ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពរវាងជប៉ុន និងកម្ពុជា ស្ថានទូតជប៉ុន កាលពីថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ បានរៀបចំការប្រគំតន្រ្តីអូខេស្ត្រាខួប ៧០ ឆ្នាំ នៃមិត្តភាពជប៉ុន និងកម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន (CJCC)។ ការប្រគំតន្រ្តីនេះទទទួលបានការចូលរួមជាអធិបតីភាពពីវត្តមានលោកជំទាវ ឃួន សុដារី ប្រធានរដ្ឋសភា, ឯកអគ្គរាជទូតជប៉ុន អ៊ូ អ៊ិណុ អាត់ស៊ូស៊ី រួមទាំងថ្នាក់ដឹកនាំ និងវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
នៅក្នុងពិធីបើកការប្រគំតន្ត្រីអូខេស្ត្រានោះ ឯកឧត្ដម អ៊ីណូ អាត់សូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖ «ឆ្នាំនេះ គឺជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៧០ ក្នុងការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា។ រយៈពេល ៧០ ឆ្នាំមកនេះ ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំង ២ បានអភិវឌ្ឍក្រោមការជឿទុកចិត្តគ្នាទៅវិញទៅមក តាមរយៈកិច្ចសហប្រតិបត្តិការក្នុងដំណើរការស្វែងរកសន្តិភាព ការកសាងឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។
ឯកឧត្ដម អ៊ីណូ អាត់សូស៊ី មានប្រសាសន៍បន្ថែមថា៖ «ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការអញ្ជើញវង់តន្ត្រីជប៉ុន Worldship Orchestra (WSO) មកកាន់ប្រទេសកម្ពុជា ដើម្បីអបអរសាទរខួបលើកទី៧០ ឆ្នាំ រវាងប្រទេសទាំង ២»។
សូមបញ្ជាក់ថា ការប្រគំតន្រ្តីអូខេស្ត្រាខួប ៧០ ឆ្នាំនៃមិត្តភាពជប៉ុន និងកម្ពុជា នឹងធ្វើឡើងនៅ ៣ ទីតាំងផ្សេងគ្នា ដោយលើកទី១ ធ្វើឡើងនៅថ្ងៃទី ១២ ខែកញ្ញា នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-ជប៉ុន (CJCC)។ លើកទី២ ធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា នៅផ្សារទំនើបអ៊ីអនសែនសុខស៊ីធី និងលើកទី៣ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី ១៧ ខែកញ្ញា នៅផ្សារទំនើបអ៊ីអនមានជ័យ៕