ក្រុមហ៊ុន ឡូជីស្ទីកលំដាប់ពិភពលោក ឌីប៊ី សេនឃើរ កាលពីថ្ងៃទី០៤ ខែមេសា បានប្រារព្ធពិធីសម្ពោធការិយាល័យអាជីវកម្មថ្មីរបស់ខ្លួន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូបក្នុងនោះក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Stefan Messerer រួមទាំងអតិថិជន និងដៃគូអាជីវកម្មជាច្រើនទៀត។
ការបើកដំណើការការិយាល័យថ្មីនេះ គឺជាតម្រុយចរដ៏គួរឱ្យកត់សម្គាល់មួយដែលបង្ហាញអំពីការរីកចម្រើនរបស់ក្រុមហ៊ុននៅក្នុងតំបន់ ហើយការណ៍នេះត្រូវបានរំពឹងថា នឹងអាចឱ្យក្រុមហ៊ុនពង្រីកសមត្ថភាពរបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការផ្នែក ឡូជីស្ទីក ដែលកំពុងកើនឡើងនៅក្នុងប្រទេសផងដែរ។
តម្រូវការនៃមធ្យោបាយ ឡូជីស្ទីក ប្រកបដោយនវានុវត្តន៍និងប្រកបដោយចិរភាពនៅកម្ពុជា គឺកំពុងតែកើនឡើងហើយក្រុមហ៊ុន ឌីប៊ី សេនឃើរ ក៏កំពុងតែឈរខ្លួនឱ្យឆ្លើយតបនឹងតម្រូវការទាំងនេះផងដែរ។ ការិយាល័យថ្មីដែលមានទីតាំងនៅរាជធានីភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការរបស់ ឌីប៊ី សេនឃើរ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងក្នុងតំបន់ផងដែរ។
ការិយាល័យថ្មីនេះនឹងបម្រើការដោយបុគ្គលិកដែលមានជំនាញវិជ្ជាជីវៈ ឡូជីស្ទីក មួយក្រុមដោយពួកគាត់នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយធុរកិច្ចក្នុងស្រុក ក៏ដូចជាអន្តរជាតិ ដើម្បីផ្តល់នូវដំណោះស្រាយ ឡូជីស្ទីក សម្រាប់តម្រូវការខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ។
ចំណុចខ្លាំងដ៏ខ្លាំងមួយរបស់ក្រុមហ៊ុន ឌីប៊ី សេនឃើរ គឺសមត្ថភាពក្នុងការផ្តល់នូវសេវាកម្ម ឡូជីស្ទីក ប្រកបដោយនវានុវត្តន៍ពីដើមដល់ចប់ (innovative end-to-end logistics services) ដែលរាប់ចាប់តាំងពីការដឹកជញ្ជូនទំនិញ (Freight forwarding) ការជម្រះជើងសារគយ (customs clearance) រហូតដល់ការរក្សាទុកក្នុងឃ្លាំង (warehousing) និងការចែកចាយ (distribution)។
ការណ៍នេះ នឹងអាចអនុញ្ញាតឱ្យក្រុមហ៊ុនផ្តល់ជូននូវសេវាកម្ម ឡូជីស្ទីក ជាកញ្ចប់ដែលមានគ្រប់សេវាកម្ម សម្រាប់គ្រប់ទំហំអាជីវកម្ម មិនថាជាអាជីវកម្មនាំចូលវត្ថុធាតុដើម ឬនាំចេញផលិតផលសម្រេចដូចជាស្បែកជើង គ្រឿងអេឡិចត្រូនិច ឬសម្លៀកបំពាក់ឡើយ។
ការបើកការិយាល័យថ្មីនៅកម្ពុជា គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ ឌីប៊ី សេនឃើរ ដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់។ ព្រះរាជាណាចក្រកម្ពុជាគឺជាផ្នែកមួយនៃចង្កោម ឌីប៊ី សេនឃើរ មេគង្គ (DB Schenker's Mekong Cluster) ដែលក្នុងនោះរួមមាន សាធារណរដ្ឋសង្គមនិយមវៀតណាម ព្រះរាជាណាចក្រថៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
«យើងពិតជារំភើបក្នុងការសម្ពោធការិយាល័យថ្មីរបស់យើងនៅព្រះរាជាណាចក្រកម្ពុជា» នេះគឺជាប្រសាសន៍របស់លោក Thomas Sorensen នាយកប្រតិបត្តិនៃចង្កោម ឌីប៊ី សេនឃើរមេគង្គ។
លោកក៏បានបន្ថែមផងដែរថា៖ «វត្តមានរបស់យើងនៅក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០០៧ បាននាំមកនូវការរីកចម្រើនជាលំដាប់សម្រាប់អាជីវកម្មរបស់យើង។ ការបើកការិយាល័យថ្មីនេះ គឺជាដំណើរប្រកបដោយយុទ្ធសាស្ត្រមួយ ដែលនឹងអនុញ្ញាតឱ្យយើងអាចផ្តល់សេវាជូនអតិថិជនរបស់យើងបានកាន់តែល្អប្រសើរ និងដើម្បីទាញយកអត្ថប្រយោជន៍ពីឱកាសដែលកំពុងកើតចេញពីទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា»។
ការបើកឱ្យដំណើរការការិយាល័យថ្មីរបស់ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីការអភិវឌ្ឍដ៏វិជ្ជមានមួយរបស់ក្រុមហ៊ុន។ តាមរយៈការផ្តល់ជូនធុរកិច្ចផ្សេងៗនូវសេវាកម្ម ឡូជីស្ទីក ដែលមានគុណភាពខ្ពស់ និងប្រកបដោយនវានុវត្តន៍ ក្រុមហ៊ុនក៏កំពុងចូលរួមចំណែកក្នុងការសម្រួលដល់ពាណិជ្ជកិច្ច និងកំណើន សេដ្ឋកិច្ច ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងតំបន់ទាំងមូលផងដែរ៕