The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ផ្នែក​ភាសាជប៉ុន និង​ជំនាញ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ONODERA USER RUN ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ

សាលា​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ផ្នែក​ភាសាជប៉ុន និង​ជំនាញ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ONODERA USER RUN ត្រូវ​បាន​បើក​សម្ពោធ​ជា​ផ្លូវការ

ក្រុមហ៊ុន ONODERA USER RUN ដែល​ជា​សាលា​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ជាពិសេស គឺ​ចំណេះ​ដឹង​ផ្នែក​ភាសាជប៉ុន និង​ជំនាញ​ផ្នែក​ថែ​ទាំ​មនុស្ស​ចាស់ កាលពី​ថ្ងៃទី៤ ខែ​មេសា ឆ្នាំ ២០២៣ បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម សេង សក្តា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ លោក អីហ្សឺមិ​ ម៉ាស្សាយូគី​ តំណាង ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក កាតូ ជូន​ អ្នក​តំណាង​នៃ​សាលា ONODERA USER RUN CAMBODIA ព្រម​ទាំង​លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស​ទាំងអស់​ព្រម​ទាំង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូបទៀត។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ ឯកឧត្តម សេង សក្តា បាន​ថ្លែង​អបអរសាទរ​ចំពោះ​លោក កាតូ ជូន និង​សហការី​ទាំងអស់​នៃ​សាលា ONODERA USER RUN CAMBODIA ដែល​បាន​បង្កើត​សាលា​នេះ​ឡើង ដោយ​ផ្តោត​លើ​ការ​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន និង​ជំនាញ​ថែទាំ​មនុស្ស​ចាស់​នៅ​កម្ពុជា។

ឯកឧត្តម​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចាប់​អារម្មណ៍​ឃើញ​ថា សាលា ONODERAUSER RUN CAMBODIA នេះ​បង្កើត​ឡើង​ដោយ​ជនជាតិ​ជប៉ុន តាម​ស្តង់ដារ​របស់​ប្រទេស​ជប៉ុន និង​បាន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដោយ​ឥត​គិតថ្លៃ ដែល​នេះ​គឺជា​ការ​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា និង​ជាពិសេស អ្នក​ដែល​មិនមាន​លទ្ធភាព ក៏​អាច​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ភាសា​ជប៉ុន និង​ជំនាញ​សម្រាប់​ប្រើប្រាស់​ប្រកប​របរ​ទៅ​ថ្ងៃ​មុខ»​។

ឯកឧត្តម សេង សក្តា សង្ឃឹម​យ៉ាង​មុតមាំ​ថា សាលា​ដែល​មាន​លោក កាតូ ជូន ជា​អ្នក​តំណាង​ព្រម​ទាំង​សហការី លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់​របស់​សាលា នឹង​ចូលរួម​ចំណែក​ល្អ​ប្រសើរ ក្នុង​ការ​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ទៅ​តាម​ស្តង់ដារ និង​តម្រូវការ​ទីផ្សារ​ការងារ​ដល់​យុវជន​កម្ពុជា។ យើង​ដឹង​ហើយ​ថា សាលា​ល្អ គ្រូ​បង្រៀន​ល្អ នឹង​នាំ​ឱ្យ​មាន​ធនធាន​ល្អ​ទៅ​ថ្ងៃមុខ។ ធនធាន​ល្អ នឹង​ជា​ផ្នែក​មួយ​ដែល​ជួយ​ឱ្យ​ជាតិ​យើង​បន្ត​រីក​ចម្រើន។

លោក កាតូ ជូន អ្នក​តំណាង​នៃ​សាលា ONODERA USER RUN CAMBODIA បាន​ថ្លែង​ថា៖ «យើង​ណែនាំ​ធនធាន​មនុស្ស​ដែល​អាច​ធ្វើ​ការ​ប្រកប​ដោយ​ស្ថិរភាព​ក្នុង​រយៈពេល​យូរ​តាម​រយៈការ​ផ្តល់​សេវាកម្ម​តែ​ម្តង​គត់​តាំង​ពី​ការ​អប់រំ​ផ្នែក​ភាសាជប៉ុន និង ជំនាញ​ជាក់លាក់​ដល់​ការ​ជ្រើសរើស​បុគ្គលិក ការ​គាំទ្រ​សម្រាប់​ជីវិត​ បន្ទាប់ពី​ការងារ និង​ការ​ទទួល​បាន​សញ្ញាប័ត្រ»។

លោក កាតូ ជូន បញ្ជាក់​ថា នៅ​កម្ពុជា មាន​សិស្ស​ចំនួន ២៥ នាក់​ប្រលង​ជាប់ ក្នុង​នោះ​សិស្ស ១៥ នាក់​បាន​សម្ភាសន៍​ជាប់​ក៏​ដូចជា ចូល​បំរើ​ការងារ​នៅ​ក្នុង​ប្រទេស​ជប៉ុន​រួច​ជាស្រេច។ ហើយ​យើង​គ្រោង​នឹង​អប់រំ​សិស្ស​ចំនួន ២០០ នាក់​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ។ លោក​យល់​ថា វាជា​សម្ទុះ​ដ៏​អស្ចារ្យ​សម្រាប់​ការ​រីក​ចម្រើន​ទៅ​មុខ។

តំណាង​សិស្ស​នៃសា​លា ONODERA USER RUN CAMBODIA ឈ្មោះ ហាក់ ទី ដែល​មក​ពី​ខេត្ត​កំពត បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​លោក​ជា​ភាសា​ជប៉ុន​នៅ​ក្នុង​ពិធី​សម្ពោធ​នោះ​ថា លោក​បាន​ចូល​សាលា ONODERA USER RUN CAMBODIA នៅ​ថ្ងៃ​ទី៥ ខែ​កញ្ញា ឆ្នាំ ២០២២ ហើយ​សាលា ONODERA USER RUN CAMBODIA ផ្តល់​ការ​អប់រំ​ដោយ​ឥត​គិតថ្លៃ និង​ឱកាស​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​សម្រាប់​យុវជន​កម្ពុជា​ដែល​មាន​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ និង​ផ្តល់​ឱកាស​ដល់​មនុស្ស​ជាច្រើន។

លោក ហាក់ ទី បាន​លើក​ឡើង​ថា៖ «មុន​ពេល​ចូល​សាលា ONODERA USER RUN CAMBODIA ខ្ញុំ​មិនមាន​ចំណេះ​ដឹង​ច្រើន​អំពី​ភាសា​ជប៉ុន និង​ការ​ថែទាំ​មនុស្ស​ចាស់​ទេ ប៉ុន្តែ​បន្ទាប់ពី​ចូល​សាលា ONODERA USER RUN CAMBODIA ភាសា​ជប៉ុន​របស់​ខ្ញុំ​គឺ​បាន​ប្រសើរ​ឡើង និង​ចំណេះ​ដឹង​ការងារ​ថែទាំ​មនុស្ស​ចាស់​កាន់តែ​ទូលំទូលាយ​ច្រើន​ផងដែរ។ បន្ថែមពី​លើ​ចំណេះដឹង​ភាសា​ជប៉ុន និង​ការ​ថែទាំ​មនុស្ស​ចាស់ លោកគ្រូ​អ្នកគ្រូ​គឺ​បាន​បង្រៀន​ខ្ញុំ​អំពី​វប្បធម៌​ជប៉ុន ទំនៀម​ទម្លាប់ ច្បាប់ អាកប្បកិរិយា និង​វិធី​ដោះស្រាយ​នៅ​ពេល​មាន​បញ្ហា និង​ពេល​ជួប​ទុក្ខលំបាក​នៅ​ប្រទេស​ជប៉ុន​ផងដែរ។ សម្រាប់​ខ្ញុំ ការ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន គឺជា​ក្តី​សុបិន្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​គិតថា វា​នឹង​នាំ​ខ្ញុំ​ទៅ​រក​អនាគត​ដ៏ល្អ»។

លោក កាតូ ជូន បាន​បន្ថែម​ទៀត​ថា ៖«ក្រុមហ៊ុន ONODERA USER RUN បាន​បង្កើត​សាលា​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​តាំង​ពី​ឆ្នាំ ២០១៦ រួមមាន ៥ ប្រទេស ក្នុង​នោះ​មាន​ប្រទេស មីយ៉ាន់ម៉ា ហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី និង​ប្រទេស​កម្ពុជា។ អ្វីដែល​កាន់​តែ​ពិសេស គឺ​សាលា​ទាំង ៥ ប្រទេស​នេះ មិន​តម្រូវ​ឱ្យ​សិស្ស​បង់ថ្លៃ​សិក្សា​ឡើយ»។

សូម​បញ្ជាក់​ថា ការ​បណ្តុះ​បណ្តាល​របស់​សាលា ONODERA USER RUN CAMBODIA គឺ​ផ្តល់​ជូន​នូវ​ចំណេះដឹង​ផ្នែក​ភាសា​ជប៉ុន និង​ជំនាញ​ផ្នែក​ថែទាំ​មនុស្ស​ចាស់ ដើម្បី​ឱ្យ​សិស្ស​ក្លាយ​ជា​ពលករ​ជំនាញ​កម្រិត​មួយ​ដែល​ហៅថា SSW។ ដែល​មាន​ន័យ​ថា​សិស្ស​ទទួល​បាន​វីសា (Visa) ការងារ​រយៈពេល ៥ឆ្នាំ ទទួល​បាន​ការ​គាំទ្រ​ពី​ស្ថាប័ន​ចុះ​បញ្ជី​សេវាកម្ម​ការងារ​អន្តោប្រវេស៍ ទទួល​បាន​ការ​ស្វែង​រក​កន្លែង​ស្នាក់​នៅ​ដ៏​ត្រឹមត្រូវ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ទូលំទូលាយ​សម្រាប់​អាយុ​ជីវិត និង ការងារ ពី​និយោជក់​ពេល​ទៅ​ដល់​ប្រទេស​ជប៉ុន៕