វិស័យរថយន្តប្រណីតនៅកម្ពុជា កំពុងតែមានភាពល្អប្រសើរឡើង នៅពេលដែលរថយន្តម៉ាកអ៊ីតាលីដ៏ល្បីឈ្មោះ Maserati កាលពីថ្ងៃសុក្រសប្តាហ៍មុន បានចូលក្នុងទីផ្សារកម្ពុជាជាមួយនឹងការដាក់បង្ហាញរថយន្តរបស់ខ្លួន។ Maserati បានបង្ហាញរថយន្តប្រណីត ២ ប្រភេទ គឺរថយន្ត Levante SUV និងរថយន្តស្ព័រ Ghibli ។ នៅឯពិធីបើកសម្ពោធអមដោយភ្លើងពណ៌ដ៏ស្រស់ស្អាតនៅសាលតាំងបង្ហាញរបស់ខ្លួននៅរាជធានីភ្នំពេញ។ ប្រធានផ្នែកពាណិជ្ជកម្ម Maserati លោក Bernard Loire បានមានប្រសាសន៍ តាមរយៈវីដេអូចាក់ផ្សាយថា លោកពិតជារំភើបដែលក្រុមហ៊ុនផលិតរថយន្តរបស់ខ្លួនទទួលសិទ្ធិលក់ផ្តាច់មុខនៅកម្ពុជា។ អនុប្រធានក្រុមហ៊ុន HGB Group, Roberto Da Silva តំណាងឱ្យ Maserati នៅកម្ពុជាបានមានប្រសាសន៍ថា៖ “HGB Group ពិតជាមានមោទនភាព និងរំភើបយ៉ាងខ្លាំងដែលបានបើកដំណើរការម៉ាកយីហោ Maserati នៅប្រទេសកម្ពុជា។ Maserati បានចាប់កំណើតនៅលើផ្លូវប្រណាំងមានប្រវត្តិយ៉ាងល្បីល្បាញរយៈពេលជាង 100 ឆ្នាំមកហើយ។ DNA ជារថយន្ដប្រណាំងដ៏អស្ចារ្យរបស់ខ្លួនគឺអាចមើលឃើញយ៉ាងច្បាស់នៅក្នុងប្រវត្តិជោគជ័យរបស់ Maserati ក្នុងការប្រណាំងនៅលើប្រភេទផ្លូវជាច្រើននៅទូទាំងពិភពលោក ដោយមានចាប់ពី Indianapolis 500 ដល់ Formula 1។ “គ្រប់គ្នាដែលបើកបរ Maserati នឹងយល់បានភ្លាមៗអំពីថាមពល សមត្ថភាព និងប្រណីតភាពដែលជានិមិត្តរូបនៃភាពឥតខ្ចោះរបស់អ៊ីតាលី។ យើងខ្ញុំនាំមកជូនប្រទេសកម្ពុជានូវប្រភេទរថយន្ត Maserati ប្រណីតដែលនឹងផ្ដល់នូវឧត្តមភាព និងភាពរីករាយដល់អតិថិជនរបស់យើងខ្ញុំ”។ រូបថត ហេង ជីវ័ន