ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក កាលពីថ្ងៃទី ១២ ខែឧសភា បានចេញរបាយការណ៍អំពីកំណើននៃការទូទាត់តាមរយៈឌីជីថល ខណៈដែលប្រជាជនកម្ពុជាងាកចេញពីការប្រើប្រាស់ប្រាក់សុទ្ធក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ ១៩។ បច្ចេកវិទ្យាឌីជីថលដែលពេញនិយមសម្រាប់ការទូទាត់មានដូចជាតាមរយៈបច្ចេកវិទ្យា Contactless ជាពិសេស គឺតាមរយៈ QR កូដ និងកាបូបអេឡិចត្រូនិក (e-Wallet)។ តាមរយៈការចេញផ្សាយការសិក្សាចុងក្រោយរបស់ខ្លួនបានបញ្ជាក់ថា ប្រជាជនកម្ពុជាចំនួនប្រមាណ ៣២ ភាគរយគ្រោងនឹងឈប់ប្រើប្រាស់សាច់ប្រាក់សុទ្ធ ដោយសារពួកគេជឿជាក់ថា ការមិនប្រើប្រាស់សាច់ប្រាក់សុទ្ធនឹងធ្វើឱ្យសង្គមកាន់តែមានអនាម័យ កាន់តែមានប្រសិទ្ធភាព និងល្អសម្រាប់បរិស្ថាន។ អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ «ដោយសារតែជម្រើសនៃការទូទាត់តាមរយៈឌីជីថលមានច្រើន យើងកំពុងធ្វើដំណើរឆ្ពោះទៅរកការផ្លាស់ប្តូរពីជំនាន់មួយ គឺអំពីរបៀបដែលប្រជាជនកម្ពុជាជ្រើសរើសការទូទាត់ និងការទទួលប្រាក់»៕ រូបថត SUPPLIED