The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ​ ព្រីនស៍ ម.ក ​សហការ​ជាមួយ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ម​.ក​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម




ធនាគារ​ ព្រីនស៍ ម.ក ​សហការ​ជាមួយ ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​ម​.ក​ផ្តល់​ឥណទាន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម

ក្នុង​ការបន្ត​គាំទ្រ​ដល់​រដ្ឋាភិបាល​ និង​ធុរកិច្ច​កម្ពុជា​ក្នុង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ឥឡូវនេះ​ធនាគារ​ ព្រីនស៍ បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ដើម្បី​អនុវត្ត​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី​ ២ ​ដែលជា​ប្រភព​ហិរញ្ញប្បទាន​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​កម្ពុជា​។

គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​កម្មវិធី​មួយ​ដែល​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​ផ្តល់ជូន​នូវ​ហិរញ្ញប្បទាន ជាមួយ​អត្រា​ការប្រាក់​ឥណទាន​ដ៏សមរម្យ និង​លក្ខខណ្ឌ​ឥណទាន​មាន​ភាពងាយស្រួល​។ ​នៅ​ពាក់កណ្តាល​ខែតុលា ឆ្នាំ​ ២០២០ ​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SCFS) ជំហាន​ទី​ ១ ​បានអនុម័ត​ដោយ​ជោគជ័យ​ផ្តល់ជូន​នូវ​ឥណទាន​ដែលមាន​តម្លៃ​ស្មើនឹង​ ១០០ ​លាន​ដុល្លារ​អាមេរិក​ជាមួយ​នឹង​អត្រា​ការប្រាក់​កំណត់​ត្រឹម​ ៧% ​សម្រាប់​ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន​ ៧៥៣ ​នាក់​។

លោក ហ៊ន់ សុរចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍ ម.ក បាន​មានប្រសាសន៍​ថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព​ និង​សមធម៌ នៃ​សេដ្ឋកិច្ចកម្ពុជា​។ ​ទោះជា​យ៉ាងណា ក្នុង​រយៈពេល​ ២ ​ឆ្នាំ​នៃ​ការឆ្លងកាត់​បញ្ហា​ប្រឈម​ដែល​បណ្តាលមកពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​បាន​ជួប​ផល​លំបាក​ក្នុង​ការពង្រីក និង​/​ឬ រក្សា​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ដោយសារ​តែ​ខ្វះ​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ភាពលំបាក​ក្នុង​ការស្នើសុំ​ប្រាក់កម្ចី និង​អត្រា​ការប្រាក់​ខ្ពស់​»​។

«​ដោយ​ចក្ខុវិស័យ​របស់​យើង គឺ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ល្អ​បំផុត និង​ក្លាយជា​ស្ថាប័នហិរញ្ញវត្ថុ​ដែលជា​ជម្រើស​ទីមួយ​របស់​អតិថិជន យើង​មាន​ភាពសោមនស្ស​រីករាយ​ក្នុង​ការបន្ត​ការគាំទ្រ​របស់​យើង​ចំពោះ​កម្មវិធី​ហិរញ្ញប្បទាន​នេះ ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​»​។

លោក ហ៊ន់ សុរចនា បាន​បន្ថែមថា​៖ «​យើង​សង្ឃឹមថា គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ ​នេះ អាចជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​យើង និង​ជួយ​អតិថិជន​អាជីវកម្ម​របស់​យើង​ឱ្យសម្រេច​បាន​នូវ​គោលដៅ​អាជីវកម្ម​របស់​ពួកគេ​»​។

លោក​ លឹម អូន នាយក​ប្រតិបត្តិ​នៃ​ធនាគារ​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា បាន​លើកឡើងថា​៖ « ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា មូលនិធិ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ឆាប់រហ័ស​ ដើម្បី​ជួយ​សម្រួល​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ ដើម្បី​បន្ត​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ និង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ទទួលស្គាល់​ដោយស្មោះ​ចំពោះ​ធនាគារ ព្រីនស៍ ម.ក និង​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់ សម្រាប់​ការបន្ត​សហការគ្នា​នៅក្នុង​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ ​នេះ​»​។

ក្រោម​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម​ជំហាន​ទី​ ២ ម្ចាស់​អាជីវកម្ម​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ស្នើសុំ​ឥណទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​នៅ​ធនាគារ​ ព្រីនស៍ ​នឹង​ទទួលបាន​អត្រា​ការប្រាក់​ពិសេស​ចាប់ពី ៦.៥% ក្នុង​មួយឆ្នាំ​ជាមួយ​នឹង​ទំហំ​ឥណទាន​អតិបរមា​រហូតដល់ ៥០០,០០០ ​ដុល្លារ​អាមេរិក​ និង​រយៈពេល​ឥណទាន​រហូត​ដល់ ៧ ​ឆ្នាំ​។

ធនាគារ​ ព្រីនស៍ ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការបម្រើ​អតិថិជន​អាជីវកម្ម​ថ្មី​ និង​អតិថិជន​អាជីវកម្ម​ចាស់​ជាមួយ​ឥណទាន​សហគ្រាស​ធុន​តូច​ និង​មធ្យម​នេះ​ក្រោម​គម្រោង​សហហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក៏ដូចជា​ផលិតផល​ឥណទាន​ទូទៅ​ផងដែរ​។

លោកអ្នក​អាច​ស្នើសុំ​ឥណទាន​នៅ​ ៣២ ​សាខា​របស់​ធនាគារ​ ព្រីនស៍ ម.ក នៅ​ទូទាំងប្រទេស ឬ​ទំនាក់ទំនង​ទូរស័ព្ទ​លេខ​ ១៨០០២០៨៨៨៨ ​នៅថ្ងៃនេះ ដើម្បី​ប្រឹក្សា​ជាមួយ​អ្នកជំនាញ​ផ្នែក​ឥណទាន​របស់​ធនាគារ ព្រីនស៍ ម.ក (​ដោយ​ឥតគិតថ្លៃ​)៕