កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៨ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានអបអរសាទរខួប ៤ ឆ្នាំនៃវត្តមានរបស់ខ្លួនក្នុងការផ្តល់ជូននូវសេវាការថែទាំសុខភាព និងពិនិត្យដ៏ល្អតាមស្តង់ដារ និងគុណភាពអន្តរជាតិ។
លោកស្រីវេជ្ជបណ្ឌិត Pamamorn Prasarttong-Osoth នាយកប្រតិបតិ្តនៃក្រុមហ៊ុន BHQ BDMS បាននិយាយថាការផ្តល់ជូននូវសេវាព្យាបាល និងពិនិត្យសុខភាពដ៏មានគុណភាពខ្ពស់ក្នុងរយៈពេល ៤ ឆ្នាំកន្លងមកនេះគឺដោយសារដៃគូអាជីវកម្ម អ្នកផ្គត់ផ្គង់ និងមិត្តភក្តិទាំងឡាយដែលបានផ្តល់ការគាំទ្រដល់ការបណ្តាក់ទុនវិនិយោគ។ បើគ្មានការគាំទ្ររបស់អស់លោក លោកស្រីទេ យើងមិនអាចឈរនៅទីនេះបានទេនៅថ្ងៃនេះ»។
លោកស្រីបន្តថា «ក្នុងន័យនេះយើងប្តេជ្ញាបន្តបេសកកម្មរបស់យើងដោយនាំមកនូវឧបករណ៍វេជ្ជសាស្ត្រដែលមានបច្ចេកវិទ្យាខ្ពស់ និងផ្តល់នូវកម្រិតស្តង់ដារខ្ពស់ផ្នែកសេវាវេជ្ជសាស្ត្រ និងការថែទាំសុខភាពដល់សហគមន៍ដើម្បីឱ្យយើងអាចជួយសន្សំពេលវេលា និងថវិកាដល់អ្នកជំងឺដែលចង់ទទួលបាន សេវាព្យាបាលនៅក្រៅប្រទេស។ សូមនៅជាមួយយើងដោយចាត់ទុកយើងថាជាអ្នកយកចិត្តទុកដាក់ថែទាំសុខភាពរបស់លោកអ្នក»។
គួរបញ្ជាក់ថាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ (RPH) ដែលជាមន្ទីរពេទ្យពិនិត្យ និងព្យាបាលគ្រប់គ្រង និងដំណើរការដោយមន្ទីរពេទ្យ Bangkok Dusit Medical Services Public CO.LTD (BDMS) ក្រុងបាងកកបានបើកដំណើរការនៅក្នុងប្រទេសកម្ពុជាតាំងពីថ្ងៃទី ១ ខែតុលាឆ្នាំ ២០១៤ មកម្ល៉េះ។ រូបថត សហការី