ក្រុមហ៊ុនប្រតិបត្តិករភ័ស្តុភាររបស់ជប៉ុន នីបផន អិចប្រេស (ខេមបូឌា) ខូអិលធីឌី បានបើកសម្ពោធផែស្ងួត/មជ្ឈមណ្ឌលភ័ស្តុភារភ្នំពេញ ពហុមុខងារនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីបម្រើដល់អតិថិជនរបស់ខ្លួនដែលកំពុងកើនឡើង។
មជ្ឈមណ្ឌលភ័ស្តុភារពហុមុខងារនេះមានទំហំ ៤០ ០០០ ម៉ែត្រការ៉េក្នុងនោះរួមមានមុខងារគ្រប់គ្រងសីតុណ្ហភាព ឧបករណ៍រក្សាសីតុណ្ហភាព ក្លាស្សេ/បង្កក និងមុខងារជាច្រើនទៀតដែលជួយឱ្យក្រុមហ៊ុនអាចបម្រើរដល់សេចក្តីត្រូវការទីផ្សារចម្រុះ ខណៈសេដ្ឋកិច្ចរបស់កម្ពុជានៅតែបន្តមានកំណើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
អគ្គនាយកក្រុមហ៊ុននីបផន អិចប្រេស អូអិល ធីឌី លោក Mitsuru Saito ថ្លែងថា៖ «ក្រុមហ៊ុនយើងកំពុងបន្តគោលដៅក្លាយជាក្រុមហ៊ុនភ័ស្តុភារមួយដែលមានគ្រឹះយ៉ាងរឹងមាំនៅក្នុងទីផ្សារពិភពលោកដែលជាចក្ខុវិស័យរយៈពេលវែងសម្រាប់ឆ្នាំ ២០៣៧ ដើម្បីប្រារព្ធខួប ១០០ ឆ្នាំនៃការបង្កើតក្រុមហ៊ុននេះ ហើយដើម្បីឆ្ពោះទៅរកសមិទ្ធផលនេះ យើងកំពុងខិតខំពន្លឿនវឌ្ឍនភាព និងកែលម្អតម្លៃសាជីវកម្មផ្តោតលើទីផ្សារពិភពលោក ជាពិសេសនៅតំបន់អាស៊ី»។
លោកបន្តថា៖ «នៅក្នុងប្រទេសកម្ពុជា និងតំបន់មេគង្គ យើងជឿជាក់យ៉ាងមុតមាំថា យើងអាចចូលរួមចំណែកបន្ថែមទៀតដល់សកម្មភាពអាជីវកម្មរបស់អតិថិជន។ លើសពីនេះទៀតយើងនឹងខិតខំប្រឹងប្រែងដើម្បីក្លាយជាកម្លាំងចលករសំខាន់នៃការអភិវឌ្ឍសង្គមនៅក្នុងប្រទេសកម្ពុជាតាមរយៈសេវាភ័ស្តុភារនេះ»។
ឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួមនឹងថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនជាច្រើនរូបទៀតក៏មានវត្តមាននៅក្នុងពិធីសម្ពោធនោះដែរ៕ រូបថត ហ៊ាន រង្សី