ហ្វតតេ ក្រុមហ៊ុនធានារ៉ាប់រងទូទៅធំជាងគេបំផុត និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដែលមាន ការអភិវឌ្ឍលឿនជាងគេក្នុងប្រទេសកម្ពុជា ជាមួយក្រុមហ៊ុន China Huadian Group កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការចុះកិច្ចសហប្រតិបត្តិការព្រមព្រៀងជាយុទ្ធសាស្ត្រជាមួយគ្នា នៅសណ្ឋាគាររ៉ូសវូដ ភ្នំពេញ ក្រោមការចូលរួមជាអធិបតីភាពពី លោក យក់ ចំរើនឫទ្ធិ ប្រធាន អគ្គនាយកប្រតិបត្តិ ហ្វតតេ គ្រុប និងលោក Zhao Yanlin ប្រធានក្រុមប្រឹក្សាភិបាលនៃ Huaxin Insurance Brokers ព្រមទាំងគណៈគ្រប់គ្រងទាំងទ្វេរភាគី និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្រុមហ៊ុន Huaxin Insurance Brokers មានទីស្នាក់ការកណ្តាលនៅទីក្រុងប៉េកាំង និងជាក្រុមហ៊ុនធានារ៉ាប់រងដែលមានវិជ្ជាជីវៈតែមួយគត់ ដែលបម្រើសេវាធានារ៉ាប់រង ជូនរាប់រយក្រុមហ៊ុនរបស់ Huadian Group (ក្រុមហ៊ុនផលិតថាមពលរដ្ឋដ៏ធំបំផុតមួយរបស់ប្រទេសចិន)។
ពិធីចុះកិច្ចព្រមព្រៀងនេះ គឺជាការបង្ហាញឱ្យឃើញពីភាពរីកចម្រើននៃការកសាងទំនាក់ទំនងដ៏ជិតស្និត ទំនុកចិត្ត និងអត្ថប្រយោជន៍របស់ទ្វេរភាគី រវាងក្រុមហ៊ុន ហ្វតតេ និង ក្រុមហ៊ុន Huaxin Insurance Brokers ដែលមានជាងមួយទស្សវត្សមកនេះ។
កន្លងមក ហ្វតតេ បានសហការជាមួយក្រុមហ៊ុន Huaxin លើការផ្តល់ការការពារទៅលើគម្រោងផលិតថាមពលសំខាន់ៗដូចជា ការអភិវឌ្ឍទំនប់វារីអគ្គិសនីធំបំផុតក្នុងប្រទេស (គម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម និងស្ថានីយ៍ថាមពលខេត្តព្រះសីហនុ ដែលបានរួមចំណែកសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាយ៉ាងច្រើនបំផុត។
លោក យក់ ចំរើនឫទ្ធិ បានមានប្រសាសន៍ថា ៖«យើងមានការប្តេជ្ញាបន្តសហការ និងកសាងទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុន Huaxin Insurance Brokers។ យើងក៏មានការជឿជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់នូវលទ្ធផលដ៏គាប់ប្រសើរ និងអត្ថប្រយោជន៍ជូនដល់ក្រុមហ៊ុនយើងទាំង២ ក៏ដូចជាសហគមន៍ទាំងមូល»។
លោក Zhao Yanlin ក៏មានប្រសាសន៍ផងដែរថា ៖«នេះគឺជាឆ្នាំទី១០ នៃកិច្ចសហប្រតិបត្តិការរបស់ពួកយើង។ ជាមួយនឹងការខិតខំប្រឹងប្រែង គម្រោង Huadian Group ក្នុងប្រទេសកម្ពុជាទទួលបានការធានារ៉ាប់រងដ៏ទូលំទូលាយ សម្រាប់រយះពេលជាច្រើនឆ្នាំ។ ការចុះកិច្ចព្រមព្រៀងនេះ នឹងរឹតចំណងទំនាក់ទំនង ទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃការផ្គត់ផ្គង់ថាមពលនៅទីនេះ ក៏ដូចជារួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា»៕
អំពីហ្វតតេ
ហ្វតតេគឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយ ចក្ខុវិស័យ ផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើងបុគ្គលម្នាក់ អាជីវកម្មមួយក្នុងពេលតែមួយ។
បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩៩, ហ្វតតេនៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតការកសាងសមត្ថភាពជូននិយោជិក និងរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ផ្តល់ជូនទាំងសេវាធានារ៉ាប់រងទូទៅនិងសេវាធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តមួយក្នុងចំណោមក្រុមហ៊ុនធានារ៉ាប់រងផ្សេងៗទៀត។
ហ្វតតេក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត រង្វាន់ នូវរាល់ស្នាដៃបុគ្គលិករបស់យើង និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូប ឱ្យអភិវឌ្ឍន៍អាជីពការងារ តាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។
ថ្មីៗនេះ ហ្វតតេ ត្រូវបានដំឡើងចំណាត់ថ្នាក់ស្ថានភាពហិរញ្ញវត្ថុAA+ ពី Global Credit Rating (GCR) និងពានរង្វាន់ក្រុមហ៊ុនបរិយាប័ន្នល្អជាងគេបំផុតក្នុងប្រទេសកម្ពុជា ដោយអាស៊ាន ដែលនេះបង្ហាញឱ្យឃើញពីភាពរឹងមាំនៃហិរញ្ញវត្ថុ និងកិត្តិនាមដ៏ល្បីល្បាញនៅក្នុងតំបន់៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ: www.forteinsurance.com