The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ទិន្នន័យ BYTEDC

ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​ទិន្នន័យ BYTEDC

BYTEDC គឺ​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​នូវ​មជ្ឈមណ្ឌល​ផ្ទុក​ទិន្នន័យ​ដ៏​ធំមួយ​ ក្រោម​ការ​វិនិយោគ​រវាង ប្រទេសកម្ពុជា និង​ប្រទេស​សឹង្ហបុរី ​បាន​បើក​សម្ពោធជា​ផ្លូវ​ការ​ហើយ​នៅ​ប្រទេស​កម្ពុជា​ នា​ថ្ងៃ​ទី១១ ខែឧសភា​ ឆ្នាំ២០២៣ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត និង​មាន​ការ​ចូលរួមពី ឯកឧត្តម លោក​ជំទាវ​ អ្នក​ឧកញ៉ា លោក​ឧកញ៉ា​ភ្ញៀវ​កិត្តិយសជាតិ និង​អន្តរជាតិ​ជា​ច្រើន​រូប​ទៀត។

មាន​ប្រសាសន៍​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​នេះ លោក​ BOB LIM (ប៊ប លីម) ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន BYTEDC Solutions បាន​រំលឹក​​ថា បច្ចុប្បន្ន​យើង​កំពុង​រស់នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​បច្ចេក​វិទ្យា ហើយ​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​ប្រព័ន្ធ​ទិន្នន័យ​ធំៗ (big data)​ការ​រក្សា​ទិន្នន័យ​នៅ​លើ​ប្រព័ន្ធ​ក្លោដ (cloud computing) និង​ការ​តភ្ជាប់​បណ្តាញ អ៊ីនធឺណិត បាន​នាំ​មក​នូវ​ការ​ផ្លាស់ប្តូរ​គួរឱ្យ​កត់​សម្គាល់។ ការ​រាតត្បាត​ជា​សកល​នៃ​ជំងឺ​កូវីដ-១៩​បាន​ពន្លឿន​ដល់​ការ​ផ្លាស់​ប្តូរ​នេះ​បន្ថែម​ទៀត ជាពិសេស នៅ​ក្នុង​វិស័យ​មួយ​ចំនួន ដូចជា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ការ​ធ្វើ​ការងារ​ពី​ចម្ងាយ ដែល​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​ យើង​បាន​បោះ​ជំហាន​យ៉ាង​​លឿន​ឆ្ពោះ​ទៅ​រក​ទសវត្សរ៍​មួយ​នៅ​ក្នុង​វឌ្ឍនភាព​ឌីជីថល។ នៅ​ក្នុង​បរិបទ​នេះ​ការ​មាន​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​អាច​ទុក​ចិត្ត​បាន​និង​មាន​សុវត្ថិភាព​សម្រាប់​ការ​រក្សា​ទុក និង​គ្រប់គ្រង​ទិន្នន័យ កាន់​តែ​មាន​សារៈសំខាន់​ជាង​ពេលណាៗ​ទាំងអស់។

ក្នុង​ន័យ​នេះ​លោក​ថ្លែង​ថា ៖«ខ្ញុំមាន​មោទនភាព​ជាខ្លាំង ដែល​ប្រកាស​ថា ក្រុមហ៊ុន ByteDC របស់​យើង​ខ្ញុំ គឺជា​មជ្ឈមណ្ឌល​ទិន្នន័យ​ដំបូងគេ​បង្អស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ទទួល​បាន​វិញ្ញាបនបត្រ Uptime Design Tier III។ វាគឺជា​សក្ខីភាព​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​យើង ក្នុង​ការ​បន្ត​ស្ថិត​នៅ​ជួរ​មុខ​ជានិច្ច ក្នុង​ការ​ផ្តល់​នូវ​បទដ្ឋាន​គុណភាព​ខ្ពស់​នៃ​សេវាកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ​របស់​យើង»។

តប​ទៅ​នឹង​ការ​លើក​ឡើង​ពី​បេសកកម្ម​របស់ BYTEDC Solutions នៅ​កម្ពុជា​នា​ពេល​នេះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត បាន​ថ្លែង​អបអរសាទរ និង​កោត​សរសើរ​ចំពោះ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំង​អស់​នៃ​ក្រុមហ៊ុន BYTEDC Solutions ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​រហូត​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​សំខាន់​នេះ ដែល​ជា​ការ​បើក​ដំណើរការ​នៃ​ការ​ផ្តល់​សេវាកម្ម ឌីជីថល និង សេវាកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center) ឈាន​មុខគេ​មួយ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​នឹង​វិញ្ញាបនបត្រ Uptime Design Tier III។
ឯកឧត្តម​បាន​បន្ត​ថា សមិទ្ធផល​នេះ ក៏​បាន​ឆ្លុះ​បញ្ចាំង​ផងដែរ​អំពី​ការ​រីក​ចម្រើន​ជឿនលឿន​ផ្នែក​សង្គម-សេដ្ឋកិច្ច​កម្ពុជា ដែល​មាន​ភាព​ទំនើប និង​ទាន់​សម័យ ក៏​ដូចជា អំពី​ភាព​រួចរាល់​របស់​កម្ពុជា​​​ក្នុង​ការ​ចាប់​យក​បច្ចេកវិទ្យា​ឌីជីថល និង​បរិវត្តកម្ម​ឌីជីថល សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​លើក​កម្ពស់​​ប្រសិទ្ធ​ភាព និង​ផលិតភាព​សេដ្ឋកិច្ច។

ក្នុង​ន័យ​នេះ ឯកឧត្តម ក៏​បាន​ថ្លែង​អំណរគុណ​ម្ដង​ទៀត​ចំពោះ​ក្រុមហ៊ុន BYTEDC Solutions ដែល​មាន​ទំនុក​ចិត្ត​លើ​សក្តានុពល​នៃ​សេដ្ឋកិច្ច​កម្ពុជា​និង​បាន​ប្តេជ្ញា​ចិត្ត​ចូលរួម​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឌីជីថល​ក្នុង​របត់​នៃ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​រឹងមាំ​នៅ​ក្នុង​យុគសម័យ​ឌីជីថល។ ពិតណាស់ ទន្ទឹម​នឹង​ការ​ប្រែប្រួល​នៃ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​របស់​កម្ពុជា និង ការ​ធ្វើ​ពិពិធកម្ម​ទាំង​នៅ​ក្នុង​វិស័យ​កសិកម្ម​ ឧស្សាហកម្ម ​ទេសចរណ៍ សំណង់ និង ហិរញ្ញ​វត្ថុ រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ជា​ប្រមុខ​ក៏​បាន​និង​កំពុង​យក​ចិត្តទុក​ដាក់ខ្ពស់​លើ​វិស័យ​ឌីជីថល​ ដើម្បី​បង្កើត​ឱ្យ​មាន​នូវ​ចន្ទល់​កំណើន​ថ្មី​មួយ​បន្ថែម​ទៀត​ក៏​ដូចជា​ ដើម្បី​គាំទ្រ​ដល់​ការ​ធ្វើ​បរិវត្តកម្ម​ឌីជីថល​​ក្នុង​វិស័យ​ដទៃ​ផ្សេង​ទៀត​ឱ្យ​កាន់​តែ​ទំនើប​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ផលិតភាព​កាន់​តែ​ខ្ពស់។

ក្រុមហ៊ុន BYTEDC Solutions មាន​ទីតាំង​នៅ​តំបន់​បឹងកក់​ជិត អេឌិនហ្គាឌិន ស្ថិត​ក្នុង​អគារ​ដ៏​ធំ​ស្កឹមស្កៃ​ក្រោម​ទុន​និយោគ​រាប់រយលាន​ដុល្លារ​អាមេរិក។ នៅ​ទី​នោះ ត្រូវ​បានរៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​​ដើម្បី​ធានា​សុវត្ថិភាព​ល្អ​ឥតខ្ចោះ ជាមួយ​ការ​តម្លើង និង​ការ​គ្រប់គ្រង​ឧបករណ៍ IT មាន​ភាពងាយ​ស្រួល ប៉ុន្តែ​មានភាព​គួរឱ្យ​ទុក​ចិត្ត។ ប្រព័ន្ធ​រក្សា​ភាព​ត្រជាក់ និង​លំហូរ​ខ្យល់​ប្រកប​ដោយ​ប្រសិទ្ធភាព ក៏​ត្រូវ​បាន​ធានា​ផងដែរ ដែល​ជា​ហេតុធ្វើ​ឱ្យ​ការ​ថែទាំ និង​ការ​កែ​លម្អ មិន​ជួប​ប្រទះ​ការ​លំបាក។

BYTEDC ក៏​ផ្ដល់​ផង​ដែរ​នូវ​សេវាកម្ម​ជួល​ទីតាំង​ផង ដោយ​ផ្តល់​ជូន​ដល់​ធុរកិច្ច​នានា​នូវ​ទីធ្លា ការ​ផ្គត់ផ្គង់​ថាមពល និង​បច្ចេក​វិទ្យា​ម៉ាស៊ីន​ត្រជាក់ ដើម្បី​រៀបចំ​ដំណើរការ​ឧបករណ៍ IT ផ្ទាល់​ខ្លួន​របស់​ពួកគេ និង​ស្រប​ពេល​ជាមួយគ្នា​នោះ ក៏​នៅតែ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​ឌីជីថល​បច្ចេកវិទ្យា​ចុងក្រោយ​របស់​យើង​ផងដែរ ពោល​គឺ​បច្ចេក​វិទ្យា​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​កម្រិត Uptime Design Tier III ក្នុង​តម្លៃ​សមរម្យ។ ByteDC ក្នុង​នាម​ជា​មជ្ឈមណ្ឌល​រក្សា​ទិន្នន័យ​អព្យាក្រឹត នឹង​ផ្តល់ឱ្យ​អតិថិជន​នូវ​ជម្រើស និង​ភាព​បត់បែន​ជាច្រើន ដែល​នាំ​ឱ្យ​សមត្ថភាព​បំពេញ​ការងារ​កាន់តែ​ប្រសើរ​ជាងមុន កាត់​បន្ថយ​ការ​ចំណាយ និង​បង្កើន​ភាព​ជឿជាក់៕