ភ្នំពេញៈ រោងភាពយន្ត Major Cine-plex និង Cellcard Blu-O បានបើកសម្ពោធរួមគ្នាជាផ្លូវការកាលពីថ្ងៃពុធ ទី៦ ខែសីហាកន្លងទៅនេះ ដោយមានការចូលរួមពីតារាភាពយន្តថៃដូចជាលោក Dome Pakorn Lum និងតារាចម្រៀងខ្មែរកញ្ញា ឱក សុគន្ធកញ្ញា រួមជាមួយតារាសម្តែងជាច្រើនរូប ព្រមទាំងភ្ញៀវកិត្តិយសពិសេសៗមកពីបណ្តា ក្រុមហ៊ុននានាដែរ។
Major Cineplex ជារោងភាពយន្តដ៏ទំនើបលំដាប់អន្តរជាតិបើកនៅផ្សារទំនើប Aeon Mall។ រោងភាពយន្តនេះមាន៧សាលបំពាក់ដោយកៅអីអង្គុយ និងគេងទម្រេតដែលមានផាសុកភាពដែលអាចបម្រើអតិថិជនបានរហូតដល់១៥០០នាក់ ហើយថ្មីៗនេះរោងភាពយន្ត Major Cineplex បានដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ជាប្រភេទខ្សែភាពយន្ត 4DX ដែលមានកៅអីអាចធ្វើចលនាញ័រ កម្រើកតាមសាច់រឿង ដូចជា ខ្យល់ ទឹក អ័ព្ទ ក្លិន ប្រដាប់ទ្រជើងពិសេស និងចំណុចជាច្រើនទៀត។
រីឯមណ្ឌលកម្សាន្ត ប៊ូលីង Cellcard Blu-O វិញ គឺមានលក្ខណពិសេសជាច្រើន លើសពីកន្លែងលេងប៊ូលីងធម្មតាទាំងបរិយាកាសល្អ ហើយមានបន្ទប់ជប់លៀងឯកជនព្រមទាំងសេវាកម្មភេសជ្ជៈ និងអាហារផងដែរ៕