The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បណ្ដាក់ទុន​វិនិយោគ​រួមគ្នា​ ដើម្បី​​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​តែមួយ​ដោយ​ «​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​»




ពិធី​ចុះហត្ថលេខា​កិច្ចព្រមព្រៀង​បណ្ដាក់ទុន​វិនិយោគ​រួមគ្នា​ ដើម្បី​​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​កម្ពុជា​តែមួយ​ដោយ​ «​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​»

ប្រទេស​កម្ពុជា​បាន​កសាង​ប្រវត្តិសាស្ត្រ​ថ្មី​បន្ថែម​ទៀត​ក្នុង​វិស័យ​សោតទស្សន៍ និង​ផ្សព្វផ្សាយ​ដោយបាន​ចុះហត្ថលេខា​បង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​ដែល​បាន​បណ្តាក់ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​ធំៗ​ចំនួន​ ៣ គឺ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប​របស់​លោកជំទាវ ហ៊ុន ម៉ាណា និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​មាន​ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង និង​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប របស់​លោក​ឧកញ៉ា អ៊ឹង ឆៃងួន នៅ​ថ្ងៃទី​ ២៦ ខែសីហា ឆ្នាំ​ ២០២១​។

ពិធី​ចុះហត្ថលេខា​ខាងលើនេះ គឺជា​កិច្ចព្រមព្រៀង​បន្ថែមទៀត​លើ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​រវាង​ភាគី​ទាំង​ ៣ កាលពី​ថ្ងៃទី​ ១៨ ខែកុម្ភៈ​ឆ្នាំ​ ២០២១ កន្លងទៅ​។

សូមបញ្ជាក់ថា​ «​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​» ​បង្កើត​ឡើង​ក្នុង​គោលបំណង​បង្កើត​ក្រុមហ៊ុនចម្រុះ​រវាង​រដ្ឋ និង​ឯកជន​សម្រាប់​គ្រប់គ្រង​ «​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​» ​ដើម្បី​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ឈាន​ទៅ​សម្រេច​ឱ្យបាន​តាម​ផែនការ​របស់​អាស៊ាន​និយាយ​ជារួម​ និង​និយាយ​ដោយឡែក​ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានកំណត់​យក​ឆ្នាំ​ ២០២៣ ជា​កាលបរិច្ឆេទ​នៃ​ការដាក់ឱ្យ​ដំណើរការ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទូរទស្សន៍​អាណាឡូក​ឯកជន​ទាំងអស់ មក​ប្រើប្រាស់​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​ និង​បន្ត​ការផ្សាយ​ព្រម​គ្នា ជា​ប្រព័ន្ធ​អាណាឡូក និង​ប្រព័ន្ធ​ឌីជីថល​ស្របគ្នា​មុននឹង​ដល់​ដំណាច់ឆ្នាំ​ ២០២៥ ដែលជា​កាលបរិច្ឆេទ​សម្រាប់​បិទ​ការផ្សាយ​ទូរទស្សន៍​តាម​ប្រព័ន្ធ​អាណាឡូក​ជា​ស្ថាពរ​។

«​ថ្នាល​ទូរទស្សន៍​ឌីជីថល​ជាតិ​» ​ដែលជា​ក្រុមហ៊ុនចម្រុះ​រវាង​រដ្ឋ​ និង​ឯកជន​ថ្មី​នេះ​នឹង​ផ្តល់ជូន​នូវ​សេវា​ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្សាយ​តាម​ប្រព័ន្ធ DVB-T2 ​ដែល​មាន​ប៉ុស្តិ៍​ច្រើន​ប្រភេទ​សម្បូរបែប សំដៅ​លើកស្ទួយ​វិស័យ​ព័ត៌មាន អប់រំ​ចំណេះដឹង សិល្បៈ​កម្សាន្ត កីឡា និង​ទស្សនីយភាព​ត្រជាក់ៗ ដែល​នាំមក​នូវ​ភាពសុខដុមរមនា​ដល់​ក្រុមគ្រួសារ​កម្ពុជា​។

លោកជំទាវ ហ៊ុន ម៉ាណា ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​ក្នុង​ការសហការ​គ្នា​បង្កើត​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ ហើយ​ក៏​ជា​ផ្នែក​មួយ​ផងដែរ ក្នុង​ការគាំទ្រ​ការផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បច្ចុប្បន្ន​កម្ពុជា​កំពុង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​ទាំងអស់ ក្រោម​ម្លប់​សន្តិភាព និង​ស្ថិរភាព​នយោបាយ​»​។

អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បាន​មានប្រសាសន៍​ថា​៖ «​យើងខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចាប់​ដៃគូ​សហការ​គ្នា​បង្កើត​ក្រុមហ៊ុន​សម្ព័ន្ធ​ទូរទស្សន៍​កម្ពុជា​ និង​មាន​មោទនភាព​ដែល​បាន​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​សោតទស្សន៍ និង​ផ្សព្វផ្សាយ ឱ្យ​ទៅ​ជា​ប្រព័ន្ធ​ឌីជីថល​ពេញលេញ និង​ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការចូលរួម​សម្រេច​ឱ្យបាន​សេដ្ឋកិច្ចសង្គម​ឌីជីថល​កម្ពុជា ស្របតាម​គន្លង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌីជីថល​ជំនាន់​ទី​ ៤»​។

ដោយឡែក លោក​ឧកញ៉ា អ៊ឹង ឆៃងួន ប្រធាន​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប​ក៏បាន​លើកឡើង​ផងដែរ​ថា​៖ «​ថ្នាល​ទូរទស្សន៍​ឌីជីថល​នេះ​នឹង​នាំមក​នូវ​ទស្សនីយភាព​ និង​ស្តង់ដា​ថ្មីស្រឡាង​មួយទៀត​ ដែល​មាន​កម្រិត​ផ្សាយ គុណភាព​ខ្ពស់ ច្បាស់​ត្រជាក់​ភ្នែក ពី​កម្រិត​ HD ដល់​ UHD 4K ។ ទូរទស្សន៍​ឌីជីថល​នេះ​ជា​ថ្នាល​ប្រមូលផ្តុំ​នៃ​កម្មវិធី​សិល្បៈ កម្មវិធី​កម្សាន្ត កម្មវិធី​ព័ត៌មាន ភាពយន្ត តន្ត្រី និង ទស្សនីយភាព​ដ៏សម្បូរបែប​ជាច្រើន​ទៀត ដែល​ធានា​នូវ​ការផ្តល់ជូន​ចំណី​ចក្ខុ​ដ៏រីករាយ​ជូន​ទស្សនិកជន​ទូទាំងប្រទេស​ក្នុង​កន្លែង​តែមួយ​ «One-Stop Media Services»​។

«​នេះ​ជា​ភាពរីកចម្រើន​មួយ​ដ៏ធំ​ក្នុង​វិស័យ​សោតទស្សន៍ និង ផ្សព្វផ្សាយ ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​សម្រាប់​សង្គម​ឌីជីថល​កម្ពុជា​ឱ្យ​ដើរ​ស្របតាម​គន្លង ឧស្សាហកម្ម​បច្ចេកវិទ្យា​ឌីជីថល​ជំនាន់​ទី​ ៤ ដូច្នេះ​ការផ្លាស់ប្តូរ​រូបរាង​ថ្មី​ និង​បទពិសោធន៍​នៃ​ការកម្សាន្ត​នេះ​ធ្វើឱ្យ​ប្រទេស​កម្ពុជា​អាច​ដើរ​តាម​បច្ចេកវិទ្យា​ឈានមុខ​ទន្ទឹមនឹង​ឆាក​អន្តរជាតិ​ដោយ​ទស្សនិកជន​អាច​ទស្សនា​រាល់​ទស្សនីយភាព​ដែល​ផលិតឡើង​មាន​គុណភាព​ស្តង់ដា​ខ្ពស់ ច្បាស់​ត្រជាក់​ភ្នែក​ពី​គេហដ្ឋាន ឬ​មើល​តាម​ទូរស័ព្ទដៃ គ្រប់ពេលវេលា គ្រប់​ទីកន្លែង នៅលើ​ថ្នាល​តែមួយ​។ នេះ​ក៏​ជា​ការលើក​ទឹកចិត្ត​ដល់​ផលិតករ​ឱ្យ​ផលិត​នូវ​ទស្សនីយភាព​មាន​គុណភាព​ខ្ពស់​បន្តទៀត ដែលមាន​ថ្នាល​អាច​បង្ហាញ​ស្នាដៃ​របស់ខ្លួន​ទៅកាន់​ពិភពលោក​»​។

សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នីមួយៗ​បាន​បម្រើ​ទស្សនីយ​អារម្មណ៍ ព័ត៌មាន អប់រំ​ចំណេះដឹង និង​សិល្បៈ​កម្សាន្ត​ក្នុង​វិស័យ​សោតទស្សន៍​ជូន​ប្រជាជន​កម្ពុជា​អស់​រយៈពេល ២៥ ​ឆ្នាំ​មកហើយ រហូត​មក​ដល់​ពេលនេះ​ផ្អែកលើ​បទពិសោធន៍ ជំនាញ និង​ធនធាន​មនុស្ស ក្រុមហ៊ុន​យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា​នឹង​អភិវឌ្ឍ​ឧស្សាហកម្ម​សោតទស្សន៍​ និង​ផ្សព្វផ្សាយ​ឱ្យទទួល​បាន​ជោគជ័យ​។

•​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​បាយ័ន ប៊ីធីវី និង​វិទ្យុ​បាយ័ន​។

•​ក្រុមហ៊ុន​ទូរទស្សន៍ CBS រួមមាន​ប៉ុស្តិ៍​ទូរទស្សន៍ CTN, CTN International, CNC, MyTV, CBS Digital, TMS, វិទ្យុ​ភ្នំពេញ​ ៩៤MHz និង Legend Tiger ។ ចំណែក​ក្រុមហ៊ុន DigitalSky រួមមាន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ចំនួន ៣ ដូចជា (១) ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ប្រព័ន្ធ DVB-T/T2 (២) ​ថ្នាល​ទូរទស្សន៍​ឌីជីថល​ផ្កាយរណប​ប្រព័ន្ធ DTH (៣) ​ថ្នាល​ទូរទស្សន៍​ឌីជីថល​តាម​ទូរស័ព្ទដៃ​ប្រព័ន្ធ OTT ​និង​ផលិត​ប៉ុស្តិ៍​ទូរទស្សន៍​ខ្លួនឯង​ចំនួន ១១ ប៉ុស្តិ៍ ដូចជា OneTVSabay, OneTV Drama, OneTVKids, OneTV Music, OneTV Cinema, OneTV Discovery, OneNews, OneTV Movie HD, OneTV Sport9, OneTV Sport11, OneTV-E-school ។

•​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប រួមមាន ប៉ុស្តិ៍​ទូរទស្សន៍​ហង្សមាស រស្មី​ហង្សមាស វិទ្យុ​ហង្សមាស​ និង​រស្មី​ហង្ស​មាស​, ផលិតកម្ម​ WE,Pleng Records, ក្រុមហ៊ុន​ពិធីការ និង​សារព័ត៌មាន​ ២៤ ​ម៉ោង​។

ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង

1. ​ក្រុមហ៊ុន​ទូរទស្សន៍​បាយ័ន​គ្រុប​, ទូរស័ព្ទ​លេខៈ ០១២ ៨៧២ ៥១៨
2. ​ក្រុមហ៊ុន​ទូរទស្សន៍ CBS, ទូរស័ព្ទ​លេខៈ ០៨៥ ៥៩៥ ៥៣៣, ០៨៥ ២២៩ ៤៧៧
3. ​ក្រុមហ៊ុន​ទូរទស្សន៍​ហង្សមាស​គ្រុប​, ទូរស័ព្ទ​លេខៈ ០១២ ៩៥៩ ៥១៩