The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ ណុងហឹប បានផ្តល់​ជំនួយ​ដល់​ក្រសួង​សុខាភិបាល​ ដើម្បី​ចូលរួម​ប្រយុទ្ធ




ធនាគារ ណុងហឹប បានផ្តល់​ជំនួយ​ដល់​ក្រសួង​សុខាភិបាល​ ដើម្បី​ចូលរួម​ប្រយុទ្ធ

ប្រឆាំង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន ​ដើម្បី​រួមចំណែក​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​បន្ត​រីករាលដាល​ក្នុង​សហគមន៍​នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​ ២៣ ខែកញ្ញា ឆ្នាំ​២០២១ កន្លងទៅនេះ ធនាគារ ណុងហឹប នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្តល់​ជូន​សម្ភារ​មួយចំនួន​ដូចជា ឧបករណ៍​តេស្ត​កូវីដ​ ១៩ (Rapid Test) ចំនួន ​១ ២០០ ម៉ាស់ (KN94) ចំនួន ១០ ០០០ ​ម៉ាស់ អាល់កុល​ចំនួន ៩០០ លីត្រ ថ្នាំដុសធ្មេញ​ចំនួន ២ ០០០ ​ដប ច្រាស​ដុសធ្មេញ​ចំនួន ១ ០០០ ដើម សាប៊ូដុំ​ចំនួន ១ ៨០០ ​ដុំ ជែល​សម្លាប់​មេរោគ​ចំនួន ២៥០ ​ដប និង​មី (​ផលិតផល​កូរ៉េ​) ចំនួន ២ ០០០ កញ្ចប់ ដល់​ក្រសួងសុខាភិបាល​តាមរយៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន (​ខេមបូឌា) ម.ក ក្រោម​អធិបតីភាព​ដ៏ខ្ពង់ខ្ពស់​របស់លោក​ជំទាវ វេជ្ជ. យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល​។

ធនាគារ ណុងហឹប មាន​មូលដ្ឋាន និង​អាជីវកម្ម​ធំជាងគេ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​បាន​ជ្រៀតចូល​ខ្លួន​ទៅ​ក្រៅប្រទេស​តាមរយៈ​សាខា​បរទេស​នៅ​សហរដ្ឋអាមេរិក និង​វៀតណាម ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​នៅ​មីយ៉ាន់ម៉ា និង​កម្ពុជា ហើយ​ការិយាល័យ​តំណាង​នៅ​ប្រទេស​ចិន និង​ឥណ្ឌា​។

ណុងហឹប ហ្វាយនែន គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៃ​ធនាគារ ណុងហឹប ហើយ​បច្ចុប្បន្ន ណុងហឹប ហ្វាយនែន កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ១១ ​គឺ ខេត្ត​កណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ កំពង់ធំ សៀមរាប ព្រៃវែង ស្វាយរៀង និង ខេត្តកំពង់ចាម ដើម្បី​ផ្តល់ជូន​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​។

លើសពីនេះ​ទៀត ណុងហឹប ហ្វាយនែន មិន​ត្រឹមតែ​ផ្តល់នូវ​ផលិតផល​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ ថែមទាំង​ចូលរួម​ក្នុង​កម្មវិធី​ជួយ​សង្គម​ជាច្រើន​ផងដែរ ក្នុងនោះ​រួមមាន ការបណ្តុះបណ្តាល​កសិក​ម្ម ការបណ្តុះបណ្តាល​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រួសារ ការវេចខ្ចប់​ចំណីអាហារ និង​សកម្មភាព​សង្គម​ផ្សេងៗ​ទៀត​ដែលជា​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា ជាពិសេស​ក្នុង​ការចូលរួម​យ៉ាងសកម្ម​ក្នុងការ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ជាមួយ​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន​៕ photo SUPPLIED