កាលពីថ្ងៃទី ១ ខែវិចិ្ឆកា ឆ្នាំ ២០១៨ «យុទ្ធនាការភ្នំពេញស្អាត» ដែលជាផ្នែកមួយនៃ «គម្រោងស្អាត» បានបើកដំណើរការជាលើកទី ២ របស់ខ្លួនសម្រាប់ឆ្នាំ ២០១៨ នេះនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិដោយមានការអញ្ជើញចូលរួមពីសំណាក់លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាសហស្ថាបនិក «គម្រោងស្អាត»។
«យុទ្ធនាការភ្នំពេញស្អាត» ធ្វើឡើងជារៀងរាល់ឆ្នាំក្នុងអំឡុងខែវិច្ឆិកាដែលយុទ្ធនាការនេះបានប្រសិទ្ធនាមថាជា «ខែស្អាត» ដោយមានការចូលរួមពី យុវជនសុច្ឆន្ទៈស្អាតចំនួន ២០០ នាក់ដែលអនុវត្តផែនការសកម្មភាព ៩ ធំៗ មានដូចជា៖ សិក្ខាសាលាស្ដីពីការបញ្ជ្រាប ការអប់រំទៅតាមបណ្តាគ្រឹះស្ថានរដ្ឋ និងឯកជន (គ្រោង ៣៤ គ្រឹះស្ថានអប់រំ),ការបង្កើតកម្មវិធីប្រកួតប្រជែងវីដេអូអប់រំខ្លី, វេទិកាវោហារស័ព្ទជាសាធារណៈ, ការបំផុសយុទ្ធនាការតាមរយៈ Social media Challenge «ផ្ទះខ្ញុំស្អាត ភ្នំពេញស្អាត», បន្តការចុះផ្សព្វផ្សាយតាមរយៈការបិទស្ទិកឃ័រ «ស្អាត» និងជំរុញការទទួលយកទស្សនាទាន «ស្អាត» ឲ្យបានទូលំទូលាយ, បន្តការផ្សព្វផ្សាយបទចម្រៀងភ្នំពេញស្អាត និងឃ្លីបវីដេអូតុក្កតាខ្លីអប់រំពីការថែរក្សាអនាម័យទីក្រុងតាមរយៈស្ថានីយទូរទស្សន៍ និងបណ្តាញសារព័ត៌មាននានាជាដើម។ រូបថតដោយហុង មិនា