ក្រសួងសុខាភិបាល និងមូលនិធិ GX បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីលើកកម្ពស់ការព្យាបាលជំងឺភ្នែកឡើងបាយនៅកម្ពុជា។ នៅថ្ងៃដដែលនោះដែរក៏មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយទៀតរវាងសមាគមធុរកិច្ចហុងកុងនៅកម្ពុជា និងមូលនិធិ Gx ក្នុងគោលបំណងដូចគ្នា។
មូលនិធិដែលមានមូលដ្ឋាននៅទីក្រុងហុងកុងមួយនេះនឹងផ្តល់នូវគ្លីនិកចល័តវះកាត់ភ្នែកចំនួន ២ គ្រឿង រថយន្តសម្រាប់ដឹកអ្នកជំងឺ ១ គ្រឿង ព្រមទាំងបំពាក់សម្ភារបរិក្ខារពេទ្យសម្រាប់បម្រើឲ្យការពិនិត្យ ព្យាបាល និងវះកាត់ភ្នែកឡើងបាយដល់អ្នកជំងឺនៅក្នុងខេត្តព្រៃវែង។
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក Leung Chun Ying ប្រធានមូលនិធិ GX Foundation បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះកាលពីថ្ងៃអង្គារក្នុងរាជធានីភ្នំពេញ។ នេះគឺជាអនុស្សរណៈនៃការយោគយល់គ្នាទី ២ រវាងភាគីទាំង ២ បន្ទាប់ពីអនុស្សរណៈទី ១ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០១៧ ត្រូវបាននិងកំពុងអនុវត្តនៅខេត្តកំពង់ចាមក្នុងការផ្តល់សេវាពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយជូនប្រជាជនដោយឥតគិតថ្លៃ៕ រូបថត ហុង មិនា