The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​ម៉េងលី ជេ. គួច អេឌ្យូខេសិន​រៀបចំ​ពិព័រណ៍​ភាគហ៊ុន​នៅផ្សារ​ទំនើប​អ៊ីអន​២ សែនសុខ

ក្រុមហ៊ុន​ម៉េងលី ជេ. គួច អេឌ្យូខេសិន​រៀបចំ​ពិព័រណ៍​ភាគហ៊ុន​នៅផ្សារ​ទំនើប​អ៊ីអន​២ សែនសុខ

ពិព័រណ៍​ភាគហ៊ុន​របស់​ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក​ស្តីពី​ការបោះផ្សាយ​លក់​មូល​បត្រ​កម្មសិទ្ធិ​សាធារណៈ​លើក​ដំបូង (IPO) ត្រូវបានធ្វើ​ឡើង​នៅផ្សារ​ទំនើប​អ៊ីអន២ សែនសុខ កាលពី​ថ្ងៃទី១២ ខែឧសភា ដើម្បី​ផ្តល់​ឱកាស​ស្វែងយល់​លម្អិត​អំពី​ការវិនិយោគ​ដ៏សំខាន់​នេះ។

កម្មវិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជាអគ្គ​នាយក​នៃ​និយ័តករ​មូលបត្រ​កម្ពុជា, ឯកឧត្តម ហុង សុហួរ ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក ជាអគ្គ​នាយក​នៃផ្សារ​មូលបត្រ​កម្ពុជា, អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធាន​ក្រុម​ប្រឹក្សា​ភិបាលនិង​អគ្គនាយក​ប្រតិបត្ដិ​នៃក្រុមហ៊ុន​ម៉េងលីជេ. គួច អេឌ្យូខេសិន រួមទាំង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​ទៀត។

ជាមួយ​នឹង​ការដាក់​លក់​មូលបត្រ​កម្មសិទ្ធិ​សាធារណៈរបស់ MJQE នៅលើផ្សារ​មូលបត្រ​កម្ពុជា ស្ថាបនិក​គ្រឹះស្ថាន​អប់រំ​ឯកជន​ឈានមុខគេ​មួយ​នៅ​កម្ពុជា​នេះ ក៏បាន​អំពាវនាវ​ឱ្យបងប្អូន​ប្រជាពលរដ្ឋ ពិសេស​អាណាព្យាបាល​សិស្សានុសិស្ស​ចូលរួម​ទិញ​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​ដើម្បី​អាចពង្រីក​និង​ពង្រឹង​ខ្លួន​កាន់តែ​រឹងមាំ​ថែមទៀត​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា។

បច្ចុប្បន្ន ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានសាខាសរុបចំនួន ១៥ ក្នុង​រាជធានីខេត្តក្រុង និងបណ្តាខេត្ត ក្នុងនោះមានសិស្សជាង ២០​,០០០ នាក់, បុគ្គលិក ២,១៤៩ នាក់ និងមានអតីតសិស្សជាង ៥០,០០០ នាក់ កំពុងសិក្សា និងធ្វើការនៅជុំវិញពិភពលោក។

ក្រុមហ៊ុន​ក៏គ្រោង​បើកដំណើរការ​សាខាថ្មី សម្រាប់ ឆ្នាំសិក្សា២០២៣-២០២៤ សាខា​ជាច្រើន​បន្ថែម ទៀត​ក្នុងនោះ រួមមាន៖សាខា សែនសុខ, សាខាច្បារ​អំពៅ,សាខា កំពង់ចាម, សាខាតាកែវ​និងសាខា​បាត់ដំបង។

សម្រាប់​កាលបរិច្ឆេទ​បរិវិសកម្ម បើកនៅ​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងបិទ​នៅថ្ងៃ​ទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយ MJQE នឹង​ចូល​រួម​ជា​ផ្លូវ​ការ​ជាមួយ CSX នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា​ អាស្រ័យ​លើការ​អនុម័ត​តាមការ​យល់ព្រម​ជាមុន​ពី​និយ័តករ​មូលបត្រ​កម្ពុជា។

ការបន្ត​ភាព​ជោគជ័យ​របស់ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​បានរួមចំណែក​ដល់ការចូល​ក្នុង​ទីផ្សារ​ភាគហ៊ុន​កម្ពុជា​ដោយ IPO នេះ​ បើក​សម្រាប់​អ្នកវិនិយោគ​ទូទៅ​ និង​មានបំណង​រៃអង្គាស​ថវិកា​ចំនួន ១០ លាន​ដុល្លារ​ដើម្បី​បង្កើត​សាលារៀន​បន្ថែម​ទៀត។

ក្នុងនោះ​មូលធនីយកម្ម​ចំនួន ១០,000,000 លាន​ដុល្លារ​អាមេរិក, ធានា​ភាគ​លាភ ៦.០% ក្នុង​១ឆ្នាំ​សម្រាប់​រយៈពេល ២​ឆ្នាំ​ដំបូង, ភាគហ៊ុន IPO ចំនួន ១៩,៦០៦,៦០០ ភាគហ៊ុន​ស្មើ​នឹង​ ៥,៨៨ %​នៃ​ភាគហ៊ុន​ក្រុមហ៊ុន​សរុប​ហើយ​តម្លៃ IPO គឺ ២,០៨០រៀល ឬ ០,៥១ ដុល្លារ៕