The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - អគ្គនាយកដ្ឋាន​ពន្ធដា​រ ចុះ​អប់រំ ណែនាំ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី មុន​អនុវត្ត​ការផាកពិន័យ​និង​ទោសទណ្ឌ​ផ្សេងៗ​ស្របតាម​ច្បាប់​ជា​ធរមាន

អគ្គនាយកដ្ឋាន​ពន្ធដា​រ ចុះ​អប់រំ ណែនាំ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី មុន​អនុវត្ត​ការផាកពិន័យ​និង​ទោសទណ្ឌ​ផ្សេងៗ​ស្របតាម​ច្បាប់​ជា​ធរមាន

លោក​បណ្ឌិត អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ និង ជា​អនុប្រធាន​ក្រុមការងារ​ចម្រុះ​ដើម្បី​ត្រួតពិនិត្យ​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី (​ក្រុមការងារ​ចម្រុះ​តែមប្រិ៍​) របស់​អគ្គនាយកដ្ឋាន​ពន្ធដារ (​អ​ពដ​) និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ កម្ពុជា (​អគរ​) តំណាង​របស់​បណ្ឌិត ម៉ិ​ញ បាន​កុសល អគ្គនាយករង​នៃ​អ​ពដ និង​ជា​សហ ប្រធាន ក្រុម ការងារ និង​លោក ហ៊ុល ប៊ុន​ថា អនុប្រធាននាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អគរ និង ជា​អនុប្រធាន​ក្រុមការងារ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក កើត សុធា​រ៉ា អគ្គនាយករង នៃ​អគរ និងជាសហប្រធាន​ក្រុមការងារ នៅ​ថ្ងៃទី ​១៩ ខែឧសភា ឆ្នាំ ​២០២៣ បាន​ដឹកនាំ​អនុ​ក្រុមការងារ​ចម្រុះ​ទី​១ ចុះ​អប់រំ ណែនាំ និង​ចែក​ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​អំពី​ការអនុវត្ត​កាតព្វកិច្ច បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី សម្រាប់ បារី ដល់​អាជីវករ​នៅតាម​បណ្តា​ទីផ្សារ ផ្សារ​ទំនើប អ្នក​ចែកចាយ អ្នក​លក់ដុំ និង​អ្នក​លក់រាយ​បារី មួយ ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​។​

​ទន្ទឹមនឹង​ការចុះ​ផ្សព្វផ្សាយ​នៅ​រាជធានី​ភ្នំពេញ អនុ​ក្រុមការងារ​ចម្រុះ​តែមប្រិ៍​ផ្សេងៗ​ទៀត ក៏បាន និង កំពុង​ចុះ​បំពេញការងារ​ដូចគ្នា​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដូចជា​៖ ខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និង​ខេត្តសៀមរាប ផងដែរ​។​

​ក្នុង​ការចុះ​បំពេញការងារ​នោះ ក្រុមការងារ​បាន​ជម្រាបជូន​ដល់​បណ្តា​អាជីវករ​ទាំងអស់​ថា ការលក់​បារី ឬ​ផលិតផល​ថ្នាំជក់​ដែល​មិនមាន​បិទ​តែមប្រិ៍​អាករ​ត្រឹមត្រូវ គឺជា​អំពើ​ខុសច្បាប់ ដោយ​បារី​ទាំងនោះ នឹងត្រូវ​រឹបអូស ហើយ​ម្ចាស់​បារី​នឹង​ទទួលរង​នូវ​ការផាកពិន័យ​ជា​ប្រាក់ រួម​និង​ទោស ទណ្ឌ​ផ្សេងៗ ទៀត ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ក្នុងន័យនេះ ក្រុមការងារ​បាន​ណែនាំ​ដល់​អាជីវករ​ទាំងនោះ​ឱ្យ​បញ្ឈប់​ការទិញ និង​លក់​បារី​ដែល មិនមាន​បិទ​តែមប្រិ៍​អាករ​ត្រឹមត្រូវ ដើម្បី​ចៀសវាង​ការខាតបង់​ផលប្រយោជន៍ ឬ​រង​នូវ​ទោសទណ្ឌ​ផ្សេងៗ ព្រមទាំង​បានស្នើ​សុំ​កិច្ចសហការ​ពី​អាជីវករ​ទាំងនោះ ឱ្យ​ផ្តល់ព័ត៌មាន​របស់​អ្នកផ្គត់ផ្គង់ បារី ដែល​មិនមាន បិទ​តែមប្រិ៍​អាករ​ត្រឹមត្រូវ​ដល់​ក្រុមការងារ ដើម្បី​មាន​វិធាន​ការបន្ត ដោយបាន​សន្យា​ផ្តល់រ​ង្វាន់ និង រក្សា​ការសម្ងាត់​ជូន​ផងដែរ​។​

​ជាមួយគ្នានេះ ក្រុមការងារ​ក៏បាន​បញ្ជាក់ជូន​ដល់​អាជីវករ​ទាំងនោះ​ឱ្យបាន​ជ្រាប​ផងដែរ​ថា ការចុះ​ផ្សព្វផ្សាយ និង​អប់រំ​ណែនាំ​លើក​នេះ គឺជា​វិធានការ​ទន់ភ្លន់​លើកចុងក្រោយ បន្ទាប់ពី​ក្រុមការងារ បាន​ចុះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ​ ២០១៩ និង​បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​កាលពី​ខែមីនា ឆ្នាំ​ ២០២៣ កន្លងទៅ ហើយ​វិធានការ​បន្ទាប់ គឺជា​ការអនុវត្ត​ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន គតិយុត្ត​ជា​ធរមាន​ដែលមាន​ជាអាទិ៍ ការ​រឹបអូស​បារី​ដែល​មិនមាន​បិទ​តែមប្រិ៍​អាករ​ត្រឹមត្រូវ ការ​ផាក ពិន័យ និង​ការ​ប្តឹងទៅ​តុលាការ​ជាដើម ដែល​វិធានការ​នេះ​នឹង​ចាប់​អនុវត្ត​នាពេល​ឆាប់ៗ​ខាងមុខ ដោយ មិនមាន​ការពន្យារពេល​ទៀតឡើយ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ក្រុមការងារ​ចម្រុះ​ដើម្បី​ត្រួតពិនិត្យ​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី​សម្រាប់​បារី សូម​អំពាវនាវ​ដល់​លោក​-​លោកស្រី​ជា​ម្ចាស់​សហគ្រាស​ផលិត ឬ​នាំចូល អ្នក​ចែកចាយ អ្នក​លក់ដុំ និង​អ្នក​លក់រាយ​បារី​ទាំងអស់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បញ្ឈប់​ទាំងស្រុង​នូវ​ការផលិត នាំចូល ចែកចាយ ឬ​លក់​បារី​ដែល​មិនមាន​បិទ​តែមប្រិ៍​អាករ​ប្រភេទ​ថ្មី ឬ​បិទ​តែមប្រិ៍​អាករ​ក្លែងក្លាយ ឬ​តែមប្រិ៍​អាករ​ដែល​ប្រើប្រាស់​រួច ដោយ​ត្រូវ​ចូលរួម​អនុវត្ត​កាតព្វកិច្ច​បិទ​តែមប្រិ៍​អាករ ប្រភេទ​ថ្មី សម្រាប់ បារី​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់ បើ​ពុំ​នោះទេ​នឹងត្រូវ​ទទួលរង​នូវ​ទោសទណ្ឌ ផ្សេងៗ ស្របតាម​ច្បាប់​ជា​ធរមាន​៕