The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​អគារ ជីប ម៉ុង ថៅ​វើ​

សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​អគារ ជីប ម៉ុង ថៅ​វើ​

​សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ ដែល​ស្ថិតនៅ​អគារ ជីប ម៉ុង ថៅ​វើ មាន​កម្ពស់ ៤៥ ជាន់ ដែលជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ស្ដង់ដារ​អន្តរជាតិ ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​ ៣១ ខែមីនា ឆ្នាំ​២០២៣​។

​ពី​ធី​ដ៏​នក្ខត្ត​ប្ញ​ក្ស​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក រួម​នឹង​វត្តមាន​របស់​ភ្ញៀវកិត្តិយស​សរុប​ជាង ​៧០០​ នាក់​ផ្សេងទៀត​។

​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត​មានប្រសាសន៍ថា ៖«​សូម​ចូលរួម​អបអរសាទរ​ជាមួយ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​-​និយោជិត​ទាំង​អស់នៃ​ក្រុមហ៊ុន ជីប ម៉ុង ចំពោះ​ការសម្ពោធ​ដាក់ឱ្យ​ដំណើរការ​សណ្ឋាគារ Fairfield by Marriott Phnom Penh ដែលជា​សណ្ឋាគារ​លំដាប់​អន្តរជាតិ​ដ៏​ទំនើប​ប្រកបដោយ​សេវាកម្ម​សម្បូណ៌​បែប ហើយ​អគារ Chip Mong Tower ក៏បាន​ក្លាយទៅជា​និមិត្តរូប​ដ៏​លេចធ្លោ និង​ជា​អត្តសញ្ញាណ​មួយ​ថ្មី​របស់​រាជធានី​ភ្នំពេញ​»​។​

«​ស្រប​ពេលដែល​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច បាន​វិល​ត្រឡប់មក​ជាធម្មតា​ឡើងវិញ​, វិស័យ​ទេសចរណ៍​កម្ពុជា​បាន​ងើប​ឡើងជា​បណ្តើរៗ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។ ដោយនៅ​ឆ្នាំ​២០២២ កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​ណ៍​អន្តរជាតិ​រហូត​ប្រមាណ ២,២៨ លាន​នាក់ ដែលជា​កំណើន​ដល់​ជាង​១០​ដង បើ​ធៀប​ទៅនឹង​ឆ្នាំ​២០២១»​។​

​អ្នកឧកញ៉ា លាង ឃុន ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ជីបម៉ុង​បាន​ថ្លែងថា ៖«​ខ្ញុំបាទ​មាន​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ នឹង​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មកពី​គ្រប់ទិសទី​មក​ទឹកដី​កម្ពុជា ហើយ​សណ្ឋាគារ​ដ៏​ថ្មីស្រឡាង​មួយ​នេះ បាន​ត្រៀម​រួចជាស្រេច ដើម្បី​ផ្តល់ជូន​នូវ​បដិសណ្ឋារកិច្ច​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ភ្ញៀវទេសចរ​ជាច្រើន​ពាន់​នាក់​នៅក្នុង ព្រឹត្តិការណ៍​ស៊ី​ហ្គេម ២០២៣​នាពេលខាងមុខ​»​។​

«​នេះ​ជា​ប្រយោជន៍​ដ៏​សំខាន់​ក្នុងការ​ចូលរួម​បង្កើន​និរន្តរភាព​ក្នុង​វិស័យ​ទេសចរណ៍ ដែលជា​សសរស្តម្ភ​ដ៏​សំខាន់​មួយ​នៃ​សេដ្ឋកិច្ចជាតិ​»​។​

​អ្នកឧកញ៉ា លាង ឃុន បាន​បន្ថែមទៀតថា ការនាំយក​សណ្ឋាគារ​លំ​ដាប់​ពិភពលោក​មួយ​នេះ​មក​កម្ពុជា ដោយ​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ​វែងឆ្ងាយ និង​ឈរលើ​បន្ទាត់ស្រប​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការជំរុញ​សក្ដានុពល​វិស័យ​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​។

​លោក Jakob Helgen អនុប្រធាន​ប្រចាំ​តំបន់ នៅ​ប្រទេស​ថៃ វៀតណាម កម្ពុជា និង​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា ខ្ញុំបាទ​មាន​សេចក្តីសោមនស្ស​រីករាយ​និង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង ក្នុងការ​សហការ​ជាមួយ​ក្រុមហ៊ុន ជីប ម៉ុង នាំយក​យីហោ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត មក​កម្ពុជា​ហើយ​ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ​គឺជា​សណ្ឋាគារ​ដែលមានរ​ចនាប​ថ​ដ៏​ប្រណិត និង​ស៊ី​វិ​ល័យ​តាម​ស្ដង់ដា​អន្ដរជាតិ ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​។​

​ឯកឧត្តម​បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងថា​ការបើក​សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ ដែល​ស្ថិតនៅ​អគារ ជីប ម៉ុង ថៅ​វើ ក៏​ជា​សញ្ញា​បង្ហាញ​នូវ​សុទិដ្ឋិនិយម​កាន់តែខ្លាំង​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្តម​មានប្រសាសន៍​ថា ៖«​ប្រភព​ចំណូល​ពី​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ក៏បាន​កើន​ដល់​ទៅ​ជាង ៦ ដង ក្នុងអំឡុងពេល​ដូចគ្នា ហើយ​កំណើន​នេះ​ក៏បាន​បង្កើត​នូវ​មុខរបរ និង​ការងារ​ទេសចរណ៍​ជូន​ដល់​ប្រជាជន​ប្រមាណ ៣២ ម៉ឺន​នាក់​ផងដែរ​។ ឈរលើ​មូលដ្ឋាន​នេះ ទស្សនវិស័យ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ទាំងមូល នឹង​កាន់​តែមាន​ភាព​វិជ្ជមាន​ល្អ​សម្រាប់​ពេលខាងមុខ​»​។​

«​និន្នាការ​នេះ ក៏​ជាស​ញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ​នៃ​ប្រតិបត្តិការ​ក្នុង​អនុវិស័យ​សណ្ឋាគារ​ក្នុង​រយៈពេល​វែង និង​មធ្យម ជាពិសេស​ខណៈដែល​ឆ្នាំ​២០២៣ នេះ កម្ពុជា​ក៏​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ជាច្រើន ដូចជា​៖ យុទ្ធនាការ «​ឆ្នាំ​ទស្សនា​កម្ពុជា​២០២៣» និង​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣​។​

​គួរបញ្ជាក់​ផងដែរ​ថា សណ្ឋាគារ ហ្វ៊ែ​រ​ហ្វៀ​ល បាយ ម៉ា​រៀ​ត ភ្នំពេញ មានភ្ជាប់​ទៅដោយ​៣០០ បន្ទប់​គេង អាងទឹក​លើ​អាកាស សាលប្រជុំ​ដ៏​ប្រណីត ភោជនីយដ្ឋាន ស្កា​យ​បារ​ដ៏​ទំនើប ដែល​គ្របដណ្ដប់ ១៩ ជាន់​ខាងលើ​នៃ អគារ ជីប ម៉ុង ថៅ​វើ មាន​កម្ពស់ ៤៥ ជាន់ ដែលជា​អគារ​ពាណិជ្ជកម្ម​ចម្រុះ​ស្ដង់ដារ​អន្តរជាតិ ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​៕