ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkidē Development) កាលពីថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២០ នេះ បានចូលរួមបរិច្ចាគថវិកា ១ លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ការចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ៧ ខែ ធ្នូ នេះ បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ ដោយជំហានដំបូងទិញចំនួន ១ លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ ម៉ឺននាក់ដោយឥតគិតថ្លៃ និងមានការបញ្ជាទិញបន្ថែមទៀតទៅតាមដំណាក់កាលនីមួយៗ ដើម្បីចាក់ជូនប្រជាជនរហូតដល់ ១៣ លាននាក់។
នេះពុំមែនជាការចូលរួមលើកដំបូងឡើយសម្រាប់ក្រុមហ៊ុន ដោយកន្លងមកក្រុមហ៊ុនអ័រគីដេ ឌីវែឡុបម៉ិន តែងតែចូលរួមសកម្មភាពសង្គមនានាដូចជា ការឧបត្ថម្ភទៅកាន់កាកបាទក្រហមកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងកិច្ចការពារមនុស្សជាតិ ការចូលរួមឧបត្ថម្ភទៅរដ្ឋាភិបាលដើម្បីទប់ស្កាត់គ្រោះទឹកជំនន់ ការឧបត្ថម្ភទៅកាន់មណ្ឌលកុមារកំព្រា និងសកម្មភាពសង្គមផ្សេងៗជាហូរហែរកន្លងមក៕