារបច្ចុប្បន្ន។ លោកបញ្ជាក់ថាក្រុមហ៊ុន «Beton Block Pave» មានសម្ភារសំណង់ចំនួន ៦ ប្រភេទមានឥដ្ឋស៊ីម៉ងត៍ចិញ្ចើមថ្នល់ សសរ និងការ៉ូដែលផលិតឡើងតាមស្តង់ដារប្រទេសបារាំង ហើយគិតគូរពីបញ្ហាបរិស្ថានជាចម្បង ដើម្បីធានាឲ្យសំណង់នៅកម្ពុជាមានគុណភាពប្រើប្រាស់បានយូរអង្វែងរួមទាំងឆ្លើយតបទៅនឹងគោលការណ៍ទីក្រុងវៃឆ្លាតរបស់រាជរដ្ឋាភិបាលនៅពេលអនាគត។
គួរបញ្ជាក់ផងដែរថាការតាំងពិព័រណ៍ CAMBUILD 2018 នេះមានអ្នកតាំងពិព័រណ៍ជាង ៣៥០ ក្រុមហ៊ុន និងម៉ាកផលិតផលអន្តរជាតិមកពី ២៣ ប្រទេសរួមមានផលិតផលផ្នែកអគ្គិសនី និងវិស្វកម្ម ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាព គ្រឿងពន្លត់អគ្គិភ័យ ម៉ាស៊ីនត្រជាក់ និងបន្សុទ្ធខ្យល់ជាដើម៕ រូបថត ហុង មិនា