វិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលកាលពីថ្ងៃទី ២៦ និង ២៧ ខែកញ្ញាឆ្នាំ ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រាបានរៀបចំពិធីចែកសញ្ញាបត្រជូនដល់និស្សិត ដែលបានប្រលងបញ្ចប់ការសិក្សាលើកម្មវិធី ACCA CAT និងថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ សម្រាប់ឆ្នាំសិក្សា ២០១៩ ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់លោកនាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូល ស្ថាប័ន ACCA កម្ពុជាសាស្ត្រាចារ្យនិយោជកនិស្សិត និងអាណាព្យាបាលផងដែរ។ ពិធីចែកសញ្ញាបត្រនេះត្រូវបានរៀបចំឡើងដោយបែងចែកនិស្សិតទទួលសញ្ញាបត្រជាក្រុមតូចៗដោយរក្សាគម្លាតសុវត្ថិភាពដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩។
នៅក្នុងពិធីដ៏ឱឡារិកលោក ខេស៊ីបាណេត នាយកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលបានមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ ២០០៣ មកវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបណ្តុះបណ្តាលនិស្សិតជាច្រើនជំនាន់រួចមកហើយ។ ក្នុងរយៈពេល ២០ ឆ្នាំនេះវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលបានខិតខំយ៉ាងខ្លាំងដើម្បីបង្កើតកាលានុវត្តភាពដល់សាធារណៈជនទូទៅដែលសិក្សានៅវិទ្យាស្ថាននេះដោយយកគុណភាពជាចម្បងជាពិសេសចំពោះគុណភាពគ្រូបង្រៀន និងកម្មវិធីសិក្សា ដើម្បីអោយស្របទៅនឹងមាត្រដ្ឋានជាតិ និងអន្តរជាតិ។
លោកបានបន្តទៀតថាជាលទ្ធផលនិស្សិតទាំងអស់ពិតជាមានជំនាញពិតប្រាកដដោយឆ្លងការខិតខំប្រឹងប្រែងការលះបង់ដើម្បីក្លាយជាអ្នកជំនាញម្នាក់ដែលមានការទទួលស្គាល់ពីសាធារណៈជនទាំងក្នុង និងក្រៅប្រទេសតួយ៉ាងដូចជាសមាគមគណនេយ្យករជំនាញ ACCA របស់ចក្រភពអង់គ្លេសសហព័ន្ធគណនេយ្យករអន្តរជាតិ (IFAC) និងវិទ្យាស្ថាន CFA នៅសហរដ្ឋអាមេរិកជាដើម។
លោក ខេស៊ីបាណែត បានមានប្រសាសន៍បន្តទៀតថាទោះបីនិស្សិតបានទទួលជំនាញមួយនេះហើយនិស្សិតត្រូវបន្តការសិក្សាដើម្បីយកឈ្នះលើការប្រែប្រួលនៃសេដ្ឋកិច្ចដែលអាចកើតមានឡើងក្នុងកត្តាណាមួយ។ លោកបានលើកយកកត្តាសេដ្ឋកិច្ចក្នុងកំឡុងពេលកូវីដ១៩គឺពិតជាមានការប្រឈមខ្លាំងនាពេលបច្ចុប្បន្ន។ បើប្រៀបធៀបនឹង ២០ ឆ្នាំមុនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងអត្រា ៧.៧% ក្នុងមួយឆ្នាំតែក្នុងឆ្នាំនេះសេដ្ឋកិច្ចនឹងមានការធ្លាក់ចុះ ៤% ហើយវានឹងអាចបន្តទៅឆ្នាំបន្ទាប់ទៀតផងដែរ។ ជាចុងក្រោយលោកក៏បានធ្វើការផ្តាំផ្ញើទៅនិស្សិតទាំងអស់ឲ្យបន្តការសិក្សាដើម្បីវិនិយោគលើខ្លួនឯង។ មិនត្រឹមតែប៉ុននេះទេគឺត្រូវវិនិយោគលើក្រមសីលធម៌ក្នុងនាមជាគណនេយ្យករជំនាញគឺត្រូវមានភាពស្មោះត្រង់រក្សាការសម្ងាត់ និងមានគោលដៅច្បាស់លាស់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកខេស៊ីបាណេតរួចមកឯកឧត្តមបណ្ឌិត ងី តាយី បានមានប្រសាសន៍ថាឯកឧត្តមពិតជាមានសេចក្តីរំភើបជាមួយប្អូនៗដែលទទួលបានជយលាភីក្នុងការសិក្សាថ្នាក់គណនេយ្យករជំនាញ និងអ្នកបច្ចេកទេសគណនេយ្យ។ ភាពជោគជ័យរបស់ប្អូនៗក្មួយៗគឺជាជោគជ័យរបស់គ្រួសាររបស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងរបស់សង្គមជាតិទាំងមូល។
ឯកឧត្តមបានសង្កត់ធ្ងន់ថាវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលពិតជាបានដើរតួយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈការបង្កើតធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈច្បាស់លាស់ដើម្បីបម្រើក្នុងវិស័យមួយនេះឲ្យមានការរីកចម្រើនដោយនិស្សិតនៃវិទ្យាស្ថានខេមអេដមានឱកាសបម្រើការងារក្នុងក្រុមហ៊ុន និងស្ថាប័នធំៗទាំងជាតិ និងអន្តរជាតិ។
បន្ថែមពីនេះទៅទៀតឯកឧត្តមក៏បានលើកឡើងថាជោគជ័យរបស់វិទ្យាស្ថានដែលទទួលបានក៏អាស្រ័យទៅនឹងការចូលរួមពីសំណាក់វិស័យឯកជន និងរដ្ឋក៏ដូចជាវិទ្យាស្ថានខ្លួនឯងផ្ទាល់ផងដែររួមមានសាស្ត្រាចារ្យដែលប្រកបដោយគុណវឌ្ឍន៍គណៈគ្រប់គ្រងសាលា និងបុគ្គលិកផ្សេងៗទៀតដើម្បីបណ្ដុះបណ្ដាលអាជីពនេះឲ្យកាន់តែបានលទ្ធផលល្អ និងប្រសើរជាងមុន។ ឯកឧត្តមបណ្ឌិត ងី តាយី ក៏បានសម្តែងនូវការអបអរសាទរដល់និស្សិតដែលបានប្រលងបញ្ចប់កម្មវិធី ACCA CAT និងថ្នាក់បរិញ្ញាបត្រជាមួយនឹងជោគជ័យដែលវិទ្យាស្ថានខេមអេដទទួលបានថ្ងៃនេះ។
សូមបញ្ជាក់ថាវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលជាវិទ្យាស្ថានតែមួយគត់ដែលទទួលបានចំណាត់ថ្នាក់កម្រិតមាសពីសមាគមគណនេយ្យករជំនាញ ACCA ដែលមានទីតាំងនៅក្នុងចក្រភពអង់គ្លេស លើផ្នែកគុណភាពនៃការអប់រំផ្នែកគណនេយ្យករជំនាញ។ ក្រៅពីនេះទៅទៀតវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលក៏ទទួលបានការទទួលស្គាល់ពីស្ថាប័នបណ្តាញសាកលវិទ្យាល័យអាស៊ាន (AUN-QA) ស្ថាប័នអ្នកជំនាញផ្នែកហិរញ្ញវត្ថុ (CFA) ស្ថាប័ន ISO គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំកម្ពុជា (ACC) និងការទទួលស្គាល់នៃក្រុមប្រឹក្សាសម្រាប់កម្មវិធី និងសាលាពាណិជ្ជកម្ម (ACBSP)។ និស្សិតដែលរៀននៅវិទ្យាស្ថានខេមអេដប៊ីហ្សនេសស្គូលតែងទទួលបានចំណាត់ថ្នាក់ល្អបើធៀបទៅនឹងប្រទេសផ្សេងៗនៅលើសាកលលោក៕