អបអរសាទរខួបលើកទី១០ របស់ខ្លួន សមាគម Shanty Town Spirit Association បានរៀបចំកម្មវិធីថ្លែងអំណរគុណ (Thank You) នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ ភ្នំពេញ នាថ្ងៃទី ៧ ខែធ្នូ ដើម្បីសម្តែងការដឹងគុណដល់អ្នកសប្បុរសជន និងការ ប្តេជ្ញាចិត្តគាំទ្របេសកកម្មសប្បុរសធម៌អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ។
កម្មវិធីនារាត្រីនោះក៏មានការសម្ដែងរបាំព្រះរាជទ្រព្យកម្ពុជា និងសិល្បៈសហសម័យក្រោមវត្តមានរបស់ព្រះនាង នរោត្តម ជេនណា ព្រមទាំងការប្រគំតន្ត្រីបស្ចិមប្រទេសផងដែរ។
ស្ថាបនិកសមាគម ព្រះនាង Ermine Norodom បានសម្ដែងក្ដីរីករាយ និងការ ដឹងគុណដ៏ធំធេងដល់អ្នកឧបត្ថម្ភគាំទ្រក្នុងរយៈពេលជាងទសវត្សរ៍កន្លងមក។
ព្រះនាងបានរំឭកប្រាប់ថា៖ «កាលពី ១០ ឆ្នាំមុន ស្វាមីខ្ញុំនិងខ្ញុំបានបង្កើតសមាគម Shanty Town Spirit ដើម្បីធានាថាយើងមិនត្រឹមតែអាចជួយអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ប៉ុណ្ណោះទេ ថែមទាំងអាចផ្តល់ជំនួយ ដល់អ្នកទីទ័លក្រខ្វះខាតផងដែរ»។
ព្រះនាង Ermine បានបន្តថា ៖«យើងជឿជាក់យ៉ាងមុតមាំថា មនុស្សគ្រប់រូបមិនថាមានអាយុ ឋានៈ ឬទ្រព្យសម្បត្តិកម្រិតណាតែ គួរតែមានលទ្ធភាពទទួលបានតម្រូវការជាមូលដ្ឋាន»។
កម្មវិធីថ្លែងអំណរគុណសប្បុរសជន ស្របនឹងការប្រារព្ធខួប ១០ ឆ្នាំនៃសមាគមនេះ ត្រូវបានចូលរួមដោយភ្ញៀវជាង ២០០នាក់ ដែលនាំគ្នាមកអបអរសាទរដល់ការឈានចូលដល់ដំណាក់កាលដ៏សំខាន់មួយក្រោយបំពេញបេសកកម្មជាងមួយទសវត្សរ៍។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងភាពជាដៃគូជាមួយអ្នកគាំទ្រធំៗ ដូចជា Edan Group, Halys, Legend Cinema, Pernod Ricard, Raffles Hotel Le Royal, Urban Village និង SinnC Creative Solutions ព្រមទាំងកាសែត ភ្នំពេញ ប៉ុស្ដិ៍ ជាដៃគូផ្សព្វផ្សាយផងដែរ។
សមាគម Shanty Town Spirit ត្រូវបានបង្កើតឡើងដោយព្រះនាង Ermine និងព្រះអង្គម្ចាស់នរោត្តម ណារិទ្ធិពង្ស ក្នុងឆ្នាំ ២០១៣ ដើម្បីជួយសហគមន៍ក្រីក្របំផុតក្នុងរាជធានីភ្នំពេញ។
ដោយចាប់ផ្តើមពីការជួយក្មេង ២ នាក់ នៅតំបន់អនាធិបតេយ្យក្នុងតំបន់បឹងត្របែកក្នុងរាជធានី ពេលនេះ Shanty Town Spirit បានផ្តល់ជំនួយលើកកម្ពស់សុខភាព អនាម័យ ការអប់រំ និងតម្រូវការពិសេស ក៏ដូចជាសកម្មភាពកម្សាន្តដល់មនុស្សជាច្រើនគ្រួសារ។
ជាមួយនឹងក្រមសីលធម៌នៃ «វិញ្ញាណតែមួយ បេះដូងតែមួយ សហគមន៍មួយ» សមាគមបានរីកចម្រើននិងបានធ្វើកិច្ចការជួយសហគមន៍រហូតដល់ជាង ៣០០នាក់ ដោយផ្ដល់មធ្យោបាយ និងឱកាសជាមូលដ្ឋានដែលពួកគេស័ក្ដិសមនឹងទទួលបាន។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបេស-កកម្មមនុស្សធម៌របស់សមាគម Shanty Town Spirit សូមធ្វើការទាក់ទងតាមរយៈអ៊ីមែល shantytownspirit@gmail.com៕