ធនាគារឯកទេស ខេប៊ី ដេហាន ម.ក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ស្តីអំពី “សេវាកម្មធានារ៉ាប់រងរថយន្តចំពោះអតិថិជនរបស់ធនាគារ”។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារឯកទេស ខេប៊ី ដេហាន នៅវិមានការិយាល័យអូវលកាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៨ ក្រោមវត្តមានរបស់លោក គង់ សាងយ៉ុន នាយកប្រតិបត្តិធនាគារឯកទេស ខេប៊ី ដេហាន និងលោក យក់ ចំរើនឬទិ្ធ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ព្រមទាំងបុគ្គលិកមួយចំនួនទៀតផងដែរ។
លោក គង់ សាងយ៉ុន បានថ្លែងថា៖ «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ដែលបានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាក្រុមហ៊ុនឈានមុខគេ និងដែលអាចជឿទុកចិត្តបំផុតក្នុងការផ្តល់សេវាកម្មធានារ៉ាប់រងដល់អតិថិជនជាមួយនឹងតម្លៃសមរម្យ»។
លោក យក់ ចំរើនឬទិ្ធ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារឯកទេស ខេប៊ី ដេហាន ដែលបានជ្រើសយកក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាកម្មធានារ៉ាប់រងលើរថយន្តដែលនេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងការខ្វល់ខ្វាយចំពោះអតិថិជន។ លោកបន្តថានឹងផ្តល់សេវាធានារ៉ាប់រងជូនអតិថិជនរបស់ធនាគារ ឯកទេស ខេប៊ី ដេហាន ឲ្យបានឆាប់រហ័ស និងងាយស្រួលដោយធានាឲ្យស្ថាប័នទាំង ២ ទទួលការគាំទ្រខ្ពស់ពីសំណាក់អតិថិជន។ រូបថត ហុង មិនា